កីឡាអន្តរជាតិ
អន្តរជាតិ
បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា​អស់​ឱកាស ខណៈ​អា​ហ្ស​ង់​ទីន​មាន​កៅអី​រួចជាស្រេច​នៅ​វគ្គ​បន្ត
22, Jun 2014 , 7:47 am        
រូបភាព
John Obi Mikel របស់នីហ្សេរីយ៉ា រេរាំង Edin Dzeko របស់បូស្នី-ហឺហ្ស៊េហ្គោវីណា។ រូបថត fifa.com
John Obi Mikel របស់នីហ្សេរីយ៉ា រេរាំង Edin Dzeko របស់បូស្នី-ហឺហ្ស៊េហ្គោវីណា។ រូបថត fifa.com
ដោយ: រួបរួម
ជម្រើសជាតិ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា បាន​បាត់បង់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​នី​ហ្សេ​រី​យ៉ា ១-០ ក្នុងជំនួប​ពូ​ល F ខណៈ​អា​ហ្ស​ង់​ទីន​ដែល​បាន​យកឈ្នះ​អ៊ីរ៉ង់ ១-០ ក្នុង​លទ្ធផល​ដូចគ្នា​នោះ ទទួលបាន​កៅអី​រួចជាស្រេច​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ។ រីឯ​ពូ​ល G វិញ អាល្លឺម៉ង់​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ២-២ ជាមួយ​ហ្គា​ណា។



នី​ហ្សេ​រី​យ៉ា​រក្សា​ឱកាស​របស់ខ្លួន​ទៅកាន់​វគ្គ​បន្ត ខណៈ​បូ​ស្នី-ហឺ​ហ្សេ​ហ្គោ​វី​ណា ត្រូវ​ហាលអាវ

ខ្សែប្រយុទ្ធ Peter Odemwingie បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​ដើម្បី​នាំ​ជ័យជម្នះ​ដល់​នី​ហ្សេ​រី​យ៉ា លើ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា។ គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​នៃ​ក្លិប Stoke City បាន​នាំ​ជ័យជម្នះ​លើកដំបូង​សម្រាប់​នី​ហ្សេ​រី​យ៉ា​ក្នុង​ព្រឹត្តិការណ៍ World Cup បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៨ មក។

បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ដែល​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ World Cup ត្រូវ​ហាលអាវ​ទាំង​ខកចិត្ត បើទោះជា​ពួកគេ​មាន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណាក៏ដោយ។ នី​ហ្សេ​រី​យ៉ា​អាចមាន​ឱកាស​ទៅកាន់​វគ្គ​បន្ត​ប្រសិនបើ​ពួកគេ​អាច​រកបាន​មួយ​ពិន្ទុ​នា​ជំនួប​ជាមួយ​អា​ហ្ស​ង់​ទីន ឬក៏​អ៊ីរ៉ង់​ចាញ់​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា។

Messi ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​នាទី​បន្ថែម​ដើម្បី​នាំ​អា​ហ្ស​ង់​ទីន​ទៅ​វគ្គ១៦ក្រុម​ចុងក្រោយ

ខ្សែប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់ប​ញ្ចួ​ល​ទី​ក្នុង​នាទី​បន្ថែម​ដើម្បី​នាំ​ឲ្យ​អា​ហ្ស​ង់​ទីន​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ ខណៈ​ក្រុម​អ៊ីរ៉ង់​បាន​ព្យាយាម​រារាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​អា​ហ្ស​ង់​ទីន​ដើម្បី​ទទួលបាន​យ៉ាងហោចណាស់​មួយ​ពិន្ទុ។

ខណៈដែល Javier Mascherano ក្លាយជា​កីឡា​ករទី៤ដែល​បាន​បង្ហាញខ្លួន​ជា​លើក​ទី១០០សម្រាប់​អា​ហ្ស​ង់​ទីន​នោះ គ្រាប់​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ដល់​អា​ហ្ស​ង់​ទីន គឺជា​គ្រាប់​បាល់​ទី៣០របស់ Messi សម្រាប់​ក្រុម​ជម្រើសជាតិ។

Miroslav Klose រកបាន​គ្រាប់​បញ្ចូល​ទី១៥គ្រាប់​ក្នុង World Cup ស្មើ​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ronaldo


សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល G អាល្លឺម៉ង់​ទទួលបាន​ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ​ពី​ជំនួប​ជាមួយ​ហ្គា​ណា។ ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ដោយ Mario Gotze រកបាន​គ្រាប់​បាល់​បើកឆាក​សម្រាប់​អាល្លឺម៉ង់ ប៉ុន្តែ Andre Ayew និង Asamoah Gyan បាន​នាំ​ឲ្យ​ហ្គា​ណា​នាំមុខ ២-១ វិញ។ នៅ​នាទី ទី៧១ ខ្សែប្រយុទ្ធ​ដ៏​មានបទពិសោធន៍ Miroslav Klose បាន​វាយបក​តាម​ស្មើ ដែល​នាំ​ឲ្យ​រូបគេ​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន១៥គ្រាប់​ក្នុង World Cup ដោយ​ស្មើនឹង​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ronaldo។

បន្ថែម​ពីលើ​នេះ Klose បាន​ក្លាយជា​កីឡាករ​ដែលមាន​ចំណាស់​ជាងគេ​ទីមួយ​របស់​អាល្លឺម៉ង់​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង World Cup និង​ជា​កីឡាករ​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ព្រឹ​ត្ត​ការណ៍ World Cup ៤សម័យកាល ដូច​វីរបុរស Pelé របស់​ប្រេ​ស៊ី​ល និង អតីត​កីឡាករ​ឆ្នើម​អាល្លឺម៉ង់ Uwe Seeler។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ ខ្សែប្រយុទ្ធ​ហ្គា​ណា Asamoah Gyan ទទួលបាន​កំណត់ត្រា​ស្មើ Roger Milla តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន៥គ្រាប់​នៅ World Cup ដែលជា​កំណត់ត្រា​ដ៏​ខ្ពស់​សម្រាប់​ក្រុម​ជម្រើសជាតិ​មកពី​តំបន់​អាហ្វ្រិក។ រីឯ​ខ្សែការពារ​អាល្លឺម៉ង់ Per Mertesacker  បានបង្ហាញ​ខ្លួន ជា​លើក​ទី១០០ផងដែរ​សម្រាប់​ជម្រើសជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com