ជាតិ
ស្នងការនគរបាលខេត្តកំពត ត្រៀមទឹកចែកជូនពលរដ្ឋ នៅតំបន់ខ្វះខាតទឹក
29, Apr 2024 , 9:39 am        
រូបភាព
រូបពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត
រូបពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត
ភ្នំពេញ៖ ស្របពេលអាកាសធាតុ ឡើងកម្ដៅខ្លាំង ព្រែកបឹងបួនៅតំបន់មួយចំនួន នៃខេត្តកំពត បានរីងទឹកអស់។ ស្នងការនគរបាលខេត្តកំពត បានត្រៀមឡានទឹក ដើម្បីដឹកទឹកទៅជូនពលរដ្ឋ ដែលនៅតំបន់ខ្វះខាតទឹកប្រើប្រាស់ទាំងនោះ។



លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកមិនទាន់ទទួលបានព័ត៌មាន ពីការខ្វះខាតទឹក របស់ពលរដ្ឋដែលរស់នៅ ក្នុងក្រុងស្រុកទាំង៩ឡើយ។ ប៉ុន្តែអ្វីដែលលោកបានទទួលព័ត៌មាន គឺពាក់ព័ន្ធនឹងត្រពាំងបឹងបួរបានរីងទឹក។ ស្របពេលអាការធាតុក្ដៅខ្លាំងផង លោក ច័ន្ទមធុរិទ្ធ បារម្ភថា ប្រជាពលរដ្ឋអាចប្រឈមការខ្វះខាតទឹក ទើបបានជាលោកត្រៀមឡានទឹកទុកជាមុន។
  
រូបពីហ្វេសប៊ុក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានណែនាំទៅអធិការស្រុកទាំង៦ ដែលមានស្រុកដងទង់ ស្រុកជុំគិរី ស្រុកឈូក ស្រុងអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ត្រៀមឡានទឹក ដើម្បី យកទឹកទៅចែកជូនពលរដ្ឋ ក្នុងករណីពួកគេត្រូវការ។ ដោយឡែកក្រុងបូកគោ ក្រុងកំពត និងស្រុកទឹកឈូ មិនមានឡានទឹកឡើយ។ ក្នុងករណីក្រុងស្រុកទាំង៣ ត្រូវការទឹក ឬមានអគ្គិភ័យ នោះនឹងបញ្ជូនឡានទឹក ពីស្នងការដ្ឋានទៅអន្តរាគមន៍។
 
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ជូនដំណឹងអំពីការត្រៀមឡានទឹកនេះ ដើម្បីឱ្យប្រជាជនតាមភូមិឃុំបានដឹង ក្នុងករណីទឹកក្នុងបឹងបួរីង ពួកគេអាចប្រមូលផ្ដុំក្នុងតំបន់ណាមួយ ដើម្បីទៅទទួលទឹក យកទៅប្រើប្រាស់។ «នៅថ្ងៃទី២៩នេះ ខ្ញុំនឹងឱ្យរថយន្តពន្លត់អគ្គិភ័យ យកទឹកទៅចែកជូនប្រជាជន នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយសារមានការស្នើសុំពីចៅសង្កាត់។ ដូច្នេះ យើងនឹងចុះទៅក្រុងបូកគោមុន»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ស្នងការខេត្តកំពត។
 
លោក ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា ឆ្នាំកន្លងៗទៅអាកាសធាតុនៅខេត្តកំពត ហាក់ដូចជាមិនក្ដៅខ្លាំង ដូចឆ្នាំនេះឡើយ៕

Tag:
 ខេត្តកំពត
  ទឹក
 ​ អាកាសធាតុ
  ក្ដៅ
  ពលរដ្ឋ
  ឡានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com