កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ Scolari​ ថា ​ប្រេ​ស៊ី​ល​​ធ្វើ​ការ​​កែ​សម្រួល​​នៅ​​កន្លែង​​ដ៏​​ត្រឹម​ត្រូវ​​មុន​​ជួប​​ក្រូ​​អា​ស៊ី​​នា​​រា​ត្រី​​នេះ​
12, Jun 2014 , 8:34 pm        
រូបភាព
ដោយ: ថ្មីៗ
លោកគ្រូ​បង្វឹក Luiz Felipe Scolari កំពុងតែ​រីករាយ​ជាមួយ​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​មុនពេល​ការប្រកួត​បើកឆាក​នៃ​យុទ្ធនាការ World Cup នៅ​រាត្រី​នេះ។ ក្រោយពី​ទទួល​ជ័យជម្នះ ៤-០ លើ​ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា ក្នុងការ​ប្រកួត​កម្តៅ​សាច់ដុំ លោក Scolari បាន​និយាយថា ការកែតម្រូវផ្សេងៗនៅតែ​ចាំបាច់​ត្រូវតែ​ធ្វើ ប៉ុន្តែ លោក​មាន​អារម្មណ៍​ថា ក្រុម​របស់លោក​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ដ៏​ល្អ​ក្នុងការ​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់​សម្រាប់​ការប្រកួត​បើកឆាក​ជាមួយនឹង​ក្រុម​ក្រូ​អាស៊ី​នៅ​រាត្រី​នេះ។



លោក Scolari បាន​និយាយថា លោក​នៅតែ​បារម្ភ ប៉ុន្តែ មិន​ខ្លាំង​ណាស់ណា​ឡើយ ខណៈដែល​លោក​បាន​នាំយក​ក្រុម​មក​ជាមួយគ្នា​ដើម្បី​បញ្ចប់​ការត្រៀម​លក្ខណៈ​របស់​ពួកគេ។ លោក​ជឿជាក់ថា ប្រសិនបើ​ក្រុម​នេះ​បន្តធ្វើ​ឲ្យ​ល្អ​ដូចនេះ ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ការប្រកួត​បើកឆាក​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ។

លោក​បាន​និយាយថា៖ «យើង​ត្រូវតែ​បន្ត​ការធ្វើ​ឲ្យ​ប្រសើរឡើង​ទៅលើ​ល្បឿន​រហូតដល់​ការប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី។ ប្រេ​ស៊ី​ល​បាន​ជួប​ភាព​ត្រដាបត្រដួស​នៅពេល​ជួប​ក្រុម​ប៉ា​ណា​ម៉ា ដែល​ធ្វើ​ឲ្យ​មានការ​ចំអក​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Serra Dourada។ ក្រុម​នេះ​បានធ្វើ​ឲ្យ​ទម្រង់​លេង​មាន​ភាពល្អប្រសើរ ក្រោយពី Neymar រក​គ្រាប់​បាល់​បើកឆាក​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅ​នាទី ទី២៦ ហើយ​បន្ទាប់មក​បានទទួល​ជ័យជម្នះ​យ៉ាង​ងាយ។

ស្របពេល​ជាមួយគ្នានេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុងការ​បង្ខូច​ពិធី​អបអរ​របស់​ប្រេ​ស៊ី​ល​ក្នុង​ការប្រកួត World Cup បើកឆាក​របស់​ពួកគេ និង​ដើម្បី​បន្ត​នាំយក​ប្រពៃណី​នៃ​ការខកចិត្ត​ក្នុងការ​ប្រកួត​ទី១នៃ​យុទ្ធនាការ​នេះ។ ខណៈដែល​សម្ពាធផ្សេងៗស្ថិតនៅលើ​ក្រុម​ម្ចាស់ផ្ទះ លោកគ្រូ​បង្វឹក NikoKovac របស់​ក្រូ​អាត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​របស់លោក​អាច​ផ្តល់នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុងការ​ប្រកួត​នៅ​ទីក្រុង Sao Paulo នៅ​រាត្រី​នេះ។

លោក Kovac ដឹង​ច្បាស់​ថា ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​គឺជា​ក្រុម​មានប្រៀប​ជាងគេ​ក្នុងការ​ប្រកួត​ពូ​ល A ប៉ុន្តែ បាន​បន្ថែមថា ក្រុម​តិចតួច​ប៉ុណ្ណោះ​មានការ​ពេញចិត្ត​ក្នុង​ការជួប​ក្រុម​របស់លោក​នៅ​ថ្ងៃ​បើកឆាក។ លោក​បាន​ឲ្យ​ដឹង​នៅ​កីឡដ្ឋាន Itaquerao ថា៖ «ពួកគេ​នឹងមិន​ជួប​ភាពងាយស្រួល​ឡើយ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រូ​អាស៊ី។ យើង​ជា​ក្រុម​ដ៏​ខ្លាំង​មួយ ហើយ​ខ្ញុំ​ប្រាកដ​ចិត្ត​ថា យើង​នឹង​បង្ហាញ​ឲ្យ​ឃើញច្បាស់​នៅ​រាត្រី​នេះ»។

ក្រុម​ក្រូ​អាស៊ី​កំពុង​តែមាន​ក្តីសង្ឃឹម​ឈានទៅ​វគ្គ​បន្ត​ក្រោយពី​ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ស្ថិតនៅក្នុង​ពូ​ល A រួមជាមួយ​នឹង​ម៉ិ​ក​ស៊ិ​ក និង​កា​មេ​រូ​ន។ ការប្រកួត​បើកឆាក​នៅ​រាត្រី​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៣ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា) ៕

បី​ប្រកួត​ចុងក្រោយ​របស់​ប្រេ​ស៊ី​ល
07/06/14 Brazil 1-0 Serbia
04/06/14 Brazil 4-0 Panama
06/03/14 South Africa 0-5 Brazil

បី​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ក្រូ​អាស៊ី

07/06/14 Croatia 1-0 Australia
31/05/14 Croatia 2-1 Mali
06/03/14 Switzerland 2-2 Croatia

ជំនួប​ពីរលើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
WORLD CUP    14/06/06 Brazil 1-0 Croatia
International Friendly 18/08/05 Croatia 1-1 Brazil

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com