កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ​សំបូរ​កីឡាករ​ធ្លាប់​លេង World Cup ខណៈ Buffon នឹង​បង្ហាញខ្លួន​លើក​ទី៥
11, Jun 2014 , 11:33 pm        
រូបភាព
ដោយ: រួបរួម
យោងតាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ស្តីពី​ព្រឹត្តិការណ៍​ប្រកួត World Cup ឆ្នាំ២០១៤ នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្រុម​ជម្រើសជាតិ​មាន​កីឡាករ​អេ​ស្ប៉ា​ញ​ដែល​ធ្លាប់មាន​បទពិសោធន៍​ប្រកួត​ព្រឹត្តិការណ៍ World Cup កន្លងមក​ច្រើនជាងគេ ខណៈ​អ៊ុយ​រូ​ហ្គា​យ និង​កា​មេ​រូ​ន ស្ថិតនៅ​លំដាប់​លេខ២ និង​លេខ៣ ។



ក្នុងចំណោម​កីឡាករ​ទាំង៧៣៦នាក់​មកពី​ក្រុម​ជម្រើសជាតិ​ចំនួន៣២ អេ​ស្ប៉ា​ញ​មាន​កីឡាករ​ជើងចាស់​ធ្លាប់​លេង World Cup រហូតដល់​ទៅ១៦នាក់ ខណៈ អ៊ុយ​រូ​ហ្គា​យ​មាន១៥នាក់ និង​កា​មេ​រូ​ន មាន១៣នាក់។
 
អ្នកចាំទី Faryd Mondragon របស់​កូ​ឡុំ​ប៊ី គឺជា​កីឡាករ​ដែល​បាន​ធ្លាប់បាន​លេង World Cup មុនគេ ពោលគឺ​នៅ​ឆ្នាំ១៩៩៤នៅ​សហរដ្ឋអាមេរិក ហើយ​រូបគេ​ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​បារាំង​នា​ឆ្នាំ១៩៩៨ ផងដែរ ជាមួយ Samuel Eto’s របស់​កា​មេ​រូ​ន និង Giangluigi Buffon របស់​អ៊ីតាលី។

Buffon នឹង​បង្ហាញ​វត្តមាន​ក្នុង World Cup ជា​លើក​ទី៥ដើម្បី​ទទួលបាន​កំណត់ត្រា​ស្មើ​អតីត​វីរបុរស​ម៉ិ​ក​ស៊ិ​ក Antonio Carbajal និង​វី​បុរស​អាល្លឺម៉ង់ Lothar Matthaus។ រីឯ​កីឡាករ​ដែល​ធ្លាប់មាន​បទពិសោធន៍​លេង World Cup លើសពី​បី​ដង​ឡើងទៅ រួមមាន​ដូចជា DaMarcus Beasley (សហរដ្ឋអាមេរិក), Iker Casillas និង Xavi (អេ​ស្ប៉ា​ញ), Samuel Eto’o (កា​មេ​រូ​ន), Miroslav Klose (អាល្លឺម៉ង់) និង Rafael Marquez (ម៉ិ​ក​ស៊ិ​ក)៕



© រក្សាសិទ្ធិដោយ thmeythmey.com