កីឡាអន្តរជាតិ
អន្តរជាតិ
ហ្គា​ណា​ត្រូវ​បាន​រំ​ពឹង​ថា នឹង​ផ្តួល​អាមេ​រិក ប៉ុន្តែ បំ​ណង​ទៅ​វគ្គ​១/២​ពិត​ជា​លំ​បាក
16, Jun 2014 , 2:34 pm        
រូបភាព
ក្រុម​ជម្រើស​ជាតិអាមេរិក​នាអំឡុងពេលនៃ​ការហ្វឹក​ហាត់។ រូបថត fifa.com
ក្រុម​ជម្រើស​ជាតិអាមេរិក​នាអំឡុងពេលនៃ​ការហ្វឹក​ហាត់។ រូបថត fifa.com
ដោយ: ថ្មីៗ
ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហ្គា​ណា នឹង​ចាប់ផ្តើម​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ​ក្នុង​ទីក្រុង Natal ដោយ​រំ​ពឹង​ថា នឹងផ្តួលក្រុម​ជម្រើស​ជាតិ​សហ​រដ្ឋ​អាមេ​រិក​នៅ​រាត្រី​នេះ ប៉ុន្តែ ការ​ខិត​ខំ​​ព្យា​យាម​របស់​ពួក​គេ​សម្រាប់​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​អាច​នឹងមាន​ការ​លំ​បាក​ជាង​កាល​លើក​មុន​។



ក្រុម​ហ្គា​​ណា​បាន​ទម្លាក់​សហ​រដ្ឋ​អាមេ​រិក​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​រយៈ​ពេល​បួន​ឆ្នាំ​មុន​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ មុននឹង​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អ៊ុយ​រូ​ហ្គាយ​។

នៅ​អាហ្រ្វិក​ខាង​ត្បូង លោក​គ្រូ​បង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី Milovan Rajevac ដែល​មាន​លោក Kwesi Appiah ជា​គ្រូ​បង្វឹក​ជំនួយ បាន​ដឹក​នាំ​ឲ្យ​ក្រុម​មាន​រហស្ស​នា​តា​រា​ខ្មៅមួយ​នេះ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​បាត់​បង់​កៅ​អី​ឈាន​ទៅ​ប្រកួត​​​វគ្គ​៤​ក្រុម​ចុង​ក្រោយ នៅពេល​ដែល​ខ្សែ​ប្រយុទ្ធ Asamoah Gyan បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​មិន​ចូល​ទី​​ក្រោយ​ពី​មាន​ការ​ធ្វើ​ឲ្យ​​ដៃ​ប៉ះ​បាល់​ពី​សំណាក់​កីឡាករ Luis Suarez របស់​អ៊ុយ​រូ​ហ្គាយ ខណៈ​ដែល​អ៊ុយ​រូ​ហ្គាយ​ឈាន​ទៅ​វគ្គ​បន្ត​តាម​រយៈ​​ការ​ឈ្នះ​ក្នុង​ការ​កាត់​សេច​ក្តី​ដោយ​ការ​​ស៊ុត​បាល់​ប៉េ​ណាល់​ទី​។

រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​មក បំ​ណង​របស់​លោក Appiah ដែល​ជា​គ្រូ​បង្វឹក​សញ្ជាតិ​ហ្គា​ណា​ទី​១​ក្នុង​ការ​ដឹក​នាំ​ក្រុម​តា​រា​​ខ្មៅមួយ​នេះ​ក្នុង​យុទ្ធ​នា​ការ World Cup គឺ​ការ​នាំ​ឲ្យ​ក្រុម​របស់​លោក​ឈាន​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ប៉ុន្តែ ខណៈ​ដែល​គូ​ប្រជែង​ក្នុង​ពូល G ដែល​រួម​មាន​អាល្លឺ​ម៉ង់ និង​ព័រ​ទុយ​ហ្គាល់ ត្រូវ​បាន​រំ​ពឹង​ថា នឹង​ដណ្តើម​យក​ចំ​ណាត់​ថ្នាក់​លេខ​១ និង​លេខ​២​នោះ ការ​មាន​ទម្រង់​លេង​ដ៏​ល្អពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​។

ក្រុម​របស់​លោក Appiah មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​កំពុង​តែ​លេង​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​​រ៉ុប ដោយ​មាន​ចាប់​តាំង​ពី​ខ្សែ​ស្លាប Kwadwo Asamoah របស់​ក្លិប Juventus រហូត​ដល់​ខ្សែ​បម្រើ Michael Essien និង Sulley Muntari នៃ​ក្លិប AC Milan ខ្សែ​ប្រយុទ្ធ Kevin-Prince Boateng របស់​ក្លិប Schalke និង​ខ្សែ​ប្រយុទ្ធ Jordan Ayew ដែល​លេង​ឲ្យ​ក្លិប Marseille​។ ហ្គា​ណា​ក៏​ទើប​តែ​ស្វា​គមន៍​ការ​វិល​ត្រឡប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​របស់​ខ្សែ​ប្រយុទ្ធ Abdul Majeed Waris ផង​ដែរ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​លីក Ligue 1 សម្រាប់​ក្លិប Valenciennes អំ​ឡុង​ពេល​ស្ថិត​ជា​កីឡាករ​ខ្ចី​ជើង​រយៈ​ពេល​៦​ខែ​ពី​ក្លិប Spartak Moscow របស់​រុស្ស៊ី ក្រោយ​ពី​​រូប​គេ​វិល​ពី​របួស​យ៉ាង​ឆាប់​រហ័ស​ជាង​ការ​រំ​ពឹង​ទុក​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​​៥​ព្រឹក​៕

ជំនួប​ពីរ​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ
WORLD CUP    27/06/10 USA 1-1 Ghana
WORLD CUP    22/06/06 Ghana 2-1 USA

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com