កីឡាអន្តរជាតិ
អន្តរជាតិ
World​ Cup​៖​ ពូ​ល​​A​ ចាប់​ផ្តើម​​ជុំ​​ទី​​ពីរ​ ខណៈ​H ​ចាប់​ដំណើរ​ការ​
17, Jun 2014 , 7:50 pm        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ត្រូវ​ប៉ះ​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដោយ​ក្រុម​ទាំងពីរ​ត្រូវការ​ជ័យជម្នះរៀងៗសម្រាប់​ជំនួប​ជុំ​ទី​ពីរ​នៅក្នុង​ពូ​ល A នា​រាត្រី​ថ្ងៃ​អង្គារ ឈានចូល​រាត្រី​ថ្ងៃ​ពុធ​នេះ។ រីឯ​ពូ​ល H ចាប់ផ្តើម​ដំណើរការ​របស់ខ្លួន ដោយ​បែលហ្ស៊ិក ត្រូវ​ជួប​ជាមួយ​អាល់​ហ្សេ​រី មុនពេល​ដែល រុស្ស៊ី ត្រូវ​តទល់​ជាមួយ​កូរ៉េខាងត្បូង។



ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក ត្រូវការ​ជ័យជម្នះ​ពីរលើកជាប់ៗគ្នា
ការទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ពូ​ល A ក្នុង​ទីក្រុង Fortaleza នៅវេលា​ម៉ោង២ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា) នៅ​រាត្រី​នេះ ក៏​នឹង​ក្លាយ​ជាការ​សងសឹក​មួយ​របស់​ប្រេ​ស៊ី​ល សម្រាប់​ការរង​បរាជ័យ​ក្នុង​លទ្ធផល ២-១ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម៉ិ​ក​ស៊ិ​ក​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំ២០០២ ផងដែរ។

ប្រេ​ស៊ី​ល​បាន​ផ្តួល​ក្រុម​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ៣-១ ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល A ខណៈ​លោកគ្រូ​បង្វឹក Scolari នឹង​សម្លឹង​រក​ការបង្ហាញ​ពី​ទម្រង់​លេង​ប្រកបដោយ​ភាពជឿជាក់​បន្ថែមទៀត​ពី​សំណាក់​ក្រុម​ជើង​ខ្លាំង​មួយ​នេះ។ ប្រសិនបើ​ប្រេ​ស៊ី​ល​ទទួល​ជ័យជម្នះ ហើយ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន និង​ក្រូ​អាស៊ី​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬក៏​ការទទួល​ជ័យជម្នះ​សម្រាប់​ក្រូ​អាស៊ី នោះ​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ នឹង​ឈ្នះ​កៅអី​ដើម្បី​ទៅលេង​ក្នុង​វគ្គ​បន្ត។ ម៉ិ​ក​ស៊ិ​កបាន​ផ្តួល​កា​មេ​រូ​ន ១-០ ក្នុងការ​ប្រកួត​ទី១របស់​ពួកគេ​ដែលមាន​ភាពចម្រូងចម្រាស់​លើ​ការ​កាត់សេចក្តី​របស់លោក​អាជ្ញាកណ្តាល​ផងដែរ។ គ្រាប់​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ពី​សំណាក់ Giovani dos Santos មិនបាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទី​ជា​ផ្លូវការ​ដោយ​លោក​អាជ្ញាកណ្តាល។

ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​កមាន​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ទីក្រុង Fortaleza។ នៅពេលដែល​ពួកគេ​ជួបគ្នា​ក្នុងការ​ប្រកួត Confederations Cup នៅ​ទីនោះ​កាលពី​ពីរ​ឆ្នាំ​កន្លងទៅ ការគោរព​ភ្លេងជាតិ​ត្រូវបាន​ផ្អាក​ក្រោយពី​រយៈពេល៩០វិនាទី ហើយ​អ្នកគាំទ្រ​របស់​ប្រេ​ស៊ី​ល​បាន​បន្ត​ច្រៀង​រហូតដល់​បញ្ច​ប់ប​ទ​ដែល​ធ្វើ​ឲ្យ​ប្រធាន​ក្រុម Thiago Silva បាន​និយាយថា វា​បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ ២-០ ។

