ជាតិ
សេដ្ឋកិច្ច
កម្ពុជា-តួកគី ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនដល់ ១០០០លានដុល្លារ
29, Apr 2024 , 5:59 pm        
រូបភាព
លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា កំពុងចាប់ដៃ​ជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។​ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន​ សែន
លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា កំពុងចាប់ដៃ​ជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។​ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន​ សែន
ស្របពេលទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី មានទំហំតូច ភាគីទាំងពីរបានឯកភាពរួមគ្នា ជំរុញទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកើនដល់១០០០លានដុល្លារ នាពេលខាងមុខ។ ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏ប្ដេជ្ញាជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទៀតផង។

 
ក្នុងជំនួបពិភាក្សាការងារ​នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩មេសា  លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា​ បានបង្ហាញមោទកភាពនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ ក៏មានការបើកការិយាល័យពាណិជ្ជកម្ម ផងដែរ។ 
 
លោកស្រី KOCAEFE បានលើកឡើងថា បច្ចុប្បន្នថ្វីត្បិតទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១០០០លានដុល្លារ ជាមួយនឹងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែច្រើនឡើង។
 
 « ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ»។ លោក KOCAEFE បាននិយាយបែបនេះ នៅចំពោះមុខប្រធានព្រឹទ្ធសភាកម្ពុជា ដែលសង្ឃឹមថា ការភ្ជាប់ជើងហោះហើរនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងវិស័យទេសចរណ៍មានការកើនឡើងបន្ថែមទៀត។
 
សម្តេច ហ៊ុន សែន បានសាទរនូវការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា​។ ជុំវិញនៃទំនាក់ទំនងទ្វេភាគីអតីតនាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយដូច្នេះ៖ «  ទំហំពាណិជ្ជកម្មរបស់យើង គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ ខ្ញុំជឿជាក់ថាគោលដៅ១០០០លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាន នាពេលខាងមុខ» ។ 
 
គួរជម្រាបថា ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស/តំបន់ដៃគូក្នុងពិភពលោក បានជិត១២,៥ពាន់លានដុល្លារ កើន ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ គឺប្រទេសចិន មានក្នុងទំហំប្រមាណ ៣ ២០០លានដុល្លារ, វៀតណាមមានជាង២ ៣០០លានដុល្លារ, សហរដ្ឋអាម៉េរិក ក្នុងទំហំប្រមាណ២០០០លានដុល្លារ, ថៃមានជាង ១ ១០០លានដុល្លារ និងប្រទេសជប៉ុន​សម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជាក្នុងរយៈពេល៣ខែមកនេះ បានជាង៥០០លានដុល្លារ ផងដែរ៕ 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com