កីឡាអន្តរជាតិ
អន្តរជាតិ
បែល​ហ្ស៊ិក​​វាយ​បក​​ដើម្បី​​ផ្តួល​​ក្រុម​​អាល់​​ហ្សេ​​រី​​ខណៈ​​ពីរ​​ប្រកួត​​ទៀត​​បញ្ចប់​​ក្នុង​​លទ្ធផល​​ស្មើ​គ្នា​
18, Jun 2014 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
បែលហ្ស៊ិក​បាន​ឈរលើ​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​ពូ​ល H បន្ទាប់ពី​ពួកគេ​បាន​វាយបក​ដើម្បី​យកឈ្នះ​អាល់​ហ្សេ​រី ២-១ មុន​ពេលដែល​រុស្ស៊ី និង​កូរ៉េខាងត្បូង​បញ្ចប់​ក្នុង​លទ្ធផល ១-១ ។ ដោយឡែក​នា​យប់​ថ្ងៃ​អង្គារ ឈានចូល​ថ្ងៃ​ពុធ នេះ​ផងដែរ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​ម៉ិចស៊ិក បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី នា​ការប្រកួត​ជុំ​ទី​ពីរ​នៅក្នុង​ពូ​ល A ។



ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​បានដាក់​ចេញ​នូវ​ការ​វាយបក​យ៉ាងខ្លាំង​ក្លា​នៅ​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ក្នុង​លទ្ធផល ២-១ និង​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​មក​តំបន់​អាហ្វ្រិក​មួយ​នេះ​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី១ក្នុងការ​ប្រកួត World Cup ក្នុង​រយៈពេល៣២ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​តង់​ទី២ពី​សំណាក់​ខ្សែបម្រើ MarouaneFellainiនិង Dries Mertens បាន​នាំ​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពូ​ល H សម្រាប់​ក្រុម​មាន​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ​តែម្តង ក្រោយពី​ក្រុម​អាល់​ហ្សេ​រី​បានធ្វើ​ការនាំ​មុខមុន​នៅ​នាទី ទី២៥តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ SofianeFeghouli។

ខ្សែបម្រើ Fellaini របស់​ក្លិប Manchester United បានតែ​តបាល់​បំប៉ោង​សំណាញ់​ដើម្បី​ជួយ​ឲ្យ​បែលហ្ស៊ិក​តាម​ស្មើ​នៅ​នាទី ទី៧០ នៅមុន​ពេល Mertens បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ក្នុង​រយៈពេល១០នាទីចុងក្រោយ ក្រោយពី​មានការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែបម្រើ Eden Hazard តាមរយៈ​ការ​ស៊ុត​បាល់​ផុតដៃ​អ្នកចាំទី RaisM'bolhi របស់​អាល់​ហ្សេ​រី​ចូល​ទី​យ៉ាង​ល្អ​តែម្តង។

ក្នុងការ​ប្រកួត​មួយគូ​ទៀត​នៃ​ពូ​ល H កីឡាករ Alexander Kerzhakov បាន​សង្គ្រោះ​រុស្ស៊ី​ក្នុងការ​ប្រកួត World Cup ជុំ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី១របស់​ពួកគេ​បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០២ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​ត្រឹម​រយៈពេល២នាទី​ក្រោយពី​រូបគេ​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ។


Kerzhakov ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​នៅ​នាទី ទី៧២ ក្រោយពី​ខ្សែបម្រើ​ស្លាប Lee Keun-Ho បាន​ជួយ​ឲ្យ​កូរ៉េខាងត្បូង​នាំមុខ​តាមរយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ៣០ម៉ែត្រ​ដែល​បានធ្វើ​ឲ្យ​អ្នកចាំទី Igor Akinfeev របស់​រុស្ស៊ី ចាប់​បាល់​ក្រឡក​ចូលក្នុង​សំណាញ់​ទីតាំង​ម្តង។

ស្របពេល​ជាមួយគ្នានេះ ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុងពេល​ជួប​ជាមួយនឹង​ក្រុម​ម៉ិ​ក​ស៊ិ​ក ក្នុងការ​ប្រកួត​ជើង​ទី២នៃ​ពូ​ល A របស់​ពួកគេ៕


ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com