កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Man City ដេញគ្នាស្អិត ខណៈ Liverpool ឆ្ងាយឱកាសប្រជែងពាន
29, Apr 2024 , 1:59 pm        
រូបភាព
Arsenal​ និងម្ចាស់ការពារជើងឯក Manchester City រកបាន៣ពិន្ទុរៀងខ្លួន និងបន្តប្រដេញគ្នាប្រកិត ក្នុងការប្រជែងជើងឯក Premier League រដូវកាល ២០២៣-២៤។ Liverpool ថយឱកាសប្រជែងលីគកំពូលអង់គ្លេស និងបានធ្លាក់ទៅលេខ៣វិញ បន្ទាប់ពីបានត្រឹមស្មើ West Ham United។



Arsenal បន្តរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួន ក្រោយយកឈ្នះ Tottenham Hotspur ៣-២ ក្នុងជំនួបលីគសប្តាហ៍ទី៣៥ ស្របពេល Man City ឡើងទៅឈរលេខ២ ជំនួស Liverpool វិញ តាមរយៈជ័យជម្នះ ២-០ លើក្រុម Nottingham Forest ក្នុងជំនួបសប្តាហ៍ទី៣៤ របស់ពួកគេ។
 
ជ័យជម្នះរៀងខ្លួនរបស់កាំភ្លើងធំ និងមេឃខៀវ បានធ្វើឱក្រុមទាំងពីរ រក្សាការប្រជែងគ្នាប្រកៀកប្រកិត ខណៈហង្សក្រហម ដែលរកបានត្រឹម១ពិន្ទុ ពីជំនួបសប្តាហ៍ទី៣៥ ហាក់ឃ្លាតឱកាសប្រជែងជើងឯកលីគកំពូលបន្តិចទៅហើយ។
 
Arsenal កើន៨០ពិន្ទុ នាំមុខ Man City តែ១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែក្រុមលោក Pep Guardiola នៅសល់១ប្រកួតក្នុងដៃ។ Liverpool ដែលធ្វើមិនបានល្អនៅ២ប្រកួតចុងក្រោយ ចាញ់១ និងស្មើ១ មាន៧៥ពិន្ទុ ពីការប្រកួត៣៥លើក ដូច Arsenal។ ក្នុងចំណោមទាំង៣ក្រុមនេះ ក្រុមការពារតំណែងជើងឯក Man City នៅតែមានប្រៀបជាងគេ ក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេស ដោយសល់៤ប្រកួតក្នុងដៃ ស្របពេល Arsenal និង Liverpool សល់៣ប្រកួត នឹងបញ្ចប់រដូវកាលនេះ។
 
Manchester United អស់ឱកាសប្រជែងកៅអី UEFA Champions League រដូវកាលក្រោយទៅហើយ បន្ទាប់ពីប្រកួតស្មើ Burnley ១-១។ ៣៤ប្រកួត បិសាចក្រហម រកបាន៥៤ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Aston Villa ចំនួន១៣ពិន្ទុ ខណៈក្រុមលោក Erik ten Hag សល់តែ៤ប្រកួតក្នុងដៃ។ មិនត្រឹមតែអស់ការប្រជែងយកលេខ៤ប៉ុណ្ណោះទេ សូម្បីចំណាត់ថ្នាក់ទី៥ ដើម្បីបានកៅអី Europa League សម្រាប់ Man Utd ក៏ពិបាកដែរ។
 
Tottenham Hotspur មាន៦០ពិន្ទុ នាំមុខបិសាចក្រហម​ ៦ពិន្ទុ ហើយមានចំនួនប្រកួតតិចជាងបិសាចក្រហម១លើកថែមទៀត។ ដើម្បីបានកៅអី Europa League រដូវកាលក្រោយ លុះត្រា Man Utd ត្រូវធ្វើយ៉ាងណាដណ្តើមពាន FA Cup ពី Man City ឱ្យខាងតែបាន។
 
សម្រាប់ចំណាត់ថ្នាក់ទី៦ ដែលនឹងត្រូវបានកៅអី Europa Conference League ក្រុម Man Utd ក៏នឹងត្រូវមានការប្រជែងជាមួយ Newcastle United ផងដែរ។ Newcastle ដែលនៅលេខ៧បណ្តោះអាសន្ន តាមពីក្រោយបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com