ជាតិ
រដ្ឋ បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក និងងាយរងគ្រោះ អំឡុង​​កូវីដ-១៩
27, Apr 2024 , 3:57 pm        
រូបភាព
ពលរដ្ឋដែលមានបណ្ណក្រីក្រទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលនាពេលកន្លងមក។ រូបពី ក្រសួងសង្គមកិច្ច
ពលរដ្ឋដែលមានបណ្ណក្រីក្រទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលនាពេលកន្លងមក។ រូបពី ក្រសួងសង្គមកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក និង​ងា​យ​រង​គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤​។ កម្ម​វិធី​នេះ ត្រូវបានបិទបញ្ចប់ក្រោយដំណើរការជិត​​៤ឆ្នាំ​​ ពោលគឺចាប់ផ្តើម​ពីថ្ងៃទី២៥មិថុនា ឆ្នាំ​២០២០មក និងបានបើកប្រាក់ឧបត្ថម្ភ​ចំនួន១៦ជុំ មាន៤៦លើក។

 
យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច ចាប់តាំងពីខែមិថុនាឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២៤ រដ្ឋចំណាយថវិកាប្រមាណ ១៣៤១.៩៨លានដុល្លារ សម្រាប់កការបើកប្រាក់ ឧបត្ថម្ភដល់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ ដោយសារកូវីដ-១៩។
 ​​
​ក្នុងសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម ចុះថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ បាន បញ្ជាក់ថា ការបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដោយរដ្ឋាភិបាលមើលឃើញ ចរន្ត​សេដ្ឋកិច្ចបានដំណើរការឡើងវិញ ហើយស្ថានភាពជំងឺកូវីដ-១៩ ក៏ធូរស្រាល។ 
 
យ៉ាងណាក៏ដោយ ដើម្បីបង្កលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី មូលនិធិជាតិ ជំនួយសង្គម បន្តទទួលបណ្ដឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹង​​កម្មវិធីឧបត្ថម្ភសាច់ ប្រាក់នេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
 
ទន្ទឹមនឹងនេះ មូលនិធិជាតិជំនួយសង្គម បានអំពាវនាវដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ
ដែល​​មានបណ្ណសមធម៌ រួសរាន់​ដកប្រាក់ឧបត្ថម្ភចុងក្រោយ​ ចេញ​ពី​គណនី​របស់ខ្លួន​​ឱ្យ​បាន​ឆាប់រហ័ស។ ចំណែក គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌មាន​សុពល ភាព និងគ្រួសារក្រី ដែលទើបទទួលបានបណ្ណ​សមធម៌ថ្មី ត្រូវទៅចុះឈ្មោះនៅសាលាឃុំ ឬសង្កាត់ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់បន្ត ពីកម្មវិធីជាតិជំនួយសង្គម ជា​កញ្ចប់គ្រួសារ៕
 
 

Tag:
 សង្គម
  ឧបត្ថម្ភសាច់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com