កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ជ័យជម្នះ​សម្រាប់​ម៉ិ​ក​ស៊ិ​ក ហូ​ឡង់ និង​ឈី​លី
14, Jun 2014 , 9:45 am        
រូបភាព
ដោយ: រួបរួម
ការប្រកួត FIFA World Cup ឆ្នាំ២០១៤ បាន​ឈាន​ចូលដល់​ថ្ងៃទី​កាលពី​យប់​ថ្ងៃ​សុក្រ ឈានចូល​ថ្ងៃ​សៅរ៍ ដោយ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក ហូ​ឡង់ និង​ឈី​លី សុទ្ធតែ​បាន​កត់ត្រា​នៅ​ជ័យជម្នះ​របស់ខ្លួន​ទៅតាម​លំដាប់លំដោយ​លើ​ក្រុម​ជម្រើសជាតិ កា​មេ​រូ​ន អេ​ស្ប៉ា​ញ និង​អូស្ត្រាលី។



Peralta នាំ​ម៉ិ​ក​ស៊ិ​ក ទទួល​ជ័យជម្នះ ១-០ លើ​កា​មេ​រូ​ន
ខ្សែប្រយុទ្ធ Oribe Peralta ក្លាយ​បានជា​វីរបុរស​របស់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​កា​មេ​រូ​ន នា​ការប្រកួត​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ពូ​ល A នៅ​កីឡដ្ឋាន Arena das Dunas ក្រុង Natal។

Peralta បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​នាទី ទី៦១ ខណៈ​តង់​ទីមួយ គ្រាប់​បញ្ចូល​ទី​រហូតដល់​ទៅ៣គ្រាប់​ស្ថិតក្នុង​តំបន់​អក​ហ្សឺ។ ថ្វី​ត្បិត Peralta ជា​អ្នក​នាំ​ជ័យជម្នះ​ដល់​ម៉ិ​ក​ស៊ិ​ក​ជា​លើកដំបូង​លើ​ក្រុម​មកពី​តំបន់​អាហ្វ្រិក ក៏ដោយ ប៉ុន្តែ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត (Man of the Match) ត្រូវបាន​ទៅលើ​ខ្សែប្រយុទ្ធ Giovani Dos Santos។ ជោគជ័យ​នេះ បាន​នាំ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ស្ថិតនៅ​លំដាប់​លេខ​ពីរ​នៅក្នុង​ពូ​ល A បន្ទាប់ពី​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ដែល​បាន​យកឈ្នះ​ក្រូ​អាស៊ី ៣-១ ។

ជើងឯក​រង​ហូ​ឡង់ បំបាក់​ម្ចាស់​ការពារ​ជើងឯក​អេ​ស្ប៉ា​ញ​ក្នុង​លទ្ធផល ៥-១
ជំនួប​បើកឆាក​ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន Arena Fonte Nova ក្រុង Salvador ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ​ទទួលបាន​កំណត់ត្រា​បរា​ជ័យ​ដ៏​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​ហូ​ឡង់​តាម​វាយបក​ពីក្រោយ​ចំនួន៤គ្រាប់​ដើម្បី​ទទួលបាន​ជ័យជម្នះ ៥-១ ។ នៅ​នាទី ទី២៧ ខ្សែបម្រើ Xabi Alonso បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​មួយគ្រា​ប់​មុន​សម្រាប់​អេ​ស្ប៉ា​ញ ប៉ុន្តែ​នៅ​ចុង​តង់​ទីមួយ ខ្សែប្រយុទ្ធ Robin van Persie បាន​វាយបក​តាម​ស្មើ ១-១ ។ ឈានចូល​ដល់​តង់​ទី​ពីរ ហូ​ឡង់​ដែល​បាន​ខកខាន​ទទួលពាន​កាលពី​ឆ្នាំ២០១០ នោះ បាន​បន្ត​ដាក់​សម្ពាធ​លើ​អេ​ស្ប៉ា​ញ តាមរយៈ​ការបន្ថែម​គ្រាប់​បាល់ បញ្ចូល​ទី​ចំនួន៤គ្រាប់​ទៀត ដែល​សម្រេចបាន​ដោយ Arjen Robben (នាទី៥៣ និង៨០) Robin van Persie (នាទី៧២ ) និង Stefan de Vrij (នាទី៦៤ )។


ការ​ធ្លាយ​សំណាញ់​ទី​ចាប់ពី​បួន​គ្រាប់​ឡើងទៅ គឺជា​បរាជ័យ​ដ៏​ធំធេង​របស់​ក្រុម​មួយ​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ហើយ​អេ​ស្ប៉ា​ញ​រង​ភាព​ចុកចាប់​នេះ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជា​អន្តរជាតិ​បើ​គិត​ចាប់តាំងពី​ពួកគេ​ចាញ់​ស្កុ​តឡែ​ន ៦-២ កាលពី​ឆ្នាំ១៩៦៣ ។ Robin van Persie ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​បានឈ្នះ​រង្វាន់ Man of the Match។

ឈី​លី​ឡើង​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពូ​ល B បន្ទាប់ពី​បំបាក់​អូស្ត្រាលី ៣-១
សម្រាប់​ជំនួប​គូ​ទី​ពីរ​នៃ​ពូ​ល B ដែល​ប្រព្រឹត្តទៅ​នៅលើ​ទីលាន Arena Pantanal ក្រុង Cuiabá ក្រុម​ជម្រើសជាតិ​ឈី​លី បាន​រីករាយ​ជាមួយនឹង​ជ័យជម្នះ ៣-១ របស់ខ្លួន​លើ​អូស្ត្រាលី។ ខ្សែប្រយុទ្ធ Alexis Sanchez បា​នរក​គ្រាប់​បាល់​បើកឆាក​នៅក្នុង​នាទី ទី១២ ហើយពីរ​នាទី​ក្រោយមក Jorge Valdivia បន្ថែម​បាន​មួយ​គ្រាប់​ទៀត។ Tim Cahill វាយបក​បាន​មួយ​គ្រាប់​ឲ្យ​អូស្ត្រាលី​នៅ​នាទី ទី៣៥ ប៉ុន្តែ​មុននឹង​បញ្ចប់​ការប្រកួត Jean Beausejour រកបាន​គ្រាប់​ទី​បី​ឲ្យ​ឈី​លី។


ជ័យជម្នះ​របស់​ឈី​លី​ដែល​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ៣គ្រាប់ គឺជា​កំណត់ត្រា​នៅក្នុង World Cup ជា​លើកដំបូង​របស់​ក្រុម​ជម្រើសជាតិ​អាមេរិក​ខាងត្បូង​មួយ​នេះ​ក្នុងចំណោម២៣ប្រកួត​របស់ខ្លួន បន្ទាប់ពី​ជ័យជម្នះ ៣-១ របស់​ពួកគេ​លើ​ស្វ៊ី​ស​កាលពី​ឆ្នាំ១៩៦២ ។  Sanchez ទទួលបាន​ពាន Man of the Match ខណៈ​ឈី​លី​ឡើងទៅ​ឈរ​លេខ​ពីរ​ពូ​ល B បន្ទាប់ពី​ហូ​ឡង់៕




© រក្សាសិទ្ធិដោយ thmeythmey.com