កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​​ជួប​​ព័រ​​ទុយ​​ហ្គា​ល់​​នឹង​​ក្លាយ​ជា​ការ​​ប្រកួត​​ដ៏​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍​​នៅ​​រាត្រី​​នេះ​
16, Jun 2014 , 7:28 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់រ​បស់​ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុង​មានបំណង​បញ្ចប់​ការរង​បរាជ័យ​បី​លើកជាប់ៗគ្នា​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅក្នុង​យុទ្ធនាការធំៗ នៅពេលដែល​ការជួបគ្នា​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រាត្រី​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ។ ស្របពេល​ជាមួយគ្នានេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្គា​ណា នឹងត្រូវ​ជួប​សហរដ្ឋអាមេរិក​ក្នុងការ​ប្រកួត​គូ​ទី២នៃ​ពូ​ល G ខណៈដែល​ក្នុងការ​ប្រកួត​ពូ​ល F ក្រុម​អ៊ីរ៉ង់​នឹងត្រូវ​ជួប​ជាមួយ​នី​ហ្សេ​រី​យ៉ា។



ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ផ្តួល​ក្រុម​របស់​កីឡាករ​ឈ្នះ​បាល់​មាស FIFA Ballon D'Or រូបនេះ ក្នុង​លទ្ធផល ៣-១ ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ក្នុង​លទ្ធផល ៣-២ ក្នុងការ​ប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ២០០៨ និង​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១-០ ក្នុង​ជុំ​ទី១នៃ​យុទ្ធនាការ Euro ឆ្នាំ២០១២ ។

ស្ថិតិ​ផ្សេងទៀត​ហាក់​បង្ហាញ​ពី​ការប្រឆាំង​នឹង​កីឡាករ Ronaldo ខណៈដែល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បានទទួល​ជ័យជម្នះ​រាល់​ការប្រកួត​បើកឆាក​របស់​ពួកគេ​ទាំង​នៃ​ព្រឹត្តិការណ៍ World Cup បើ​គិត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ។ ក្រុម​អាល្លឺម៉ង់​មាន​កីឡាករ​ស្ថិតក្នុង​បញ្ហា​របួស​ជាច្រើន​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​ក្នុង​ទីក្រុង Salvador ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១យប់​នេះ។

ប៉ុន្តែ អ្នកចាំទី Manuel Neuer នឹង​វិល​ទៅ​ប្រកួត​វិញ ក្រោយពី​ការ​ជាសះស្បើយ​លើ​បញ្ហា​របួស​ស្មា។ ខ្សែបម្រើ Bastian Schweinsteiger ក៏​នឹងត្រូវ​ចូល​លេង​ផងដែរ បើទោះបី​រូបគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​ជង្គង់​នៅ​មន្ទីរពេទ្យ​របស់ FIFA ក៏ដោយ។ Ronaldo វ័យ២៩ កំពុងតែ​ស្ថិតក្នុង​ការជឿជាក់​យ៉ាងខ្ពស់ ក្រោយពី​បានឈ្នះ​ពាន Champions League ជាមួយនឹង​ក្លិប Real Madrid។ ប៉ុន្តែ រូបគេ​កំពុងតែ​ហ្វឹកហាត់​ដោយ​ការ​រុំ​ក្រណាត់​លើ​ជង្គង់​ក្នុង​រយៈពេលថ្មីៗនេះ។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ MiroslavKloseរបស់​អាល្លឺម៉ង់ រំពឹង​តាម​ទាន់​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ronaldo ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី១៥គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup ខណៈ​បច្ចុប្បន្ន គេ​រកបាន១៤គ្រាប់​ហើយ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ៖
អាល្លឺម៉ង់ ជួប ព័រ​ទុយ​ហ្គា​ល់-ម៉ោង១១យប់
អ៊ីរ៉ង់ ជួប នី​ហ្សេ​រី​យ៉ា-ម៉ោង២រំលង​អា​ធ្រា​ត្រ
ហ្គា​ណា ជួប សហរដ្ឋអាមេរិក-ម៉ោង៥ទៀបភ្លឺ

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com