ជាតិ
រាជរដ្ឋាភិបាល ណែនាំឱ្យអ្នកពាក់ព័ន្ធប្រារព្ធ​ទិវាពលកម្មអន្តរជាតិ ដោយបង្ហាញពីសុខដុមការងារនៅកម្ពុជា
28, Apr 2024 , 7:59 am        
រូបភាព
ដោយៈ ញ៉ សុខហឿន 
ខួប​អនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤នៅកម្ពុជា នឹងត្រូវប្រារព្ធឡើង​ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ នៅក្នុងឱកាសនេះ រាជរដ្ឋាភិបាល​ណែនាំឱ្យភាគី ពាក់ព័ន្ធប្រារព្ធទិវានេះ ដោយ​បង្ហាញឱ្យ​ឃើញពី​ភាពប្រសើរឡើងនៃសិទ្ធិសេរីភាពកម្មករ និយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ​ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ។ នេះជាខ្លឹមសារសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥មេសា។

ដើម្បីឱ្យ​ទិវា​ពលកម្មអន្តរជាតិ ១ ឧសភា ដែលកម្ពុជាបានប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩មកនេះ ​ប្រព្រឹត្ត​ទៅបានល្អ​ ​រាជរដ្ឋាភិបាល​ណែនាំឱ្យក្រសួងការងារ រៀបចំប្រារព្ធ​ទិវានេះនៅកម្រិតថ្នាក់ជាតិ ដោយ​សហការជាមួយ​ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ​និងត្រូវមានការចូលរួមពី​កម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។
 
ចំណែកក្រសួងព័ត៌មាន ត្រូវជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន និងបណ្តាញសារព័ត៌មាន​សង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច​ជាសកម្មភាពនានារបស់កម្មករនិយោជិត។  ក្រៅពីនេះសារាចរណ៍របស់រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់សហគ្រាស គ្រឹះស្ថាន ចងបដាពាក្យស្លោកផ្សព្វផ្សាយប្រធានបទនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ និងបដានានាដែលពាក់ព័ន្ធនឹងការជំរុញឱ្យគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ​ធានាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅសហគ្រាស គ្រឹះស្ថាន ក៏ត្រូវរៀបចំឱ្យកម្មវិធីកម្សាន្តទៅតាមលទ្ធភាព សម្រាប់កម្មករ និយោជិកផងដែរ ដើម្បីអបអរ​ទិវាពលកម្មអន្តរជាតិ។
ក្រសួងមហាផ្ទៃ ​នគរបាលជាតិ ​កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ​ធានារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋនៅក្នុងឱកាសនេះដែរ។ នេះបើតាមសារាចរណ៍ណែនាំដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com