កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA លោក Blatter ត្រូវបាន​ជំរុញ​ឲ្យ​ចុះចេញ
11, Jun 2014 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​កីឡាបាល់ទាត់​ជាន់ខ្ពស់​ប្រចាំ​ទ្វីបអឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​លោក Sepp Blatter បញ្ចប់​រជ្ជកាល​របស់​លោក​ក្នុងនាម​ជា​ប្រធាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA ក្នុងចំណោម​មានការ​ចោទប្រកាន់ផ្សេងៗទាក់ទង​នឹង​អំពើពុករលួយ​ប្រឆាំងនឹង​ការដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ របស់​ប្រទេស​កាតា។



លោក Michael van Praag ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់ បាន​និយាយថា លោក Blatter គួរតែ​ចុះ​ចេញពី​តំណែង​នៅពេលដែល​អាណត្តិ​របស់​លោក​បញ្ចប់​នៅ​ឆ្នាំក្រោយ។ ការទាមទារ​ស្រដៀង​គ្នា​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក David Gill អនុប្រធាន​សមាគម​កីឡាបាល់ទាត់​អង់គ្លេស។ លោក Blatter អាយុ៧៨ឆ្នាំ បាន​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ FIFA ជា​ផ្លូវការ​ក្នុង​កម្មវិធី​កម្សាន្ត​នាពេល​ល្ងាច​មួយ​នៅក្នុង​ទីក្រុង Sao Paulo ដោយ​លោក​មិនបាន​កត់សម្គាល់​ទៅលើ​ការវាយប្រហារ ឬក៏​រឿងចម្រូងចម្រាស់​នៃ​អំពើពុករលួយ​ឡើយ។ លោក​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រើប្រាស់​ការប្រជុំ​នេះ​ដើម្បី​ប្រកាស​នៅថ្ងៃនេះ​ថា លោក​នឹង​ព្យាយាម​បន្ត​តំណែង​ក្នុង​អាណត្តិ​រយៈពេល៤ឆ្នាំ​ទៀត។

លោក Blatter បាន​និយាយថា៖ «នៅ​រាត្រី​នេះ យើង​ស្ថិតក្នុង​អារម្មណ៍​រីករាយ ពីព្រោះ​រាល់​កិច្ចពិភាក្សាផ្សេងៗ និង​រាល់​អ្វីដែល​មានការ​ទាក់ទង​ជាមួយ FIFA ក៏ដូចជា​អ្វីដែល​សំខាន់​នៅ​បច្ចុប្បន្ននេះ យើង​នឹង​លើក​យកមក​ពិភាក្សា​នៅ​ថ្ងៃស្អែក»។ ការចោទប្រកាន់​ទាក់ទង​នឹង​អំពើពុករលួយ និង​ការរិះគន់​លោក Blatter បាន​គំរាម​ដល់​ការបារម្ភផ្សេងៗបន្ថែមទៀត​នៅ​ថ្ងៃ​បើក​កម្មវិធី​ប្រកួត World Cup នៅក្នុង​ទីក្រុង Sao Paulo នៅ​រាត្រី​ថ្ងៃស្អែក​នេះ។ ប្រេ​ស៊ី​ល​កំពុងតែ​ជួប​បញ្ហា​រួចជាស្រេច​ជាមួយនឹង​ការតវ៉ាផ្សេងៗលើ​ការចំណាយ​ប្រាក់​ដ៏​ច្រើន​រៀបចំ​ព្រឹត្តិការណ៍​នេះ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com