ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ឱ្យមេធាវីដកបណ្តឹងលើ លោក ជា ប៉ូច ក្រោយទទួលលិខិតសុំទោស
23, Apr 2024 , 10:12 pm        
រូបភាព
សម្តេច ហ៊ុន សែន បានឱ្យមេធាវីដកពាក្យបណ្តឹង លើលោក ជា ប៉ូច ក្រោយ ទទួលបានលិខិតសុំទោសជាថ្មី ពីអតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។

 
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកដូច្នេះ ៖«ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំ សូមទទួលយកការសុំអភ័យទោស  របស់លោក។ ខ្ញុំនឹងឲ្យ មេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។

ក្រៅពីទទួលយកការសុំទោស  សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា នឹងបន្តប្រើប្រាស់ច្បាប់ចាត់ការលើក្រុមណា ឬបុគ្គលណា ដែលជេរប្រមាថ មួល បង្កាច់ខ្លួន ឬលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានការលើកលែងនោះទេ។
 
សូមជម្រាបថា នៅក្នុងលិខិតសុំទោស លោក ជា ប៉ូច បានបង្ហាញការសោកស្តាយ ចំពោះសកម្មភាព និងការប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់ សម្តេច ហ៊ុន សែន។ មិនតែប៉ុណ្ណោះអតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានបង្ហាញបំណងវិលត្រឡប់មកកម្ពុជាវិញផងដែរ។

លោក ជា ប៉ូច បានបញ្ចប់សំណេរនៅក្នុងលិខិតរបស់ខ្លួនដូច្នេះ៖ «សូមផ្តល់ឱកាសឱ្យរូបខ្ញុំបាទ បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចតេជោ»៕   
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com