កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលី​បំបាក់​អង់គ្លេស ខណៈ​កូ​ស្តា​រី​កា និង​កូ​ឡុំ​ប៊ី សុទ្ធតែ​បាន​ជោគជ័យ​ផងដែរ
15, Jun 2014 , 7:45 am        
រូបភាព
Mario Balotelli របស់អ៊ីតាលីអបអរគ្រាប់បាល់បញ្ចូលទី​ជាមួយ Marco Verratti។ រូបថត fifa.com
Mario Balotelli របស់អ៊ីតាលីអបអរគ្រាប់បាល់បញ្ចូលទី​ជាមួយ Marco Verratti។ រូបថត fifa.com
ដោយ: ថ្មីៗ
ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា បាន​បំបាក់​អ៊ុយ​រូ​ហ្គា​យ ៣-១ មុនពេល អ៊ីតាលី​យកឈ្នះ​អង់គ្លេស ២-១  នា​ការប្រកួត​បើកឆាក​ពូ​ល D នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ក្នុងប្រទេស​ប្រេ​ស៊ី​ល នៅ​ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា នេះ។ ដោយឡែក​ការប្រកួត​នៅក្នុង​ពូ​ល C កូ​ឡុំ​ប៊ី​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​ជាមួយនឹង​ជ័យជម្នះ ៣-០ លើ​ក្រិ​ក។



Mario Balotelli នាំ​អ៊ីតាលី​ផ្តួល​អង់គ្លេស
ខ្សែប្រយុទ្ធ Mario Balotelli បានធ្វើ​ឲ្យ​អង់គ្លេស​ខកចិត្ត​ជាមួយ​នឹង​គ្រាប់​បាល់​ឈ្នះ​របស់គេ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​បានចាប់ផ្តើម​យុទ្ធនាការ World Cup របស់​ពួកគេ​ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ក្រុម​ជម្រើសជាតិ​អង់​គេ្ល​ស​ក្នុង​ទីក្រុង Manaus នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

ខ្សែការពារ​ស្លាប​ឆ្វេង​អន្តរជាតិ​អង់គ្លេស Leighton Baines ដែល​ហាក់ដូចជា​មិន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​នោះ បាន​បណ្តោយ​ឲ្យ​កីឡាករ Antonio Candreva បញ្ជូន​បាល់​ឆ្លង​ពី​ខាងស្តាំ​ទៅ​ឲ្យ Balotelli ដើម្បី​តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី ទី៥០ ។

ខ្សែបម្រើ Andrea Pirlo ស្ទើរតែ​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​នាំមុខ ៣-១ ទៅហើយ​នៅ​ជិត​បញ្ចប់​ការប្រកួត ប៉ុន្តែ ការទា​ត់បាល់​ពិន័យ​ពី​ចម្ងាយ​របស់គេ​បាន​ហោះ​ប៉ះ​នឹង​របារ​ទី។ ខ្សែបម្រើ Claudio Marchisio បាន​ជួយ​ឲ្យ​អ៊ីតាលី​នាំមុខ​មុន​ពី​ការ​ស៊ុត​ពី​ចម្ងាយ២៥ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ខណៈដែល​អង់គ្លេស​បាន​វាយបក​ដើម្បី​តាម​ស្មើ​វិញ​ក្នុង​រយៈពេល២នាទី​ក្រោយមក​តាមរយៈ​ការ​ស៊ុត​បាល់​របស់​ខ្សែប្រយុទ្ធ Daniel Sturridge ក្រោយពី​ការបញ្ជូន​បាល់​របស់ Wayne Rooney។

កូ​ស្តា​រី​កា​យកឈ្នះ​អ៊ុយ​រូ​ហ្គា​យ ៣-១
សម្រាប់​ការប្រកួត​នៅលើ​ទីលាន Estádio Castelão, Fortaleza ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​កូ​ស្តា​រី​កា បានបង្ហាញ​ការភ្ញាក់ផ្អើល​តាមរយៈ​ការ​វាយបក៣គ្រាប់​នៅ​តង់​ទី​ពីរ បន្ទាប់ពី Edinson Cavani បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​អ៊ុយ​រូ​ហ្គា​យ​នៅ​ពាក់កណ្តាល​តង់​ទីមួយ។

ខ្សែប្រយុទ្ធ Joel Campbell រកបាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ទី៥៤ ហើយបី​នាទី​ក្រោយមក Oscar Duartre បន្ថែម​គ្រាប់​ទី​ពីរ ខណៈ​គ្រាប់​ទី​បី​រកបាន​ដោយ Marcos Urena នៅក្នុង​នាទី ទី៨៤ ។ ខ្សែការពារ Maximiliano Pereira របស់​អ៊ុយ​រូ​ហ្គា​យ បានទទួល​កាត​ក្រហម​នៅ​ចុង​តង់​ផងដែរ។

នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់​កូ​ស្តា​រី​កា នៅក្នុង World Cup ដែលមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​លើសពី​ពីរ​គ្រាប់ ស្រប​ពេលដែល​អតីត​ម្ចាស់​ជើងឯក World Cup ២ជំនាន់ អ៊ុយ​រូ​ហ្គា​យ​ជាមួយនឹង​អវត្តមាន​ខ្សែប្រយុទ្ធ Luis Suarez ទទួលរង​នូវ​ការខកចិត្ត​ដោយ​មិន​នឹង​ស្មាន​ដល់។

សម្រាប់​ពូ​ល D កូ​ស្តា​រី​កា មានឱកាស​ឡើងឈរ​លើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន ដោយមាន​គ្រាប់​បាល់​បញ្ចូល​លើស​អ៊ីតាលី មួយ​គ្រាប់ ខណៈ​អង់គ្លេស និង​អ៊ុយ​រូ​ហ្គា​យ ត្រូវតែមាន​ការប្រឹងប្រែង​ខ្ពស់​សម្រាប់​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត។

កូ​ឡុំ​ប៊ី​បំបាក់​ក្រិ​ក ៣-០ នៅក្នុង​ពូ​ល C
ក្រុមបាល់ទាត់​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​ផ្តួល​ក្រិ​ក ៣-០ ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពូ​ល C។ នៅក្នុង​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើន​មួយ​ផ្សេងទៀត ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា បាន​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ​គ្រាប់​បាល់​ស៊ុត​ប៉េ​ណា​ល់​ទី​ដើម្បី​ទទួល​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅ​កីឡដ្ឋាន Castelao ក្នុង​រដ្ឋ Fortaleza។ លទ្ធផល​នេះ​បាន​កើតឡើង​ត្រឹមតែ​រយៈពេល២៤ម៉ោង ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់​បាន​បំបាក់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-១ ក្នុង​ទីក្រុង Salvador។

ក្រុម​ជើង​ខ្លាំង​អាហ្វ្រិក កូត​ឌី​វ័រ និង​ក្រុម​ជើង​ខ្លាំង​អាស៊ី កំពុង​ស្វែងរក​ឱកាស​ដើម្បី​ទទួលបាន​ពិន្ទុរៀងៗខ្លួន​នៅក្នុង​ពូ​ល C ផងដែរ៕

ប្រែសម្រួលដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com