កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់​ត្រា​សំខា​ន់ៗក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៨​ក្នុង​ព្រឹត្តិកា​រណ៍ World Cup
27, Jun 2014 , 1:45 pm        
រូបភាព
ដោយ: រួបរួម
ការ​ប្រកួត​វគ្គ​ជម្រុះ​តាមពូល​ទាំង​៨នៃព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ បាន​បញ្ចប់​រួចរាល់ហើយ​កាលពីយប់​មិញ ដោយ​ក្រុម​ចំនួន​១៦​បាន​បោះ​ជំហាន​ទៅ​កាន់​ការប្រកួត​បន្តទៀត។ ម្ចាស់​ផ្ទះប្រេស៊ីលត្រូវ​ជួបឈីលី កូឡុំប៊ី​ប៉ះអ៊ុយរូហ្គាយ បារាំង​ប៉ះ​នីហ្សេរីយ៉ា អាល្លឺម៉ង់​ប៉ះអាល់ហ្សេរី ហូឡង់​ជួបម៉ិកស៊ិក កូស្តារីកា​ប៉ះក្រិក អាហ្សង់ទីន​ជួប ស្វ៊ីស និង​បែល​ហ្ស៊ិក​តទល់​ជាមួយ​អាមេរិក។



ដោយផ្អែក​លើ​ស្ថិតិ​ដែល​ស្រង់ដោយគេហទំព័រ​ផ្លូវការរបស់​ហ្វីហ្វា គេហទំព័រ​ថ្មីៗ សូម​ធ្វើ​ការដក​ស្រង់ដូចខាងក្រោម៖

គ្រាប់បញ្ចូលទី​សរុប ១៣៦គ្រាប់៖ កីឡាករ​៣នាក់​រក​បាន៤គ្រាប់ (Messi, Neymar និង Muller) ៦នាក់​រក​បាន​៣គ្រាប់ ១៣នាក់​រក​បាន​២​គ្រាប់ ៧៦នាក់​រក​បាន​១គ្រាប់ និង៤នាក់​ធ្វើ​ឲ្យ​ចូល​ទី​ដោយ​ខ្លួន​ឯង។ ​Thomas Muller របស់អាល្លឺម៉ង់ និង Xherdan Shaqiri របស់ស្វ៊ីស រក​បាន​បីគ្រាប់ក្នុងមួយ​ប្រកួត។

គ្រាប់​បាល់​បញ្ចូលទី​ទី១ គឺ Marcel (Own goal) សម្រាប់ក្រូអាស៊ី ក្នុងជំនួប​ជាមួយ​ប្រេស៊ីល ខណៈ​ Clint Dempsey របស់​សហ​រដ្ឋអាមេរិក​ ស៊ុត​បាល់បញ្ចូលទី​លឿន​ជាង​គេ (0:30វិនាទី) ក្នុងជំនួប​ជាមួយ​ហ្គាណា។ កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូលទី​នៅ​ចុងម៉ោង​រួមមាន Silvestre Verela របស់ព័រទុយហ្គាល់ និង Haris Seferovfic របស់ស្វ៊ីស។

ហូឡង់​ស៊ុតបាល់បញ្ចូលទី​ច្រើន​ជាងគេ​ដែលមាន​រហូតដល់ទៅ​១០គ្រាប់ ខណៈ​កាមេរូន ហុងឌូរ៉ាស់ និងអ៊ីរ៉ង់​រក​បាន​តែ១គ្រាប់​ប៉ុណ្ណោះ។ អូស្ត្រា​លី និង​កាមេរូន ធ្លាយ​សំណាញ់ទី​រហូត​ដល់ទៅ​៩លើក ខណៈ​បែលហ្ស៊ិក កូស្តារីកា និងម៉ិកស៊ិក ធ្លាយ​តែ១​គ្រាប់​ប៉ុណ្ណោះ។

ចំពោះ ការពិន័​យ​វិញ កាតលឿង​ចំនួន​១២៧ និង​កាតក្រហម​ចំនួន​៩ ត្រូវ​បាន​ប្រើប្រាស់។ Neymar របស់​ប្រេស៊ីល បាន​កាតលឿងមុន​គេ ខណៈកាត​ក្រហម​មុនគេ​ធ្លាក់ទៅ​លើ Maxi Pereira របស់អ៊ុយរូហ្គាយ។ ក្រុមដែល​ទទួល​បាន​កាតលឿង​ច្រើន​ជាងគេ គឺ​ហុងឌូរ៉ា់ និងកូតឌីវ័រ (៧​កាត) ខណៈបែលហ្ស៊ិក កាមេរូន ក្រូអាស៊ី អេក្វាឌ័រ ក្រិក ហុង​ឌូរ៉ាស់ អ៊ីតា​លី ព័រទុយ​ហ្គាល់ និងអ៊ុយរូហ្គាយ បាន​កាតក្រហម​ម្នាក់មួយ។

កីឡាករ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ស៊ុត​បាល់បញ្ចូលទី​កាលពី World Cup លើកមុន ហើយ​ធ្វើ​បាន​សម្រេច​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៤នេះ រួមមាន Tim Cahill (អូស្ត្រាលី) Cristiano Ronaldo (ព័រទុយហ្គាល់) Clint Dempsey (អាមេរិក) Asamoah Gyan (ហ្គាណា) Miroslav Klose (អាល្លឺម៉ង់) Rafael Marquez (ម៉ិកស៊ិក) Robin van Persie (ហូឡង់) Arjen Robben (ហូឡង់) និង David Villa (អេស្ប៉ាញ)។

ពាន​រង្វាន់កីឡាករ​ឆ្នើម​ប្រចាំកា​រប្រកួត៖
ខ្សែប្រយុទ្ធ Lionel Messi ទទួល​បានបីលើក​តែម្នាក់​ឯង។ កីឡាករ​៧នាក់​ទទួល​បាន​ពីរលើក ខណៈ​៣១នាក់ទៀត​ទទួល​ម្នាក់មួយលើក៕




© រក្សាសិទ្ធិដោយ thmeythmey.com