កីឡាអន្តរជាតិ
អន្តរជាតិ
រឿង​អាស្រូវ​៥​លើក​​ក្នុង​​អាជីព​​ជា​​កីឡាករ​​បាល់​ទាត់​​របស់ ​Luis​ Suarez​
27, Jun 2014 , 7:47 pm        
រូបភាព
ដោយ:
ខ្សែប្រយុទ្ធ​ជនជាតិ​អ៊ុយ​រ៉ុយ​ហ្គា​យ Luis Suarez ត្រូវបាន​សារព័ត៌មាន​ជុំវិញ​ពិភពលោក​ចុះផ្សាយ​ពី​រូបគេ​ក្រោយពេល ខាំ​ខ្សែការពារ Giorgio Chiellini អំឡុងពេល​ជម្រើសជាតិ អ៊ុយ​រ៉ុយ ហ្គា​យ ប៉ះ អ៊ីតាលី ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​ថ្មី។



តាមពិត​នេះ​មិនមែនជា​រឿងអាស្រូវ​លើកដំបូង​ទេ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់ Suarez ដែល​ប្រព្រឹត្តិ​ទង្វើរ​មិន​គប្បី​លើ​ទីលាន ពោលគឺ​គេ​ធ្លាប់​ប្រព្រឹត្តិ​រឿងរ៉ាវ​អាក្រក់សំខាន់ៗ ចំនួន ៥ លើក​មកហើយ​គិត​ត្រឹម​ពេលនេះ។

លើក​ទី១

គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១០ អំឡុងពេល​លេង​ឱ្យ​ក្រុម Ajax ក្នុង​លី​ក​កំពូល​របស់​ហុ​ល្លង់ Suarez បាន​ខាំ​ស្មារ​ខ្សែបម្រើ Otman Bakkal របស់​ក្រុម PSV។ក្រោយ​ហេតុការណ៍​នោះ​រូបគេ​ត្រូវ​ពិន័យ​មិន​ឱ្យចូល​ទីលាន​ប្រកួត​ចំនួន៧ ប្រកួត។អ្នកគាំទ្រ​បាល់ទាត់​នៅ​ប្រទេស​ហុ​ល្លង់​បានដាក់​រហ្សនាម​ឱ្យគេ​ថា«មនុស្ស​ស៊ីសាច់​មនុស្ស​ប្រចាំ​ក្រុម Ajax»។


លើក​ទី២
ចូលដល់ World Cup 2010 នៅ​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង Suarez បាន​យកដៃ​រារាំង​បាល់​មិនឱ្យ​ចួ​ល​ទី​របស់ខ្លួន​ក្នុងពេល​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា និង អ៊ុយ​រ៉ុយ​ហ្គា​យ​នៅ​វគ្គ៨ក្រុម​ចុងក្រោយ។ កាលនោះ​លោក​អាជ្ញាកណ្ដាល​Olegário Benquerença ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ពិន័យ​កាត​ក្រហម Suarezនៅ​នាទី១២០ ។ Suarez បាន​ឆ្លើយតប​ចំពោះ​ទង្វើរ​របស់គេ​ថា«វា​ពិតជា​មានតម្លៃ​ណាស់»។


លើក​ទី៣
ដល់​ឆ្នាំ២០១១ អំឡុងពេល​បង្ហាញខ្លួន​នៅ​ក្លិប Liverpool កីឡាករ Suarez ត្រូវ​ពិន័យ​ចំនួន៨ ប្រកួត និង ពិន័យ​ជា​ប្រាក់​ចំនួន៦២,០០០ដុល្លារ​ក្រោយ​សមាគម​កីឡាបាល់ទាត់​អង់គ្លេស (FA) រកឃើញថា​រូបគេ​ប្រព្រឹត្តិ​អំពើរ​រើ​ង​អើ​ង​ជាតិ​សាសន៍​ដាក់​កីឡាករ​Patrice Evra ជនជាតិ​បារាំង​របស់​ក្លិប Manchester United មែន។ហេតុ​ការ​នេះ​កើតឡើង​ក្នុងការ​ប្រកួត​រវាង​ក្រុម Liverpool ប៉ះ​ក្រុម Manchester United ដោយ Suarez បាន​ហៅ Evra ថា«កីឡាករ​ស្បែក​ខ្មៅ» ចំនួន៧ លើក​ក្នុងពេល​ប្រកួត។

ឆ្លើយតប​នឹង​ការចោទប្រកាន់ Suarez ថា​រូបគេ​មាន​បញ្ហា​រឿង​បកប្រែ។ប្រកួត​បន្ទាប់​រវាង​ក្លិប​ខ្លាំង​របស់​អង់គ្លេស​ទាំង២កីឡាករ​រូបនេះ​បាន​ចាប់ដៃ Evraទុកជា​ការសុំ​ទោ​ខណៈ​ក្លិប Liverpool ក៏បាន​សុំទោស​ចំពោះ​បញ្ហា​នេះដែរ។


លើក​ទី៤
សមាគម​កីឡាបាល់ទាត់​អង់គ្លេស(FA) បាន​ពិន័យ​រូបគេ​ចំនួន១០ប្រកួត ព្រោះ​ខាំ​ដៃ​ខ្សែការពារ​របស់​ក្រុម Chelsea គឺ​កីឡាករ​Branislav Ivanovic ក្នុងពេល​ប្រកួត​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល២០១២-២០១៣ ។
គ្រា​នោះដែរ​លោកនាយករ​ដ្ឋ​មន្ត្រី​អង់គ្លេស David Cameron បាន​ថ្លែងថា​កីឡាករ​មកពី​ប្រទេស​អ៊ុយ​រ៉ុយ​ហ្គា​យ​រូបនេះ​បាន​បន្លាយក្មេង។
ក្រោយ​កើតហេតុ​ប៉ុន្មាន​ថ្ងៃ Suarez និយាយថា៖«ខ្ញុំ​ដឹង​ពី​សកម្មភាព​របស់ខ្ញុំ​ដែល​បាន​កើតឡើង​តែ​វា​មិន​ប៉ះ​ដល់​ការប្រកួត​លើ​ទីលាន​នោះទេ»។


លើក​ទី៥
កីឡាករ​Luis Suarez បាន​ខាំ​ខ្សែការពារ​Giorgio Chiellini របស់​អ៊ីតាលី​ពេល​ប្រកួត​អ៊ុយ​រុយ​ហ្គា​យ យកឈ្នះ អ៊ីតាលី ១-០កាល​ថ្ងៃ​អង្គារ​កន្លងទៅ​នៅ​វគ្គ១៦ ក្រុម​ចុងក្រោយ​នៅ​ពូ​ល​D នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​FIFA បានសម្រេច​ពិន័យ​កំពូល​ខ្សែប្រយុទ្ធ​វ័យ២៧ ឆ្នាំ​រូបនេះ​មិន​ឲ្យ​ចូលរួម​ប្រកួត​បាល់ទាត់​រយៈពេល៤ខែ និង មិន​ឲ្យ​ចូលរួម​ប្រកួត​លក្ខណ: អន្តរជាតិ​ចំនួន៩ប្រកួត​ក្រោយ​រកឃើញថា​គេ​ប្រព្រឹត្តិ​កំហុស​ពិតប្រាកដ​មែន៕




© រក្សាសិទ្ធិដោយ thmeythmey.com