ជាតិ
សម្ដេច ហ៊ុន មាណែត រំលែកទុក្ខគ្រួសារសព ក្នុងហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ
27, Apr 2024 , 8:36 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច Hun Manet
រូបពីហ្វេសប៊ុកសម្ដេច Hun Manet
ភ្នំពេញ៖ ក្រោយដឹងហេតុការ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារយោធិនពលី និងសម្ដែងសមានទុក្ខ សោកស្ដាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនោះ។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា យោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀត បានរងរបួស។ 
 
សម្ដេចបន្ថែម៖«ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយ ចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ» ។ 
 
សម្ដេចបានបញ្ជាក់បន្ថែមថា សម្ដេចបានផ្តល់ការណែនាំដល់លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់ រៀបចំពិធីបុណ្យសពជូនយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសម នឹងការពលិកម្មរបស់ពួកគាត់ ចំពោះជាតិនិងមាតុភូមិ។ 
 
«ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ»។ នេះជាការបន្ថែមរបស់សម្ដេច។
 
នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់ការឧបត្ថម្ភជាថវិកា ជូនគ្រួសារយោធិនពលី ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព។ ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ៕
 

Tag:
 នាយករដ្ឋមន្ត្រី
  ផ្ទុះគ្រាប់
  កំពង់ស្ពឺ
  ឧបទ្ទវហេតុ
  រងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com