កីឡាអន្តរជាតិ
អន្តរជាតិ
កូ​ឡុំ​ប៊ី​ឡើង​មុនគេ​នៅក្នុង​ពូ​ល C ខណៈ​ពូ​ល D អង់គ្លេស​ដុនដាប​ជាងគេ
20, Jun 2014 , 8:52 am        
រូបភាព
Suarez និង Gerrard ដែល​ជាមិត្តរូមក្រុម Liverpool ក្រោយអ៊ុយរូហ្គាយឈ្នអង់គ្លេស ២-១។ រូបថត Getty Images
Suarez និង Gerrard ដែល​ជាមិត្តរូមក្រុម Liverpool ក្រោយអ៊ុយរូហ្គាយឈ្នអង់គ្លេស ២-១។ រូបថត Getty Images
ដោយ: រួបរួម
កូ​ឡុំ​ប៊ី បាន​ក្លាយជា​ក្រុមទី​បី​ដែល​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពី​ហូ​ឡង់ និង​ឈី​លី។ ក្រុម​មកពី​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ បាន​យកឈ្នះ​កូត​ឌី​វ័រ ២-១ នៅក្នុង​ពូ​ល C មុន​ពេលដែល​ជប៉ុន និង​ក្រិ​ក​បញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី។ ដោយឡែក​នៅក្នុង​ពូ​ល D អង់គ្លេស​បាន​រង​បរាជ័យ​ពីរលើកផ្ទួនៗ ដែល​នាំ​ឲ្យ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ពួកគេ​មាន​ភាគរយ​តិចតួច​បំផុត។



លទ្ធផល​ស្មើ​រវាង​ជប៉ុន និង​ក្រិ​ក បាន​នាំ​ឲ្យ​កូ​ឡុំ​ប៊ី​ឈានទៅ​វគ្គ​បន្ត
ជប៉ុន និង​ក្រិ​ក បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដែល​នាំ​ឲ្យ​ពួកគេ​រក្សា​ឱកាសរៀងៗខ្លួន​សម្រាប់​ការដណ្តើម​កៅអី​កាន់​វគ្គ​បន្ត។ ក្រិ​កបាន​បាត់បង់​សមាជិក​ម្នាក់​នៅក្នុង​តង់​ទីមួយ ដោយ​ប្រធាន​ក្រុម Konstantinos Katsouranis ទទួលបាន​កាត​លឿង​ចំនួន២ ។


លទ្ធផល​រវាង​ជប៉ុន និង​ក្រិ​ក បាន​នាំ​ឲ្យ​កូ​ឡុំ​ប៊ី​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​កូត​ឌី​វ័រ ២-១ ។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​កើតឡើង​នៅក្នុង​តង់​ទី​ពីរ ដោយ James Rodiguez និង Juan Quintero នាំ​ឲ្យ​កូ​ឡុំ​ប៊ី​នាំមុខ ២-០ ខណៈ Gervinho តាម​ពីក្រោយ​មួយ​គ្រាប់​ឲ្យ​កូត​ឌី​វ័រ។ 

កូ​ឡុំ​ប៊ី ឡើងទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩០ មក ហើយ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ជប៉ុន​នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ខណៈ​ក្រិ​ក​ប៉ះ​កូត​ឌី​វ័រ។ ជប៉ុន ក្រិ​ក និង​កូត​ឌី​វ័រ សុទ្ធតែ​មានឱកាសរៀងៗខ្លួន។


គ្រាប់​បញ្ចូល​ទី២គ្រាប់​របស់ Suarez នាំ​ឲ្យ​អង់គ្លេស​មាន​សភាព​យ៉ាប់យ៉ឺន​ជាងគេ​ក្នុង​ពូ​ល D
ខ្សែប្រយុទ្ធ Luis Suarez ដែលជា​ពីរ​បួស បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​របស់​អ៊ុយ​រូ​ហ្គា​យ ដោយ​រូបគេ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​នា​ជំនួប​ជាមួយ​អង់គ្លេស។ Suarez រកបាន​គ្រាប់​បើកឆាក​នៅ​ចុង​តង់​ទីមួយ ខណៈ Wayne Rooney វាយបក​វិញ​បាន​មួយ​គ្រាប់​នៅក្នុង​នាទី ទី៧៥ ប៉ុន្តែ១៥នាទី​មុន​បញ្ចប់​ការប្រកួត Suarez បន្ថែម​បាន​មួយ​គ្រាប់​ទៀត​ដើម្បី​នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ​ទទួលបាន៣ពិន្ទុ​នៅក្នុង​ពូ​ល D។



ថ្វីត្បិតតែ​ពេលនេះ ក្រុម​ទាំង៤នៅក្នុង​ពូ​ល D មិនទាន់មាន​អ្នក​ជាប់​ក៏ដោយ ប៉ុន្តែ​ក្តីសង្ឃឹម​របស់​អង់គ្លេស​មាន​តិចតួច​ជាងគេ​បំផុត បន្ទាប់ពី​ពួកគេ​ចាញ់​ពីរលើកផ្ទួនៗ ។ ក្តី​រំពឹង​របស់​អង់គ្លេស​គឺ​ត្រូវដាក់​ទៅលើ​អ៊ីតាលី ដែល​ត្រូវ​ប៉ះ​ជាមួយ​កូ​ស្តា​រី​កា​នៅ​យប់​នេះ។ ប្រសិនបើ​កូ​ស្តា​រី​កា​ស្មើ ឬ​ឈ្នះ​អ៊ីតាលី ក្តីសង្ឃឹម​របស់​អង់គ្លេស​នឹងត្រូវ​បញ្ចប់ភ្លាមៗ តែម្តង៕




© រក្សាសិទ្ធិដោយ thmeythmey.com