កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អា​ហ្ស​ង់​ទីន បារាំង និង​ស្វ៊ី​ស បើកឆាក​ជាមួយនឹង​ជ័យជម្នះ
16, Jun 2014 , 7:48 am        
រូបភាព
Messi រកបានមួយគ្រាប់ និងជួយមិត្តរួមក្រុម​ឲ្យស៊ុតបញ្ចូលទី​បានមួយគ្រាប់សម្រាប់អាហ្សង់ទីន។ រូបថត fifa.com
Messi រកបានមួយគ្រាប់ និងជួយមិត្តរួមក្រុម​ឲ្យស៊ុតបញ្ចូលទី​បានមួយគ្រាប់សម្រាប់អាហ្សង់ទីន។ រូបថត fifa.com
ដោយ: ថ្មីៗ
អា​ហ្ស​ង់​ទីន​បានទទួល​ជ័យជម្នះ ២-១ លើ​បូ​ស្នី​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល F នៅ​កីឡដ្ឋាន Maracanã ក្រុង Rio De Janeiro នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​បារាំង​ឈរលើ​តារាង​ពូ​ល E ក្រោយ​បំបាក់​ហុង​ឌូ​រ៉ា​ស ៣-០ រីឯ​ស្វ៊ី​ស​ដែល​បាន​យកឈ្នះ អេ​ក្វា​ឌ័​រ ២-១ ស្ថិតនៅ​លំដាប់​លេខ២ ។



Messi ជួយ​អា​ហ្ស​ង់​ទីន​ចាប់ផ្តើម​ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម​ចំណូល​ថ្មី បូ​ស្នី
Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទីមួយ​គ្រាប់​យ៉ាង​អស្ចារ្យ ខណៈ​អា​ហ្ស​ង់​ទីន បានចាប់ផ្តើម​យុទ្ធនាការ World Cup របស់ខ្លួន​ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ក្រុម​ចំណូល​ថ្មី បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា។

អា​ហ្ស​ង់​ទីន បានចាប់ផ្តើម​នាំមុខ ក្រោយ​ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​របស់ Messi នៅក្នុង​នាទី ទី៣ ដែល​បានធ្វើ​ឲ្យ​ខ្សែការពារ Sead Kolasinac របស់​បូ​ស្នី ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង។ បន្ទាប់មក Messi បាន​ប្រើ​បច្ចេកទេស​លេង​មួយ-ពីរ ជាមួយ Gonzalo Higuain ដោយ​រំលង​ខ្សែការពារ​របស់​បូ​ស្នី​ពីរ​នាក់ ដើម្បី​រក​គ្រាប់​បាល់​ទី២សម្រាប់​អា​ហ្ស​ង់​ទីន​នៅ​នាទី ទី៦៥ ។

១៥នាទី​មុន​បញ្ចប់​ការប្រកួត បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា​ដែលជា​ក្រុម​ថ្មីថ្មោង​ក្នុង World Cup វាយបក​វិញ​បាន​មួយ​គ្រាប់​ដែល​សម្រេចបាន​ដោយ Vedad Ibisevic។

បារាំង​បំបាក់​ហុង​ឌូ​រ៉ា​ស​ដែលមាន​គ្នា​ត្រឹម១០នាក់
ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​បាន​ផ្តួល​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ១០នាក់ ហុង​ឌូ​រ៉ា​ស ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត World Cup កាលពី​ថ្ងៃ​អ​ទិ​ត្យ ខណៈដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​មើល​ចលនា​បាល់​បានផ្តល់​គ្រាប់​បាល់​អន្តរជាតិ​ជា​លើក​ទី១ក្នុង​ប្រវត្តិសាស្ត្រ។

រយៈពេល៣នាទី​ក្នុង​តង់​ទី២ ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ GoalControl ត្រូវបាន​ប្រើប្រាស់​នៅពេលដែល​ការ​ស៊ុត​បាល់​ពី​សំណាក់​ខ្សែប្រយុទ្ធ Karim Benzema ដែល​បានបញ្ចប់​នៅ​រាត្រី​នោះ​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី២គ្រាប់​នោះ បាន​ខ្ទាត​ចេញពី​បង្គោល​ទី​ត្រឡប់មកវិញ។ បាល់​មួយ​នោះបាន​លោត​ចូលទៅក្នុង​ប្រអប់​ទី​ម្តងទៀត នៅមុន​ពេលដែល​អ្នកចាំទី​របស់​ហុង​ឌូ​រ៉ា​ស Noel Valladares បាន​ទះ​បាល់​ចេញ។

បន្ទាប់មក​រូបគេ​បាន​ព្យាយាម​ចាប់​បាល់​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្តែ លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ប្រេ​ស៊ី​ល Sandro Ricci បានអនុញ្ញាត​ឲ្យ​គ្រាប់​បាល់​ចូល​ទី ដែល​ត្រូវបាន​ចាត់ទុកថា ជា​គ្រាប់​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ក្រោយពី​ការពិភាក្សា​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យាភ្លាម៕


Seferovic ជួយ​ឲ្យ​ស្វ៊ី​ស​ទទួល​ជ័យជម្នះ​នៅ​វិនាទី​ចុងក្រោយ
ខ្សែប្រយុទ្ធ Haris Seferovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីចុងក្រោយ​នៃ​នាទី​បន្ថែម​ដើម្បី​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស​ទទួល​ជ័យជម្នះ​យ៉ាង​រំភើប​ក្នុង​លទ្ធផល ២-១ លើ​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ​ក្នុងការ​ប្រកួត​ពូ​ល E នៃ​យុទ្ធនាការ World Cup របស់​ពួកគេ​ក្នុង​ទីក្រុង Brasilia កាលពី​ថ្ងៃ​អ​ទិ​ត្យ។

គ្រាប់​បាល់​ឈ្នះ​របស់ Seferovic បាន​បំពេញ​នូវ​ការ​វាយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ពី​សំណាក់​ក្រុម​ស្វ៊ី​ស​ក្នុង​ពូ​ល​នេះ ខណៈដែល​កីឡាករ​បម្រុង Admer Mehmidi បាន​បំ​ណាយ​ពេល​ត្រឹមតែ១២១វិនាទី​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញ​នូវ​ភាព​អស្ចារ្យ​របស់គេ ខណៈដែល​រូបគេ​បា​នរក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ក្រុម​ខ្លួន​នៅ​នាទី ទី៤៨ ។

កីឡាករ Enner Valencia បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ​នៅ​ពាក់កណ្តាល​តង់​ទី១ ខណៈដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ជា​លើក​ទីជាប់ៗគ្នា​សម្រាប់​ប្រទេស​របស់ខ្លួន។ នេះ​ជាការ​ទទួល​ជ័យជម្នះ​ជា​លើក​ទី១របស់​ស្វ៊ី​ស​លើ​ក្រុម​អាមេរិក​ខាងត្បូង​ក្នុង​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ ក្រោយពី​ការរង​បរាជ័យ​ចំនួន​បួន​លើក​កាលពីមុន ហើយ​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​លោកគ្រូ​បង្វឹក Ottmar Hitzfeld លោត​ចុះឡើង​ដើម្បី​បង្ហាញ​ពី​ការរីករាយ​យ៉ាងខ្លាំង។

ប្រែ​សម្រួល​ដោយ ផេង សំណាង
រូបថត fifa.com



© រក្សាសិទ្ធិដោយ thmeythmey.com