កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ពូល E និង ពូល F បើក​យុទ្ធនាការប្រកួត​នៅ​រាត្រីនេះ
15, Jun 2014 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi និង​ក្រុម​ជម្រើស​ជាតិ​បារាំង​​នឹង​ត្រូវ​ប្រកួត​ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ថ្ងៃ​អាទិត្យ ក្រោម​បេស​ក​កម្ម​មួយ​ក្នុង​ការ​គេច​ឲ្យ​ផុត​ការ​ជួប​គ្នា​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​២​។ ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​នឹង​ត្រូវ​លេង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​ក្នុង​ពូល F នៅ​ក្នុង​ទីក្រុង Rio de Janeiro ជា​មួយ​នឹង​ក្រុម​បូ​ស្នី ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​​ក្នុង​ការ​ប្រកួត World Cup ជុំ​ផ្តាច់​​ព្រ័ត្រ​ជា​លើក​ទី​១​របស់​​ពួក​គេ​បើ​គិត​ចាប់​តាំង​ពី​ក្លាយ​ជា​ប្រទេស​​ឯក​រាជ្យ​កាល​ពី​ឆ្នាំ​១៩៩២​។



ក្នុង​ការ​ប្រកួត​ពូល E ឯ​នោះ​វិញ ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ហុង​ឌូ​រ៉ាស​ក្នុង​ទីក្រុង Porto Alegre ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស​នឹង​​ត្រូវ​ប៉ះ​ជា​មួយ​នឹង​អេ​ក្វា​ទ័រ​ក្នុង​ទីក្រុង Brasilia​។ ក្រុម​ម្ចាស់​ជើង​ឯក World Cup ពីរ​សម័យ​កាល​ អាហ្សង់​ទីន មិន​ធ្លាប់​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​សោះ​​ចាប់​តាំង​ពី​​ឆ្នាំ​១៩៩០​មក​ម្ល៉េះ​។

ប៉ុន្តែ ក្រោម​ជំនួយ​ដ៏​ធំ​ក្នុង​តំបន់​ប្រយុទ្ធ​ពី​សំ​ណាក់​ខ្សែ​ប្រយុទ្ធ Messi, Gonzalo Higuain, Sergio Aguero និង​​ខ្សែ​បម្រើ Angel di Maria ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ជាង​គេ​នៅ​ពេល​នេះ ដោយ​មិន​ចាញ់​ក្រុម​​ជម្រើស​ជាតិ​ប្រេស៊ីល​ឡើយ​។

លោក​គ្រូ​បង្វឹក Alejandro Sabella បាន​ជួប​ភាព​ស្រពេច​ស្រពិល​លើ​ខ្សែ​ប្រយុទ្ធ Higuain របស់​ក្លិប Napoli ដែល​កំ​ពុង​តែ​ជួប​បញ្ហា​របួស​ក​ជើង​កាល​ពី​ខែ​មុន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Ezequiel Lavezzi របស់​ក្លិប Paris Saint-Germain កំ​ពុង​តែ​បង្ហាញ​ភាព​រឹង​មាំ​ក្នុង​ការ​ហ្វឹក​ហាត់​។

ក្រុម​បូ​ស្នី​ដឹង​ថា ពួក​គេ​ត្រូវ​តែ​រំ​ពឹង​ថា គូ​ប្រជែង​របស់​ខ្លួន​នឹង​ចែក​បាល់​ឲ្យ Messi លេង​​​គ្រប់​​ពេល​ទាំង​អស់​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Safet Susic គ្រូ​បង្វឹក​របស់​បូ​ស្នី​ បញ្ជាក់​ថា លោក​នឹង​មិន​មាន​កីឡាករ​តែ​ម្នាក់​ដើម្បី​រា​រាំង​តា​រា​ឆ្នើម​​របស់​ក្លិប Barcelona រូប​នេះ​ឡើយ​​។

ក្រុម​ដែល​ស្ថិត​ក្នុង​ពូល​ជា​មួយ​ពួក​គេ​ដែរ​គឺ នី​ហ្សេ​រី​យ៉ា និង​អ៊ី​រ៉ង់ នឹង​ត្រូ​វ​ធ្វើ​ការ​ប្រកួត​លើក​ដំ​បូង​របស់​​ពួក​គេ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ លោក Sabella ក៏​នឹង​ត្រូវ​រក្សា​ការ​យក​ចិត្ត​​ទុក​ដាក់​​ទៅ​លើ​ការ​ប្រកួត​ក្នុង​ពូល E នេះ​ផង​ដែរ​។ ក្រុម​ឈរ​លេខ​១​ក្នុង​ពូល​ជា​មួយ​នឹង​អាហ្សង់​ទីន នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​លេខ​២​នៃ​ពូល E ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​៕

កម្ម​វិធី​ប្រកួត​នៅ​រាត្រី​នេះ
ស្វ៊ីស v អេ​ក្វា​ទ័រ - ១១ យប់
បារាំង v ហុង​ឌូ​រ៉ាស - ២ ទៀប​ភ្លឺ
អាហ្សង់​ទីន v បូស្នី - ៥ ព្រឹក


ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com