ជាតិ
បទសម្ភាសន៍
វីដេអូ
សេរីភាពបញ្ចេញមតិ ត្រូវ​គោរពសិទ្ធិអ្នកដទៃ ច្បាប់ និងសីលធម៌
29, Apr 2024 , 2:39 pm        
រូបភាព
ភ្នំពេញ៖ នៅ​ក្នុង​សង្គម​កម្ពុជា ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​សេរីភាពនេះ ​មាន​ដែន​កំណត់។ ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ឌីជីថលថ្មីៗ លោក ប៉ែន បូណា ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើក​ឡើងថា ប្រជាពលរដ្ឋរូបណាក៏​អាច​បញ្ចេញ​មតិបាន ប៉ុន្តែ​ត្រូវ​គោរព​ច្បាប់ គោរពសិទ្ធិអ្នកដទៃ និង​បញ្ចេញ​មតិប្រកប​ដោយ​ក្រម​សីលធម៌។​


នៅ​ថ្ងៃទី​៣ ឧសភាខាង​មុខនេះ គឺ​ជា​ទិវា​សេរីភាព​​សារព័ត៌មាន​ពិភព​លោក។ ស្រប​ពេល​ជាមួយ​គ្នា នាយករដ្ឋមន្រ្តី​កម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ​ក៏​នឹង​ជួប​​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​រាប់​ពាន់​នាក់​ផងដែរ។ 
 
តើ​ទិវា​សេរី​ភាព​សារព័ត៌មាន​នេះ មាន​តម្លៃ​បែបណា? សម្រាប់​លោក ប៉ែន បូណា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​មាន​ប្រសាសន៍ថា សេរីភាព​សារព័ត៌មាន​ពិត​ជា​មាន​សារៈសំខាន់​ នៅ​លើពិភព​លោក និង​កម្ពុជា។ លោក ប៉ែន បូណា ចាត់​ទុក​ព័ត៌មាន ជាចំណី​អាហារ​​របស់​មនុស្ស​គ្រប់រូប។
 
សូម​អញ្ជើ​ញ​ទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានThmey Thmey 25 និង​លោក ប៉ែន បូណា ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដូច​តទៅ៖ 
 

«​មនុស្ស​សម័យ​ឥឡូវ​ ត្រូវការ​ព័ត៌មាន​​។ យើង​អាច​ប្រៀប​ធៀប​ថា បើ​សិន​ជា​អត់​ព័ត៌មាន ប្រៀប​ដូចជា​អត់​មាន​បាយ​ហូប ឬទឹក និង​ខ្យល់​សម្រាប់​ដក​ដង្ហើម​។ នេះជាហេតុ​ផល​ ដែល​យើង​ចាត់​ទុក​ថា សារព័ត៌មាន​មានសារៈសំខាន់​ ពិសេស​សេរី​ភាព​សារព័ត៌មាន»។ នេះ​ជាការ​លើក​ឡើង​របស់​លោក ប៉ែន បូណា។ 
 
ចំពោះ​សេរី​ភាពសារ​​ព័ត៌មាន​ លោក ប៉ែន បូណា មើល​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ការ​ពារ​​ និង​ផ្ដល់​សិទ្ធិ​សេរី​ភាពគ្រប់​បែប​យ៉ាង​​ក្នុង​វិស័យ​ព័ត៌មាន​។ ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រូបនេះ បន្ត​មាន​ប្រសាសន៍ថា៖«​យើង​ឃើញ​​ហើយ សារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​​យើង រីក​ដុះ​ដាលខ្លាំង​ មិន​ដែល​​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អតីតកាល​»។ 
 
ដ្បិត​មាន​ការ​លើក​ឡើងពី​ការ​ផ្ដល់​សេរីភាព​សារព័ត៌មាន​ក្ដី ក៏​ប៉ុន្តែ​នៅ​តែ​មាន​ការជជែក​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ នៅ​សង្គម​កម្ពុជា។ ត្រង់​ចំណុច​នេះ លោក ប៉ែន បូណា ឆ្លើយតប​ថា ឧស្សាហ៍​ឭ​ចេញ​ពី​អង្គ​ការ​សង្គម​ស៊ី​វិល ​អង្គការ​បរទេស និង​អ្នក​នយោបាយ​​​មួយចំនួន។ ​បើតាម​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យរដ្ឋាភិបាល ការ​វាយ​តម្លៃ​បែបនេះ ដោយ​សារ​អ្នក​ទាំង​នោះ សំអាង​ទៅ​លើ​វិធាន​ការ​ផ្លូវ​ច្បាប់​នានា​ ដែល​តុលា​ការ​ ឬ​អាជ្ញាធរ​ចាត់​វិធាន​ការ​លើ​ជន​ណា ​ដែល​រំលោភ​បំពាន​ច្បាប់​ បំពាន​ក្រម​សីលធម៌ និង​បំពាន​សិទ្ធិ​អ្នក​ដទៃ។ 
 
​សេរី​ភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ គឺ​ជា​សេរី​ភាព​មួយ​ដែ​លមាន​ការ​ធានា​ ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ និង​ក្រប​ខណ្ឌ​ច្បាប់​ជាតិ​ក្នុង​ប្រទេស​។ លោក ប៉ែន បូណា បាន​លើក​ឡើង​ពី​ដែន​កំណត់​នៃ​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ដូច្នេះ៖«មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិ ដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បីគោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។
 
បើតាម​មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើតាមលោក បូណា។ 
 
ដោយ​ឡែក​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ចែង​ពាក់ព័ន្ធ​នឹង​សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំផងដែរ។ ក្នុង​បទសម្ភាសជាមួយសារព័ត៌មាន​ឌីជីថល​ថ្មីៗ លោក ប៉ែន បូណា បន្ថែម​ដូច្នេះ៖«មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ ហើយ​សេរីភាព​សារព័ត៌មានត្រូវ​កំណត់​ដោយច្បាប់»។ 
 
ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ លោក ប៉ែន បូណា ចង់ឱ្យ​មាន​ការ​​គោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ និងបញ្ចេញមតិប្រកបដោយក្រមសីលធម៌៕​

Tag:
 សេរីភាពបញ្ចេញមតិ
  សេរីភាព​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com