កីឡាអន្តរជាតិ
អន្តរជាតិ
World ​Cup​៖ អេ​ស្ប៉ា​ញ​​រំពឹង​​ជះ​​កំហឹង​​ដាក់​​លើ​​ក្រុម​​ឈី​​លី​
18, Jun 2014 , 8:07 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​រង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុងការ​ប្រកួត​បើកឆាក ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នឹងមាន​បំណង​គេច​ឲ្យ​ផុតពី​ការ​ក្លាយជា​ក្រុមទី៣ក្នុង​ព្រឹត្តិការណ៍​World Cup នៅពេល​ជួប​ក្រុម​ជម្រើសជាតិ​ឈី​លី​នៅ​រាត្រី​នេះ។ ការរង​បរាជ័យ​មួយ​ផ្សេងទៀត​ក្រោយពី​ការរង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-១ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ នឹង​ស្ទើរតែ​កម្ទេច​ក្តី​សុបិន​នៃ​ការការពារ​ពានរង្វាន់​របស់​ក្រុម​អេ​ស្ប៉ា​ញ។



ការធ្លាក់​ចេញ​ត្រឹម​ការប្រកួត​ជម្រុះ​តាម​ពូ​ល នឹងធ្វើ​ឲ្យ​អេ​ស្ប៉ា​ញ​ក្លាយជា​ម្ចាស់​ជើងឯក​អឺរ៉ុប​ទី៣នៃ​យុទ្ធនាការ World Cup ក្នុង​ការវិល​ទៅផ្ទះ​វិញ​ត្រឹមតែ​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ក្នុងនាម​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក។ ខ្សែបម្រើ CescFabregas ដែលជា​កីឡាករ​ជើងចាស់​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង៦នាក់​របស់​ក្រុម​អេ​ស្ប៉ា​ញ ដែល​បាន​ក្លាយជា​ក្រុម​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល៦ឆ្នាំជាប់ៗគ្នា​នោះ បាន​និយាយថា៖ «ប្រសិនបើ​យើង​មិន​ឈ្នះ​ទេនោះ យើង​នឹង​ទៅផ្ទះ​វិញ ហើយ​លទ្ធផល​នៃ​តបស្នង​នឹង​ផ្តល់នូវ​ការឈឺចាប់​យ៉ាងខ្លាំង»។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នឹងធ្វើ​ការប្រកួត​នៅ​កីឡដ្ឋាន Maracana ហើយ​គួរតែ​ដឹង​យ៉ាងច្បាស់​ពី​សារសំខាន់​នៃ​ការប្រកួត​នេះ ប្រសិនបើ​ពួកគេ​មានបំណង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី១៣ ខែកក្កដា។ នៅមុននេះ​បន្តិច ក្នុង​ទីក្រុង Porto Alegre  ក្រុម​ជម្រើសជាតិ​ហូ​ឡង់ នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​អូស្ត្រាលី​ដែល​បាន​រង​បរាជ័យ ៣-១ ក្រោម​ស្នាដៃ​ក្រុម​ស៊ី​លី។ ខ្សែបម្រើ Xabi Alonso បាន​និយាយថា៖ «ក្រោយពី​ការជួប​លទ្ធផល​ដ៏​ខកចិត្ត​នៅពេល​ជួប​ហូ​ឡង់ យើង​ដឹងថា នេះ​ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​យើង។ យើង​រំពឹងថា នឹងមាន​ភាពស្វិតស្វាញ​ជាមិនខាន»។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​អូស្ត្រាលី Mathew Leckie ជឿជាក់ថា ក្រុម​របស់គេ​អាច​នឹង​ក្លាយជា​ក្រុម​ចុងក្រោយ​គេ​បំផុត​ក្នុងការ​ផ្តល់នូវ​ការខកចិត្ត​មួយ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ត្រី​នេះ នៅពេលដែល​ពួកគេ​ជួប​ជាមួយនឹង​ក្រុម​ហូ​ឡង់ ដែល​ទើបតែ​ផ្តួល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ ៥-១ ។

ក្រុម​មាន​រហស្សនាម​ថា Socceroos មួយ​នេះ ចាំបាច់​ត្រូវតែ​ដណ្តើមយក​អ្វីមួយ​ពី​ការប្រកួត​នេះ ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​ល្អ​ដូច​ក្នុងពេល​ពួកគេ​ឈានទៅ​ប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ក្រោយពី​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ស៊ី​លី​ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេ៕
កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
ហូ​ឡង់ v អូស្ត្រាលី - ម៉ោង១១យប់
អេ​ស្ប៉ា​ញ v ឈី​លី - ម៉ោង២ទៀបភ្លឺ
កា​មេ​រូ​ន v ក្រូ​អាស៊ី- ម៉ោង៥ព្រឹក

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com