ម្ចាស់ផ្ទះប្រេស៊ីល និងកូឡុំប៊ី បានទទួលជ័យជម្នះរៀងៗខ្លួនដើម្បីឡើងទៅជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដោយប្រេស៊ីលផ្តួលឈីលី ៣-២ តាមរយៈ ការទាត់បាល់ប៉េណាល់ទី ក្រោយក្រុមទាំងពីរបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ រីឯកូឡុំប៊ីយកឈ្នះអ៊ុយរូហ្គាយ ២-០ ។
ប្រេស៊ីល បានផ្តួលក្រុមជម្រើសជាតិឈីលីក្នុងលទ្ធផល ៣-២ ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ក្រោយពីជួបការប្រកួតដ៏ស្វិតស្វាញមួយដែលបានធ្វើឲ្យខ្សែប្រយុទ្ធ Neymar និងមិត្តរួមក្រុមរបស់គេទប់ទឹកភ្នែកមិនបាន។
អ្នកចាំទីប្រេស៊ីល Julio Cesar គឺជាកីឡាករឆ្នើមប្រចាំការប្រកួត។ រូបថត fifa.com គ្រាប់បាល់ស៊ុតបញ្ចូលទីទាំងពីរគ្រាប់នៅតង់ទី១សុទ្ធសឹងគ្រាប់បាល់ដែលក្រុមទាំងពីររកបានក្រោមការប្រកួតដ៏តឹងតែងក្នុងរយៈពេល១២០នាទីនៅកីឡដ្ឋាន Mineirao។ ខ្សែការពារ Gonzalo Jara បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមិនចូលទីសម្រាប់ក្រុមជម្រើសជាតិឈីលី តាមរយៈការស៊ុតបាល់ប៉ះទៅនឹងបង្គោលទី និងខ្ទាតចេញពីមុខទីដើម្បីធ្វើឲ្យក្រុមខ្លួនបន្តមានកំណត់ត្រាដ៏វេទនាក្នុងយុទ្ធនាការ World Cup នៅពេលប្រកួតជាមួយនឹងប្រេស៊ីល។
Willian និង Hulk សុទ្ធសឹងបានស៊ុតបាល់ប៉េណាល់ទីមិនចូលទីសម្រាប់ក្រុមជម្រើសជតិប្រេស៊ីល ប៉ុន្តែ ខ្សែការពារ David Luiz, Marcelo និងខ្សែប្រយុទ្ធ Neymar បានគ្រប់គ្រងអារម្មណ៍របស់ពួកគេដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ ខណៈដែលខ្សែការពារ Julio Cesar បានធ្វើការសង្គ្រោះបាល់ដ៏សំខាន់ពីការស៊ុតរបស់កីឡាករ Mauricio Pinilla និង Alexis Sanchez។
James Rodriguez រកបានពីរគ្រាប់នាំឲ្យកូឡុំប៊ីឈានទៅកាន់វគ្គបន្ត។ រូបថត fifa.com
ខ្សែប្រយុទ្ធ James Rodriguez បានក្លាយជាកីឡាករឆ្នើមម្នាក់ប្រចាំ World Cup តែម្តង ដោយការស៊ុតបាល់បញ្ចូលទីរបស់គេទាំងពីរគ្រាប់ នាំឲ្យកូឡុំប៊ីឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Rodriguez បានក្លាយជាកីឡាករទីមួយដែលបាល់បញ្ចូលទីបួនប្រកួតជាប់ៗគ្នា បើគិតចាប់តាំងពីការសម្រេចបានរបស់កីឡាករប្រេស៊ីល Ronaldo និង Rivaldo កាលពីឆ្នាំ២០០២ ។
Rodriguez បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើតារាងតាមរយៈការសម្រេចបាន៥គ្រាប់។ ខណៈដែលខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez បានជាប់ពិន័យដោយសារតែការខាំខ្សែការពារអ៊ីតាលី Giorgio Chiellini ខ្សែប្រយុទ្ធ Rodriguez កំពុងទទួលបាននូវការចាប់យ៉ាងខ្លាំង ដូចជា Neymar និង Messi ផងដែរ៕