លោក Hong រំពឹងថា នាំ​កូរ៉េ​ខាង​ឲ្យ​ទទួលជោគជ័យ
ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី៤ និង​ជា​លើកចុងក្រោយ​នៃ​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ​ក្នុងនាម​ជា​កីឡាករ​ម្នាក់ លោក Hong Myung-bo បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​មាន​ភាពល្បីល្បាញ​តាមរយៈ​ការជួយ​ឲ្យ​ពួកគេ​ឈានទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ២០០២ ។

រយៈពេល១២ឆ្នាំ​ក្រោយមក ខណៈដែល​បច្ចុប្បន្ន​ស្ថិតក្នុង​នាម​ជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ វា​នឹង​ក្លាយជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​សម្គាល់​មួយ ប្រសិនបើ​លោក​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ឆ្លង​ផុត​ការប្រកួត​ជម្រុះ​តាម​ពូ​ល។ យុទ្ធនាការ​នៃ​ការប្រកួត​ជម្រុះ​ប្រចាំ​ទ្វីប​ដ៏​ខកចិត្ត​របស់​ពួកគេ អាច​នឹង​រំខាន​ដល់​ការជឿជាក់​របស់​កូរ៉េខាងត្បូង នៅមុន​ការប្រកួត​បើកឆាក​នៃ​ពូ​ល H របស់​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​របស់លោក Fabio Capello នៅ​រាត្រី​នេះ ប៉ុន្តែ ពួកគេ​មាននូវ​បទពិសោធ​យ៉ាងច្រើន​ក្នុងការ​ប្រកួត World Cup។

គ្រូបង្វឹក​របស់​រុស្ស៊ី​លោក Capello បាន​ជួប​ភាព​វេទនា​យ៉ាងខ្លាំង​ក្នុងការ​ប្រកួត World Cup ជា​លើក​ទី១របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស កាលពី​ឆ្នាំ២០១០ តាមរយៈ​ការដឹកនាំ​ឲ្យ​ក្រុម​នេះ​ឈានទៅ​វគ្គ១៦ក្រុម​ទាំង​ត្រដាបត្រដួស មុន​នឹងរង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់។

បិសាច​ក្រហម​បែលហ្ស៊ិក​រំពឹង​ផ្តួល​អាល់​ហ្សេ​រី​នៅ​រាត្រី​នេះ


ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​នឹង​វិល​ទៅកាន់​ការប្រកួត World Cup ជា​លើក​ទី១របស់​ពួកគេ​ក្នុង​រយៈពេល១២ឆ្នាំ​ជាមួយនឹង​ការ​មាន​ពោរពេញ​ដោយ​ក្តីសង្ឃឹម​និង​ការប្តេជ្ញាចិត្ត​នៅមុន​ពេល​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល H ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី។

ក្រុម​កីឡាករឆ្នើមៗរបស់​បែលហ្ស៊ិក​ក្នុង​ជំនាន់​មួយ​នឹងត្រូវ​ធ្វើការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​កៅអី​ក្នុង​ជម្រើស​ទាំង១១នាក់​ដំបូង​សម្រាប់​ការប្រកួត​កីឡដ្ឋាន EstadioMineiraoនា​រាត្រី​នេះ។កីឡាករ​មួយចំនួន​ត្រូវបាន​ប្រឈមមុខ​នឹង​ការ​ឈូស​ជើង​ខ្លាំង​ក្នុង​វគ្គ​ហ្វឹកហាត់​ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ៖
-ម៉ោង១១យប់៖ បែលហ្ស៊ិក ជួប អាល់​ហ្សេ​រី
-ម៉ោង២រំលង​អា​ធ្រា​ត្រ៖ ប្រេ​ស៊ី​ល ជួប ម៉ិ​ក​ស៊ិ​ក
-ម៉ោង៥ទៀបភ្លឺ៖ រុស្ស៊ី ជួប កូរ៉េខាងត្បូង

ប្រែ​សម្រួល​ដោយ​ផេង​សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com