កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ីល​​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅកាន់​​ការ​បើក​ការ​ប្រកួត World Cup នារាត្រីនេះ​
12, Jun 2014 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ជើង​ឯក​៥​ជំនាន់​ ប្រេស៊ីល នឹង​ចាប់​ផ្តើម​យុទ្ធ​នាការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោ​ក ឆ្នាំ​២០១៤ នេះ ដោយពួក​គេ​ត្រូវ​ប្រកួត​បើក​ឆាកពូល A ជាមួយ​ក្រុម​ជម្រើស​ជាតិក្រូអាស៊ី នា​វេលាម៉ោង​៣​រាត្រី​នេះ។ ស្របពេល​ជាមួយ​គ្នា​ ក្រុម​ការងារ​សាងសង់កំពុង​មាន​ការមមាញឹក​យ៉ាង​ខ្លាំង​ដើម្បី​បញ្ចប់​បេសសកម្ម​របស់​ខ្លួន ពោល​គឺធ្វើ​ឲ្យការ​ប្រកួត​របស់​​ក្រុម​ជម្រើស​ជាតិទាំង​៣២​ដំណើរ​ទៅ​ដោយរលូននា​រយៈពេល​ពេញ​មួយ​ខែ។



​ប្រេស៊ីល​កំពុង​តែ​ញាប់​​ដៃ​ញាប់​​ជើង​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​​បាន​រួច​រាល់​សម្រាប់​ការ​បើក​កម្ម​វិធី​ប្រកួត World Cup តាម​រយៈ​ការ​ព្យា​យាម​បញ្ចប់ការ​សាង​សង់​ផ្សេង​ៗ​​ដែល​ត្រូវ​បាន​រំ​ខាន​ដោយ​ការ​ពន្យារ​ពេល និង​ការ​​តវ៉ា​ដោយ​ហិង្សា​នៅ​តាម​ដង​វិថី​​នា​នា​។ ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ នឹង​ត្រូវ​ប្រកួត​ជា​មួយ​នឹង​​ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ីនាវេលាម៉ោង​៣រាត្រីនេះ នៅ​កីឡ​ដ្ឋាន Corinthians Arena ក្រុង Sao Paulo ដែល​អាច​ផ្ទុក​អ្នក​​ទស្ស​នា​បាន​៦១.៦០០​នាក់​។

​ការ​សាង​សង់​ទី​លាន​ដែល​ចំ​ណាយ​ទឹក​ប្រាក់​៤២៤​លាន​ដុល្លារ​អាមេ​រិក​មួយ​នេះ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​​នៅ​ពេល​ដង​ស្ទូច​ដ៏​ធំ​មួយ​បាន​ដួល និង​បាន​សម្លាប់​​កម្ម​ករ​ពីរ​នាក់​។ កម្ម​ករ​ទី​៣​​បាន​ស្លាប់​ក្នុង​ឧប្ប​ត្តិ​មួយ​កាល​ពី​ខែ​មី​នា​។ កម្ម​ករ​ចំនួន​៨នាក់​បាន​ស្លាប់ ខណៈ​ដែល​ព្យា​យាម​​បំ​ពេញ​ការ​សាង​សង​ទៅ​តាម​គម្រោង​។

កីឡ​ដ្ឋាន​រៀប​ចំ World Cup ទាំង​១២​​កន្លែង​ត្រូវ​បាន​គ្រោង​បញ្ចប់​រួច​រាល់​នៅ​ចុង​ខែ​ធ្នូ​ ប៉ុន្តែ កីឡ​ដ្ឋាន​ចំនួន​៦​មិន​បាន​ឆ្លើយ​តប​តាម​កាល​បរិ​ច្ឆេទនេះ​ឡើយ​។ ជា​មួយ​គ្នា​នេះ ការ​ធ្វើ​កូត​កម្ម​ទាក់​ទង​នឹង​ប្រាក់​បៀរ​វត្សរ៍​ពី​សំ​ណាក់​កម្ម​ករ​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​​កាល​ពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​​ទីក្រុង Sao Paulo ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល និង​បាន​នាំ​ឲ្យ​ប៉ូលិស​ប្រឆាំង​កុប្ប​កម្ម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ដើម្បី​បំ​បែក​ក្រុម​បាតុ​ករ​ នៅ​មុន​ពេល​​​ការ​ធ្វើ​​កូត​កម្ម​នេះ​ត្រូវ​បាន​ពន្យារ​ពេល​កាល​ពី​ថ្ងៃ​ចន្ទ​។

ទឹក​ប្រាក់​ប្រមាណ​ជា​១១​ពាន់​លាន​ដុល្លារ​ដែល​ប្រេស៊ីល​នឹង​ចំ​ណាយ​ទៅ​លើ​យុទ្ធ​នា​ការ​ World Cup បាន​ធ្វើ​ឲ្យ​​ប្រជា​ជន​ជា​ច្រើន​ផ្ទុះ​​កំ​ហឹង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​ក្រោម​​មូល​​និ​ធិ​លើ​បញ្ហា​សុខ​ភាព និង​​សេ​វា​កម្ម​សា​ធារណៈ ក៏​ដូច​ជា​​ឧក្រិដ្ឋ​ហិង្សា​។ ប៉ូលិស និង​ទា​ហាន​ប្រមាណ​ជា​១៥​ម៉ឺន​នាក់ និង​បុគ្គ​លិក​សន្តិ​សុខ​ឯក​ជន​ចំនួន​២០​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ទូ​ទាំង​​ទីក្រុង​ម្ចាស់​ផ្ទះ​ទាំង​១២​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បាតុ​ករ​ដែល​បាន​សរសេរ​​ថា «World Cup នឹង​មិន​កើត​ឡើង​ឡើយ​»​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com