អន្តរជាតិ
មេដឹកនាំចិន ប្តេជ្ញាបើកទីផ្សារឱ្យក្រុមហ៊ុនបរទេសនៅចំពោះមុខលោកElon Musk
29, Apr 2024 , 4:09 pm        
រូបភាព
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla (ឆ្វេង) ជជែកជាមួយលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន នៅទីក្រុងប៉េកាំង ក្នុងថ្ងៃទី២៨ ខែមេសា។ រូបភាព Xinhua
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla (ឆ្វេង) ជជែកជាមួយលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន នៅទីក្រុងប៉េកាំង ក្នុងថ្ងៃទី២៨ ខែមេសា។ រូបភាព Xinhua
ក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk នៅថ្ងៃទី២៨ ខែមេសា នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានសន្យាបើកចំហចំពោះក្រុមហ៊ុនបរទេស ដែលចង់រកស៊ីនៅប្រទេសខ្លួន ដែលមានទីផ្សារធំទូលាយ ព្រោះប្រជាជនច្រើន។ ក្នុងជំនួបដោយផ្ទាល់នៅទីក្រុងប៉េកាំង មេដឹកនាំចិន បានផ្តាំលោក Elon Musk ឱ្យបន្តរក្សាទំនាក់ទំនងជាមួយប្រទេសខ្លួន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងចិន និងអាម៉េរិក។

 
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបំពេញទស្សនកិច្ចនៅចិន និងជួបប្រមុខរដ្ឋាភិបាលចិន លោកលី ឈាំង ដោយមិនបានប្រកាសជាមុន។ ក្នុងជំនួបនៅថ្ងៃទី២៨ ខែមេសា លោកលី បានអំពាវនាវរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងចិន និងអាម៉េរិក ហើយចាត់ទុកការរកស៊ីរបស់ក្រុមហ៊ុន Tesla នៅចិន ជាឧទាហរណ៍ដ៏ជោគជ័យមួយ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ 
 
«ទីផ្សារដ៏ធំរបស់ចិន នឹងនៅតែបន្តបើកទ្វារសម្រាប់ក្រុមហ៊ុនបរទេស»។ ប្រមុខរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តរក្សាសន្យារបស់ខ្លួន ហើយពង្រីកទីផ្សារឱ្យកាន់តែធំ។​ 
 
ចំណែក លោក Elon Musk បានបង្ហោះសារលើបណ្តាញសង្គម X ថា លោកពិតជាមានកិតិ្ដយសណាស់ ដែលបានជួបជាមួយលោកនាយករដ្ឋមន្រ្តី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានអះអាងថា លោកបានស្គាល់លោក លី ដែលជាមន្រ្តីសំខាន់ទីពីរ នៅក្នុងបក្សកុម្មុយនីស្តចិន ជាយូរមកហើយ។ 
 
ដំណើរទស្សនកិច្ចរបស់លោក Elon Musk ទៅចិនលើកចុងក្រោយនេះ ធ្វើឡើងស្របពេលចិនកំពុងរៀបចំកម្មវិធីរថយន្ត Beijing Motor Show ដោយក្រុមហ៊ុនអគ្គិសនីចិនជាច្រើន បានបង្ហាញរថយន្តប្រភេទថ្មីៗរបស់ខ្លួន។ កម្មវិធី Beijing Motor Show រៀបចំឡើងតាំងពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា។ 
 
ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនអាម៉េរិកដ៏ធំមួយ និងមានរោងចក្ររថយន្តនៅក្រុងសៀងហៃ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុនអគ្គិសនីចិនជាច្រើន ដូចជា BYD បានចាប់ផ្តើមដណ្តើមចំណែកទីផ្សាររថយន្តពីក្រុមហ៊ុន Tesla ជាបន្តបន្ទាប់។ 
 
នៅសប្តាហ៍មុន ក្រុមហ៊ុនTesla បានបញ្ចេញទិន្នន័យចំណូលនៃការលក់របស់ខ្លួន ដោយរកបាន ១,១ ពាន់លានដុល្លារ នៅត្រឹមត្រីមាសដំបូង។ ប៉ុន្តែចំនួននេះ គឺទាបខ្លាំង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលមានរហូតដល់ ២,៥១ពាន់លានដុល្លារ៕

Tag:
 ចិន
  អាម៉េរិក
  Tesla
© រក្សាសិទ្ធិដោយ thmeythmey.com