កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជំនួប​អ៊ីតាលី និង​អង់គ្លេស ក្នុងចំណោម៤ប្រកួត​នៃ​ពូ​ល C និង D
14, Jun 2014 , 6:22 pm        
រូបភាព
ប្រភពរូបថត: greatgoals.com
ប្រភពរូបថត: greatgoals.com
ដោយ: រួបរួម
យុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅ​ប្រទេស​ប្រេ​ស៊ី​ល បាន​ឈានចូល​ថ្ងៃទី៣របស់ខ្លួន​ហើយ ដោយ​ពូ​ល C និង​ពូ​ល D ត្រូវ​បើក​ការប្រកួត​របស់ខ្លួន​ចាប់ពី​រាត្រី​ថ្ងៃ​សៅរ៍ ឆ្លង​ចូលដល់​ព្រឹក​ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា។



ក្នុងចំណោម​ការប្រកួត​ទាំង៤ ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​អ៊ីតាលី នៅក្នុង​ពូ​ល D គឺជា​គូ​ដែល​គេ​ទន្ទឹងរង់ចាំ​មើល​បំផុត។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​តែម្តង​គត់​នៅក្នុង​ព្រឹត្តិការណ៍ World Cup ពោលគឺ​ក្នុង​ឆ្នាំ១៩៩០ នា​ជំនួប​ដណ្តើមយក​លេខ​បី ខណៈ​អ៊ីតាលី​ឈ្នះ ១-០ ។ នៅក្នុង​ការ​ជំនួប​អន្តរជាតិ អង់គ្លេស​ធ្លាប់​ឈ្នះ​តែ២លើក​គត់​ក្នុងចំណោម១១លើកចុងក្រោយ។

សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ខ្សែបម្រើ Alex Oxlade-Chamberlain ប្រហែលជា​មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​នេះឡើយ ប៉ុន្តែ Danny Welbeck អាច​ស្ថិតក្នុង​ជម្រើស​របស់លោក Roy Hodgson។ សម្រាប់​អ៊ីតាលី Mario Balotelli និង Marco Verratti ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​ទៀតឡើយ។ ខ្សែបម្រើ​ជើងចាស់​អ៊ីតាលី Andrea Pirlo ដែល​ត្រូវ​ចូលនិវត្តន៍​ក្រោយ World Cup និង​ខ្សែប្រយុទ្ធ​អង់គ្លេស Wayne Rooney និង Daniel Sturridge ត្រូវ​បង្ហាញ​ភាពខ្លាំងរៀងៗខ្លួន។

នៅក្នុង​ការប្រកួត​មួយទៀត​ក្នុង​ពូ​ល D អ៊ុយ​រូ​ហ្គា​យ​ត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Luis Suarez ដែល​ញាំញី​ដោយសារ​បញ្ហា​របួស​ជង្គង់ ប៉ុន្តែ​កីឡាករ​ម្នាក់ទៀត​ដែល​អាចដាក់​សម្ពាធ​លើ​កូ​ស្តា​រី​កា គឺ​ប្រយុទ្ធ Edinson Cavani។

នៅក្នុង​ការប្រកួត​ពូ​ល C ក្រុម​អាមេរិក​ខាងត្បូង កូ​ឡុំ​ប៊ី នឹងមាន​ជំនួប​ដ៍​តឹងតែង​ជាមួយ​ម្ចាស់​ជើងឯក​អឺរ៉ុប​កាលពី​ឆ្នាំ២០០៤ ខណៈ​ខ្សែបម្រើ Yaya Toure នឹង​ដឹកនាំ​ក្រុម​កូត​ឌី​វ័រ​តទល់​ជាមួយ​ជើង​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី គឺ​ជប៉ុន នៅ​ព្រឹក​ថ្ងៃអាទិត្យ (ម៉ោង​នៅ​ប្រទេស​កម្ពុជា)៕

កម្មវិធី​ប្រកួត​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ព្រឹក​ថ្ងៃអាទិត្យ (ម៉ោង​នៅ​កម្ពុជា)

កូ​ឡុំ​ប៊ី ជួប ក្រិ​ក (ម៉ោង១១យប់)
អ៊ុយ​រូ​ហ្គា​យ ជួប កូ​ស្តា​រី​កា (ម៉ោង២រំលង​អា​ធ្រា​ត្រ)
អង់គ្លេស ជួប អ៊ីតាលី (ម៉ោង៥ទៀបភ្លឺ)
កូត​ឌី​វ័រ ជួប ជប៉ុន (ម៉ោង៨ព្រឹក)




© រក្សាសិទ្ធិដោយ thmeythmey.com