កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងប្រកៀក​នឹង​​បាន​កៅអី​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ ខណៈ​ឱកាស​ហុង​ឌូ​រ៉ា​ស់ ស្តួចស្តើង​បំផុត​
21, Jun 2014 , 8:46 am        
រូបភាព
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​បារាំង​បានទទួល​ជ័យជម្នះ ៥-២ លើ​ស្វ៊ី​ស ដើម្បី​ប្រកៀក​នឹងការ​ទទួល​បាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ផ្ទុយទៅវិញ ហុង​ឌូ​រ៉ា​ស់​ដែល​ស្ថិតនៅក្នុង​ពូ​ល E ផងដែរ​នោះ ពិបាក​គេចផុត​ពី​ការ​ហាលអាវណាស់​ បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ចាញ់​អេ​ក្វា​ឌ័​រ​ក្នុង​លទ្ធផល ២-១ ។



ការប្រកួត​មិនទាន់បាន២០នាទី​ស្រួលបួល​ផង Olivier Giroud និង Blaise Matuidi បា​នរក​គ្រាប់​បញ្ចូល​ទី​សម្រាប់​បា​រាំងជា​បន្តបន្ទាប់។  ក្រោយ​ពេលដែល Karim Benzema បរាជ័យ​ក្នុង​សម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី Mathieu Valbuena បន្ថែម​បាន​គ្រាប់​បញ្ចូល​ទី ទី៣ ដែល​នាំ​ឲ្យ​បារាំង​នាំមុខ​ស្វ៊ី​ស ៣-០ នៅ​តង់​ទីមួយ។



នៅ​តង់​ទី​ពីរ Benzema និង Moussa Sissoko ជួយ​ឲ្យ​បារាំង​នាំមុខ​រហូតដល់៥-០ ខណៈ១០នាទី​មុននឹង​បញ្ចប់​ការប្រកួត Blerim Demaili និង Granit Xhaka វាយបក​តាម​ពីក្រោយ​បាន​ចំនួន២គ្រាប់​សម្រាប់​ក្រុម​ស្វ៊ី​ស។

ដោយឡែក ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល E ដដែល​នោះ Enner Valencia បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​ចំនួន២គ្រាប់ ដើម្បី​យកឈ្នះ​ហុង​ឌូ​រ៉ា​ស់ ២-១ ។ Carlo Costly គឺជា​អ្នក​ដែល​រកបាន​គ្រាប់​នាំមុខ​សម្រាប់​ហុង​ឌូ​រ៉ា​ស់  និង​ជា​គ្រាប់​បាល់​ដំបូង​របស់​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៨២មក។



បារាំង​នៅសល់​មួយ​ប្រកួត​ជាមួយ​អេ​ក្វា​ឌ័​រ ខណៈ​ហុង​ឌូ​រ៉ា​ស់ត្រូវ​ប៉ះ​ជាមួយ​ស្វ៊ី​ស។ បច្ចុប្បន្ន​ក្រុម​ដែល​ទទួលបាន​កៅអី​ទៅ​វគ្គ១៦ក្រុម​ចុងក្រោយ​រួមមាន ហូ​ឡង់ ឈី​លី កូ​ឡុំ​ប៊ី កូ​ស្តា​រី​កា និង​បារាំង ខណៈ​ក្រុម​អេ​ស្ប៉ា​ញ អូស្ត្រាលី កា​មេ​រូ​ន អង់គ្លេស គឺជា​ក្រុម​ដែល​ហាលអាវ៕

រូបថត៖ fifa.com




© រក្សាសិទ្ធិដោយ thmeythmey.com