ជាតិ
ចៅក្រមពិន័យលោកត្រាំ៩ពាន់ដុល្លារ និងព្រមានដាក់គុក បើបន្តបំពានបញ្ជាតុលាការ
01, May 2024 , 10:36 am        
រូបភាព
លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ចៅក្រមប្រចាំនៅរដ្ឋញូវយ៉ក បានពិន័យជាប្រាក់លើលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកក្នុងទំហំ ៩ពាន់ដុល្លារ និងព្រមានដាក់ពន្ធនាគារ បើបន្តបំពានបទបញ្ជាតុលាការ។ កន្លងមក តុលាការ បានកំហិតលោកត្រាំមិនឱ្យរិះគន់តុលាការ សាក្សី និងអ្នកពាក់ព័ន្ធសំណុំរឿងរបស់លោកក្នុងការផ្ទេរប្រាក់ ដើម្បីបំបិទរឿងសម្ងាត់។



នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមេសា រដ្ឋអាជ្ញាអាម៉េរិក បានរកឃើញលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានសរសេរសាររិះគន់តុលាការ សាក្សី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរបស់លោកក្នុងការផ្ទេរប្រាក់ដើម្បីបំបិទរឿងសម្ងាត់លើគណនីបណ្តាញសង្គមចំនួន ១០ លើក។ យ៉ាងណាមិញ ចៅក្រមJuan Merchan ប្រចាំនៅរដ្ឋញូវយ៉ក បានរកឃើញត្រឹម ៩ករណីប៉ុណ្ណោះ។ កន្លងមក តុលាការបានរឹតត្បិតអតីតប្រធានាធិបតីអាម៉េរិកមិនឱ្យរិះគន់បុគ្គលពាក់ព័ន្ធក្នុងសំណុំរឿងនោះឡើយ។
 
ទាក់ទិននឹងបញ្ហានេះ តុលាការ បានព្រមានដាក់ពន្ធនាគារលោកត្រាំ បើបំពានបទបញ្ជាតុលាការជាថ្មីម្តងទៀត ហើយបានពិន័យជាប្រាក់ ៩ពាន់ដុល្លារ។ ផ្ទុយទៅវិញ លោកត្រាំ បានចាត់ទុកសេចក្តីសម្រេចរបស់ចៅក្រម ជាការបំបិទសិទ្ធិរបស់ខ្លួន។ 
 
«ចុងចោទស្ថិតក្នុងការព្រមានថា តុលាការនឹងមិនលើកលែងការបំពានបទបញ្ជាស្របច្បាប់ណាមួយ ហើយប្រសិនបើស្ថិតនៅក្នុងករណីចាំបាច់ តុលាការនឹងពិន័យដាក់ពន្ធនាគារ»។

លោកJuan Merchan ចៅក្រមទទួលបន្ទុកសំណុំរឿងលោកត្រាំទាក់ទងនឹងការផ្ទេរលុយដើម្បីបំបិទរឿងសម្ងាត់ បានបញ្ជាក់បែបនេះ ដោយពិន័យ ១ពាន់ដុល្លារសម្រាប់ការបំពានបទបញ្ជាចំនួន ១លើក។ លោកត្រាំ ត្រូវពិន័យទឹកប្រាក់ ៩ពាន់ដុល្លារ ក្នុងការបំពានចំនួន ៩លើក តាមរយៈការសរសេរសាររិះគន់តុលាការ សាក្សី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿង។ 
 
ទន្ទឹមនេះ លោក Merchan បានបញ្ជាឱ្យលោកត្រាំ ដែលនឹងក្លាយជាបេក្ខជនប្រធានាធិបតីសម្រាប់បក្សសាធារណរដ្ឋក្នុងពេលឆាប់ៗនេះ ឱ្យលុបសារបង្ហោះលើគណនីក្នុងបណ្តាញសង្គម និងវេបសាយផ្សេងៗ។ 
 
«ខ្ញុំជាបេក្ខជនប្រធានាធិបតីអាម៉េរិកតែម្នាក់គត់ ដែលត្រូវបានកំហិតមិនឱ្យរិះគន់»។ លោកត្រាំ បានបញ្ជាក់បែបនេះនៅក្នុងគណនី Truth Social របស់ខ្លួន ដោយបន្តថា លោកចៅក្រម Merchan បានដកហូតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួន។ 
 
សូមបញ្ជាក់ថា លោកត្រាំ កំពុងស្ថិតនៅក្រោមបទចោទពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រមាណ ១៣ម៉ឺនដុល្លារ ទៅតារាអាសអាភាស Stormy Daniels ដើម្បីបិទមាត់រឿងអាស្រូវ ដែលតារារូបនេះ ធ្លាប់មានជាមួយលោកត្រាំ កាលពីឆ្នាំ២០០៦។ បន្ថែមពីបទចោទនេះ លោកត្រាំ ក៏រងបទចោទផ្សេងទៀតដូចជា ការប៉ុនប៉ងចង់ផ្លាស់ប្តូរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ និងគ្រប់គ្រងឯកសារសម្ងាត់នៅសេតវិមានមិនល្អជាដើម៕​

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com