កីឡាជាតិ
ជាតិ
សហព័ន្ធ​​ទ្រី​យ៉ា​​ត្លុង​​ទទួល​បាន​​ធន​ធាន​​ជា​​គ្រូ​បង្វឹក​​ថ្មី​​ចំនួន​២៥​នាក់​
01, Aug 2014 , 10:19 pm        
រូបភាព
ក្រោម​កម្មវិធី​គម្រោង​របស់​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ សិក្ខាកាម​ចំនួន២៥នាក់​បាន​ឆ្លង កាត់​វគ្គ​សិក្សា​ជំនាញ​ស្តីពី​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា។ វគ្គ​សិក្សា​ដែល​បាន​ដំណើរ​ពេញ​មួយ​សប្តាហ៍​កន្លងមកនេះ ត្រូវបាន​មន្ត្រី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ចាត់ទុកថា ជា​ទុន​ដ៏​ធំ​របស់​សហព័ន្ធ​ក្នុងការ​ពង្រឹង​វិស័យ​កីឡា​ទ្រី​យ៉ា​ត្លុង​នៅមុន​ការបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។



លោក អ៊ឹង ចំរើន ធ្វើ​សេចក្តីរាយការណ៍



សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បានរៀបចំ​ឲ្យ​មាន​វគ្គ​សិក្សា​គ្រូបង្វឹក​ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​បង្កើតឡើង​នា​ឆ្នាំ២០០៩ មក ហើយ​វគ្គ​នេះ បណ្តុះបណ្តាល​ដោយ​គ្រូ​បច្ចេកទេស​កម្រិត​អន្តរជាតិ គឺ​លោក Franz Studer។ វគ្គ​សិក្សា​ដែលជា​គម្រោង​របស់​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ហៅ​កាត់​ថា OS នោះ បាន​ដំណើរ​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៧ ខែកក្កដា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន២៥នាក់ ក្នុងនោះ​មាន​ស្ត្រី៧នាក់។

លោក Franz Studerអាយុ៥៤ឆ្នាំ ដែលជា​ជនជាតិ​ស្វ៊ី​សកាត់​អាហ្វ្រិក​ខាងត្បូង មានបទពិសោធន៍​ជា​អន្តរជាតិ​លើ​ការបណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ លោក​បាន​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​នៅ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក ជាពិសេស​ប្រទេស​ដែល​គេ​មិនសូវ​ស្គាល់​ច្បាស់​ពី​កីឡា​បែប​ទំនើប​នេះ ដែល​ក្នុងនោះ​រួមមាន​ដូចជា ម៉ូ​រីតា​នី រវ្វាន់​ដា នី​ហ្សេ​រី​យ៉ា លី​បង់ អ៊ីរ៉ាក់ អ៊ីរ៉ង់ ជាដើម។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ងិន សុ​បញ្ញា បាន​វាយតម្លៃថា វគ្គ​សិក្សា​ដ៏​មាន​សារសំខាន់​នេះ គឺជា​ចាប់ផ្តើម​ពង្រីក​ធនធានមនុស្ស​នៅក្នុង​សហព័ន្ធ​របស់លោក។ លោក សុ​បញ្ញា ដែលជា​ប្រធាន​គ្រប់គ្រង​វគ្គ​ផងដែរ​នោះ បាន​វាយតម្លៃ​សិក្ខាកាម​ទាំង២៥នាក់ គឺជា​គ្រាប់ពូជ​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ ខណៈ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ។

នា​ការសិក្សា​រយៈពេល​ពេញ​មួយ​សប្តាហ៍ សិក្ខាកាម​ដែល​មកពី​ក្លិប និង​សមាគម​កីឡា​ទ្រី​យ៉ា​ត្លុង​ទូទាំងប្រទេស ទទួលបាន​ដំ​ណេះ​ដឹង​ថ្មី​ទាំង​ខាង​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់។ ត្រង់ចំណុច​នេះ លោក សុ​បញ្ញា បាន​អះអាងថា សហព័ន្ធ​នឹង​ប្រើប្រាស់​ធនធានមនុស្ស​ទាំង​នេះ ដើម្បី​ពង្រីក​ថ្នាល​រយៈពេល​វែង ដើម្បី​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ ដោយ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង។

សូម​បញ្ញា​ក់ថា ទ្រី​យ៉ា​ត្លុង​ស្ថិត​ក្នុងចំណោម​កីឡា៣៦ប្រភេទ​ដែល​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ដាក់បញ្ចូល​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នា​ឆ្នាំ២០១៥ ខាងមុខនេះ។ បច្ចុប្បន្ន​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កំពុង​មានការ​មមាញឹក​យ៉ាងខ្លាំង​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នានា​និង​ការកំណត់​ផែនការ​ហ្វឹកហាត់​ច្បាស់លាស់​ខណៈ​កម្ពុជា​ត្រូវ​ប​ញ្ចូ​ន​កីឡា​ប្រភេទ​នេះ​ឲ្យ​ទៅ​ប្រកួត​ដណ្តើមយក​មេដាយ​ជា​លើកដំបូង​នៅក្នុង​ក្របខណ្ឌ​ប្រកួត​ថ្នាក់​តំបន់។

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៩ហើយពីរ​ឆ្នាំ​ក្រោយមក​មានការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សហភាព​កីឡា​ទ្រី​យ៉ា​ត្លុង​អន្តរជាតិ (ITU) និង​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី (ASTC)។ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន កីឡា​បែប​ទំនើប​និង​ដ៏​ក្មេងខ្ចី​របស់​កម្ពុ​ជាមួយ​នេះ​មិនទាន់មាន​សកម្មភាព​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ឡើយ។

សកម្មភាព​ប្រកួត​ដែល​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានរៀបចំ​កន្លង​ម​ករួ​ម​មានការ​ប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​អា​គ័​រ​ត្លុង។កីឡា​ទ្រី​យ៉ា​ត្លុង​មាន​សកម្មភាព​ប្រកួត​លើ​វិញ្ញាសា​កីឡា​បី​ប្រភេទ​រួមគ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង​ចំណែក​កីឡា​ឌូ​អា​ត្លុង​មានការ​រត់ប្រណាំង ជិះ​កង់ និង​រត់ប្រណាំង​ម្តងទៀត​ខណៈ​កីឡា​អា​គ័​រ​ត្លុង​មាន​សកម្មភាព​ហែល​ទឹក និង​រត់ប្រណាំង។

បើតាម​លោក គង់ រិទ្ធី​ជ​ព្វ​ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កំពុងមាន​សក្តានុពល​យ៉ាងខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ហើយ​កីឡា​ប្រភេទ Out Door មួយ​នេះ​ក៏​កំពុង​ចូលរួម​បំផុស​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com