កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល​បន្ថែម​កង​កម្លាំង​សន្តិ​សុខ​នៅ​កីឡ​​ដ្ឋាន​ក្នុង​ទីក្រុង Rio
22, Jun 2014 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រទេស​ប្រេស៊ីល​នឹង​ប្រើ​ប្រាស់​របារ និង​​​ប៉ុស្តិ៍​ដ៏​រឹង​មាំ​បន្ថែម​ទៀត​ទៅ​លើ​តំបន់​ប្រឈម​មុខ​​នឹង​ហានិ​ភ័យ​ខ្ពស់​ដើម្បី​ការ​ពារ​ការ​វាយ​សម្រុក​ចូល​បន្ថែម​ទៀត​ពី​សំ​ណាក់​អ្នក​គាំ​ទ្រ​ដែល​គ្មាន​សំបុត្រ​ក្នុង​ការ​ប្រកួត World Cup នៅ​ឯ​កីឡ​ដ្ឋាន Maracana​។ នេះ​បើ​យោង​ទៅ​​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កាល​ពី​ថ្ងៃ​សៅរ៍​។​



ក្រុម​អ្នក​គាំ​ទ្រ​ដ៏​ច្រើន​បាន​ធ្វើ​ការ​សម្រុក​ចូល​ក្នុង​ការ​ប្រកួត​ចំនួន​ពីរ​ក្នុង​កីឡ​ដ្ឋាន​​ដែល​រៀប​ចំ World Cup នៅ​ទីក្រុង Rio de Janeiro ដែល​បាន​នាំ​ឲ្យ​អ្នក​រៀប​ចំ​​ការ​ប្រកួត​មាន​ភាព​អា​ម៉ាស​​យ៉ាង​ខ្លាំង ក៏​ដូច​នាំ​ឲ្យ​មាន​កង្វល់​ទៅ​លើ​សន្តិ​សុខ​ផ្សេង​ៗ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ផង​ដែរ​។

លោក Jose Luis Castro មេបញ្ជា​ការ​យោ​ធា​ទៅ​ទីក្រុង Rio បាន​ថ្លែង​នៅ​ក្នុង​​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «យើង​នឹង​បង្កើត​កម្លាំង​ការ​ពារ​ដាច់​ដោយ​ឡែក​ពី​​គ្នា​បន្ថែម​ទៀត​ជា​មួយ​នឹង​របង​ចល័ត ក្នុង​តំបន់​មាន​ការ​ជ្រួល​ច្របល់​នៅ​កីឡ​ដ្ឋាន Maracana និង​កម្លាំង​ប៉ូ​លិស​ចល័ត​៦០០​នាក់​ក្នុង​តំបន់​ទាំង​នោះ​»​។

មន្ត្រី​ប៉ូ​លិស​៦០០​នាក់​នឹង​ត្រូវ​បន្ថែម​ទៀត​ទៅ​លើ​កង​កម្លាំង​ចំនួន​២៥០០​នាក់​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​​ជុំ​វិញ​កីឡ​ដ្ឋាន​នេះ​។ ពួក​គេ​នឹង​ធ្វើ​ការ​​ការ​ពារ​ច្រក​ចូល​ទាំង​១២ និង​តំបន់​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ចំនួន​៦​​ផ្សេង​ទៀត​។ សន្តិ​សុខ​នៅ​ខាង​ក្នុង​កីឡ​ដ្ឋាន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បុគ្គ​លិក​ឯក​ជន​របស់​សហ​​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ហៅ​កាត់​ថា FIFA​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com