កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ លោក បាន គី​មូ​ន ធ្វើខ្លួន​​អ​ព្យា​ក្រឹត្យ ទោះបី​ចិត្ត​គាំទ្រ​កូរ៉េខាងត្បូង​ក៏ដោយ
17, Jun 2014 , 10:02 pm        
រូបភាព
ដោយ: រួបរួម
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា លោក​នឹងធ្វើ​ខ្លួន​ជា​មនុស្សស្ថិតនៅ​អ​ព្យា​ក្រឹត្យ ខណៈ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​នៃ​ប្រទេស​កំណើត​របស់លោក ត្រូវ​ប៉ះគ្នា​ជាមួយ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ World Cup នា​វេលា​ម៉ោង៥ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ (ម៉ោង​នៅ​កម្ពុជា)។



បើ​យោងតាម​ការដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក បាន គី​មូ​ន បាន​ទទួលស្គាល់ថា សំណួរ​ទាក់ទង​នឹង​ការប្រកួត World Cup របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​គឺជា​សំណួរ​ដ៏​រសើប​មួយ​សម្រាប់​រូបលោក។ លោក​បាន​លើកឡើងថា៖ «ខ្ញុំ​មិនអាច​លាក់បាំង​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន​បានឡើយ​ថា ខ្ញុំ​គាំទ្រ​ជម្រើសជាតិ​កូរ៉េខាងត្បូង។ ប៉ុន្តែ​ក្នុងនាម​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ វា​ពិតប្រាកដ​ណាស់​ថា ខ្ញុំ​ត្រូវ​ស្ថិតនៅ​អ​ព្យា​ក្រឹត្យ។ ខ្ញុំ​គាំទ្រ​ក្រុម​ទាំងអស់​ដែល​ចូលរួម​ប្រកួត​ក្នុង World Cup»។

លោក​បាន​បន្ថែមថា៖ «ប៉ុន្តែ​លោកអ្នក​ក៏​អាច​ដឹង​ដែរ​ថា នៅពេលដែល​ក្រុម​កូរ៉េ​មានការ​ប្រកួត​ជាមួយ​ក្រុម​ណាមួយ ដោយ​ចាប់ផ្តើម​ពី​រុស្ស៊ី​នៅថ្ងៃនេះ អ្នក​អាច​រំពឹងថា បេះដូង​របស់ខ្ញុំ​ច្បាស់​ជា​លោត​ញាប់​ជាង​សព្វដង»។

លោក​បាន​អះអាងថា លោក​ត្រូវ​រក្សាខ្លួន​ឲ្យ​ស្ថិតនៅ​អ​ព្យា​ក្រឹត្យ។ «ខ្ញុំ​សម្រេចចិត្ត​មិន​មើល​ការប្រកួត​ឡើយ។ ខ្ញុំ​នឹង​ទទួល​របាយការណ៍​ទាក់ទង​នឹង​ការប្រកួត​នេះ​ពី​បុគ្គលិក​របស់ខ្ញុំ​នៅ​ព្រឹកស្អែក»។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក បាន គី​មូ​ន។

កូរ៉េខាងត្បូង​ត្រូវ​ប្រកួត​ជាមួយ​រុស្ស៊ី នៅ​កីឡដ្ឋាន​ក្រុង Cuiaba នៅក្នុង​ពូ​ល H ខណៈ​កាលពី​ឆ្នាំ២០០២ កូរ៉េខាងត្បូង​គឺជា​ក្រុម​ទីមួយ​នៅ​អាស៊ី​ដែល​បាន​ឈានចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com