កីឡាអន្តរជាតិ
អន្តរជាតិ
បិសាច​​ក្រហម​​បែល​ហ្ស៊ិក​​រំពឹង​​ផ្តួល​​អាល់​​ហ្សេ​​រី​​នៅ​​រាត្រី​​នេះ​
17, Jun 2014 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​នឹង​វិល​ទៅកាន់​ការប្រកួត World Cup ជា​លើក​ទី១របស់​ពួកគេ​ក្នុង​រយៈពេល១២ឆ្នាំ ជាមួយនឹង​ការ​មាន​ពោរពេញ​ដោយ​ក្តីសង្ឃឹម និង​ការប្តេជ្ញាចិត្ត​នៅ​មុនពេល​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល H ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី។



ក្រុម​កីឡាករឆ្នើមៗរបស់​បែលហ្ស៊ិក​ក្នុង​ជំនាន់​មួយ នឹងត្រូវ​ធ្វើការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​កៅអី​ក្នុង​ជម្រើស​ទាំង១១នាក់​ដំបូង​សម្រាប់​ការប្រកួត​កីឡដ្ឋាន EstadioMineirao នា​រាត្រី​នេះ។ កីឡាករ​មួយចំនួន​ត្រូវបាន​ប្រឈមមុខ​នឹង​ការ​ឈូស​ជើង​ខ្លាំង​ក្នុង​វគ្គ​ហ្វឹកហាត់​ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន។

លោកគ្រូ​បង្វឹក Marc Wilmotsបាន​និយាយថា ការ​ប្រជែង​គ្នា​នេះ នឹង​នាំ​ឲ្យ​មាន​ស្មារតី​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា​នៅពេល​ជួប​ក្រុម​អាល់​ហ្សេ​រី ដែល​កំពុងតែ​លេង​ប្រកបដោយ​ទេពកោសល្យ​ធម្មជាតិ​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ ជាមួយនឹង​ការមិន​មើលស្រាល​គូប្រជែង​របស់ខ្លួន លោក Wilmots មិនដឹងថា តើ​ក្រុម​មក​អាហ្វ្រិក​មួយ​នេះ​នឹង​ប្រើប្រាស់​បច្ចេកទេស​យ៉ាងណា​ឡើយ។

លោក Wilmots បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មិនអាច​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សមាជិក​ក្រុម​អាល់​ហ្សេ​រី​បានឡើយ។ ពួកគេ​កំពុងតែ​លេង​ការប្រកួត​របស់​ពួកគេ​ក្នុង​រូបមន្ត ៤-៣-៣ ហើយ​ពួកគេ​អាច​នឹង​លេង​ក្នុង​រូបមន្ត ៤-៤-២ ក៏​ថា​បាន។ យើង​អាច​នឹង​ត្រៀម​ប្រើប្រាស់​ជម្រើស​ខុសគ្នា​ចំនួន៣ពាន់​លើក ដែល​នោះ​គឺជា​រឿង​មួយ​ដែល​អាច​នឹងធ្វើ​ដើម្បី​ត្រៀម​ឲ្យ​បាន​រួចរាល់»។

ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​មានប្រៀប​ជាងគេ​ក្នុង​ពូ​ល H ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​របស់​ក្រុម​រុស្ស៊ី និង​កូរ៉េខាងត្បូង​ផងដែរ បើទោះបី​មិនមាន​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Christian Benteke ដែល​បាន​អវត្តមាន​នៅលើ​ទឹកដី​ប្រេ​ស៊ី​ល​ដោយសារតែ​ប​ញ្ហ​របួស ក៏ដោយ។

ក្រុម​ជម្រើសជាតិ​សម្បូរ​ទៅដោយ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ជាច្រើន​ដែល​កំពុងតែ​លេង​ក្នុង​ក្លិបកំពូលៗនៅ​អេ​ស្ប៉ា​ញ និង​អង់គ្លេស ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នកចាំទី ThibautCourtois ខ្សែបម្រើ Eden Hazard និង​ប្រធាន​ក្រុម Vincent Kompany។ ប៉ុន្តែ ក្រុម​អាល់​ហ្សេ​រី នឹង​ឈានទៅ​ប្រកួត​ក្នុង​យុទ្ធនាការ​នេះ​ដោយ​សង្ឃឹមថា អាចធ្វើ​បានល្អ​ប្រសើរ​ជាង​សមិទ្ធផល​របស់​ក្រុម​ក្នុង World Cup ឆ្នាំ១៩៨២ ខណៈដែល​ពេលនោះ​ពួកគេ​បាន​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​អាល្លឺម៉ង់​ខាងលិច ក្នុងការ​ប្រកួត​តាម​ពូ​ល។ ទោះបី​ពួកគេ​មិនបាន​ឆ្លង​ផុត​ការប្រកួត​តាម​ពូ​ល​នោះ​ក៏ដោយ ប៉ុន្តែ ពួកគេ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា ក្រុម​ដ៏​ខ្លាំង​បំផុត​មកពី​អាហ្វ្រិក​ខាងជើង។ ការប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១យប់៕

ជំនួប​ពីរលើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
13/02/03Algeria1-3Belgium
15/05/02Belgium0-0Algeria

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com