កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​ត្រូវ​ប៉ះ​អាល់​ហ្សេ​រី បែលហ្ស៊ិក​នឹង​ជួប​អាមេរិក ខណៈ​ព័រ​ទុយ​ហ្គា​ល់ហាល​អាវ
27, Jun 2014 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ
នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ចុងក្រោយ​កាលពី​យប់មិញ ព័រ​ទុយ​ហ្គា​ល់​បាន​ហាល​ទាំង​ខកចិត្ត បើទោះជា​ពួកគេ​បាន​យកឈ្នះ​ហ្គា​ណា ២-១ ហើយ​អាល្លឺម៉ង់​យកឈ្នះ​អាមេរិក ១-០ ក៏ដោយ។ សម្រាប់​ពូ​ល G អាល្លឺម៉ង់ និង​អាមេរិក​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ រីឯ​ព័រ​ទុយ​ហ្គា​ល់ និង​ហ្គា​ណា​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ។ ដោយឡែក ជំនួប​ក្នុង​ពូ​ល H បែលហ្ស៊ិក​យកឈ្នះ​កូរ៉េខាងត្បូង ១-០ ដើម្បី​ឈរ​លេខ​មួយ​ក្នុង​ពូ​ល ស្រប​ពេលដែល​អាល់​ហ្សេ​រី​ធ្វើ​ឲ្យ​រុស្ស៊ី​ខកចិត្ត​ជាមួយនឹង​លទ្ធផល​ស្មើ ១-១ ។ នៅ​ជុំ​បន្ទាប់ អាល្លឺម៉ង់​ត្រូវ​ប៉ះ​អាល់​ហ្សេ​រី បែលហ្ស៊ិក​នឹង​ជួប​អាមេរិក។



ពូ​ល G៖ អាល្លឺម៉ង់​លេខ​មួយ អាមេរិក​លេខ​ពីរ
Thomas Muller បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​នាំ​ជ័យជម្នះ ១-០ ដល់​អាល្លឺម៉ង់​លើ​អាមេរិក​នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល G។ វា​ក៏​ជា​គ្រាប់​បាល់​ទី៩ផងដែរ​របស់​ខ្សែប្រយុទ្ធ​ក្លិប Bayern Munich រូបនេះ។
គ្រូបង្វឹកក្រុម​អាមេរិកលោក Jurgen Klinsmann (ឆ្វេង) និងលោក Joachim Loew គ្រូបង្វឹក​អាល្លឺម៉ង់។ ពួកលោក​ធ្លាប់​ធ្វើការជាមួយគ្នានៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ខ្ចះ​ខ្ជាយ​ឱកាស​ជាច្រើន​ជា​បន្តបន្ទាប់ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ World Cup បើទោះបី​ផ្តួល​ក្រុម​ហ្គា​ណា ២-១ ក្នុង​ទីក្រុង Brasilia ក៏ដោយ។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ៣ដោយមាន៤ពិន្ទុ ស្មើ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាមេរិក ប៉ុន្តែ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តិចជាង។


ពូ​ល H៖ បែលហ្ស៊ិក​លេខ​មួយ អាល់​ហ្សេ​រី​លេខ​ពីរ
 អាល់​ហ្សេ​រី​បាន​ឈានទៅ​ប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី១ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ខណៈដែល​ការ​តែ​តបាល់​បញ្ចូល​ទី​នៅ​តង់​ទី២គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ពេល​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ក្នុង​ទីក្រុង Curitiba កាលពី​ថ្ងៃ​ព្រហស្បតិ៍។


កីឡាករ Alexander Kokorin បាន​ជួយ​ឲ្យ​រុស្ស៊ី​នាំមុខ​មុន ក្រោយពី​លេង​បាន​រយៈពេល៦នាទី តាមរយៈ​ការ​តែ​តបាល់​ចូល​ជ្រុង​ម្ខាង​បំប៉ោង​សំណាញ់​ទី​ដ៏​ល្អ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា សុបិន​អាក្រក់​របស់​អ្នក​ចាំ​របស់​រុស្ស៊ី Igor Akinfeev ក្នុង​យុទ្ធនាការ​នេះ​បាន​បន្ត នៅពេល​រូបគេ​បាន​ព្យាយាម​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick ពី​សំណាក់​កីឡាករ Yacine Brahimi និង​មិនបាន​ធ្វើការ​គ្រប់គ្រង​បាល់​ទាំងស្រុង​ឡើយ ដែល​អនុញ្ញាត​ឲ្យ Slimani តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​ជា​លើក​ទី២ក្នុង​យុទ្ធនាការ​នេះ​របស់ខ្លួន​តែម្តង។


លទ្ធផល​ស្មើ​នេះ​បានធ្វើ​ឲ្យ​អាល់​ហ្សេ​រី​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ២នៃ​ពូ​ល H ដោយមាន៤ពិន្ទុ បន្ទាប់ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក ដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ១-០ នា​ថ្ងៃ​ដដែល​នេះ ដើម្បី​ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​ដោយមាន៩ពិន្ទុ។ ខ្សែការពារ Jan Vertonghen គឺ​ជា​អ្នក​ស៊ុត​បាល់​បញ្ចូលទីនាំ​ជ័យ​ជម្នះ​ដល់​បែលហ្ស៊ិក។

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នឹងត្រូវ​ជួប​ជាមួយនឹង​អាល់​ហ្សេ​រី ខណៈដែល​បែលហ្ស៊ិក​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​សហរដ្ឋអាមេរិក​ក្នុង​វគ្គ១៦ក្រុម​ចុងក្រោយ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង

© រក្សាសិទ្ធិដោយ thmeythmey.com