កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
កូ​ស្តា​រី​កា​ឈានទៅ​កាន់​វគ្គ​បន្ត ខណៈ​អង់គ្លេស​ត្រូវ​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ
21, Jun 2014 , 12:50 am        
រូបភាព
ដោយ: រួបរួម
កូ​ស្តា​រី​កា បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការបំបាក់​អ៊ីតាលី ១-០ នៅលើ​ទីលាន Arena Pernambuco ដើម្បី​ទទួលបាន​កៅអី​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ហើយ​លទ្ធផល​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ៊ីតាលី ខកចិត្ត​តែប៉ុណ្ណោះ​ទេ វា​ក៏​ជាការ​បញ្ចប់​ក្តីសង្ឃឹម​របស់​អង់គ្លេស​ផងដែរ។



កូ​ស្តា​រី​កា​ដែលជា​ក្រុម​មួយ​មកពី​តំបន់​អាមេរិក​កណ្តាល ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​មួយ​ដែល​មិន​អាចមាន​សមត្ថភាព​ឡើងទៅ​កាន់​វគ្គ​បន្ត​បានឡើយ ដោយសារតែ​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល D ជា​ពូ​លម​រណៈ​ដែល​ប្រជុំ​ទៅ​ក្រុម​ជម្រើសជាតិ​ធ្លាប់មាន​ប្រវត្តិ​លើក​ពាន World Cup កន្លងមក។ សមត្ថភាព​របស់​កូ​ស្តា​រី​កា បានធ្វើ​ឲ្យ​ការវិភាគ​នានា​ខុសស្រឡះ​ទាំងស្រុង ដោយ​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Jorge Luis Pinto ជនជាតិ​កូ​ឡុំ​ប៊ី បាន​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៣-១ លើ​អ៊ុយ​រូ​ហ្គា​យ។

អង់គ្លេស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​ដែលមាន​ឥទ្ធិពល​ក្នុង​ពូ​ល បាន​ធ្លាក់​ចេញ​យ៉ាង​សោកសៅ ដោយ​នៅសល់​មួយ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​កូ​ស្តា​រី​កា ខណៈ​អ៊ីតាលី និង​អ៊ុយ​រូ​ហ្គា​យ​ត្រូវ​ប្រជែង​គ្នា​យ៉ាងខ្លាំងក្លា​ដើម្បី​ឡើងទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ។

ពេលនេះ ក្រុម​ដែល​បាន​ឡើងទៅ​កាន់វគ្គ​បន្តរួមមាន ហូឡង់ ឈីលី កូឡុំប៊ី និង​កូស្តារីកា រីឯក្រុមដែល​ហាលអាវមាន អេស្ប៉ាញ អូស្ត្រាលី កាមេរូន និងអង់គ្លេស៕



© រក្សាសិទ្ធិដោយ thmeythmey.com