សុខភាព
អន្តរជាតិ
Ebola អាចសម្លាប់មនុស្សរាប់រយនាក់នៅអាហ្វ្រិកដោយសារភាពទន់ខ្សោយនៃវិស័យសុខាភិបាល
× ក្រោយពីមេរោគថ្មីEbola ផ្ទុះឡើងនិងសម្លាប់មនុស្សជាង៧០០នាក់នៅអាហ្រិ្វកខាងលិចពិភពលោកទាំងមូលកំពុងភ័យខ្លាចខ្លាំងនៅឡើយ។ គ្មានថ្មាំសម្រាប់ការពារមិនអោយឆ្លង ឬបើឆ្លងក៏គ្មានថ្នាំសម្រាប់ព្យាបាលដែរ តែអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ថ្វីបើដូច្នេះក្តីអង្គការនិងទីភ្នាក់ងារសុខភាពពិភពលោកបានបញ្ជាក់ថា អ្នកឆ្លងអាចមានលទ្ធភាពរស់រានមានជីវិត បើសិនជាគេអាចទទួលបាននូវជំនួយវេជ្ជសាស្ត្របានល្អប្រសើរ និងឆាប់រហ័ស។ ក្រៅពីនេះស្ថាប័នខាងលើបានបង្ហាញនូវវីធីសាស្ត្រមួយចំនួនដើម្បីកាត់បន្ថយការចម្លងមេរោគប្រភេទថ្មីនេះអោយស្ថិតនៅកម្រិតទាបបំផុតផងដែរ។មេដឹកនាំបណ្តាប្រទេសអាហ្វ្រិកបានខិតខំប្រឹងប្រែងរកវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះទៅកាន់តំបន់ផ្សេងទៀតលើពិភពលោកផងដែរ។ ជើងហោះហើរទៅកាន់អាហ្វ្រិកខាងលិចត្រូវបានផ្អាកបណ្តោះអាសន្ន ដោយឡែកនៅតាមព្រលានយន្តហោះអ្នកដំណើរដែលមកពីតំបន់អាហ្រិ្វកត្រូវបានគេត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ក្រែងមានអ្នកឆ្លងមេរោគនេះ។
សូមស្តាប់ការបកស្រាយរបស់លោក សៅផលនិស្ស័យ ឆ្លើយតបទៅនឹងសំនួររបស់លោកភិរុណឧត្តមទាក់ទិនទៅនឹងបញ្ហានេះ៖
១.សំនួរ៖ កាលពីសប្តាហ៍មុនយើងបានពិភាក្សាគ្នាម្តងហើយទាក់ទងទៅនឹងការរីករាលដាលនៃមេរោគប្រភេទថ្មី Ebola ហើយមកដល់ថ្ងៃនេះនិស្ស័យពិភពលោកនៅតែបន្តព្រួយបារម្ភពីការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគដ៏អាក្រក់មួយនេះ។ តើមកទល់ពេលនេះស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកបញ្ហាសុខភាពមានតម្រុយអ្វីខ្លះទេទាក់ទងនឹងនឹងការ ស្វែងរកថ្នាំសម្រាប់ព្យាបាល ឬថ្នាំបង្ការនោះបាទ?
១.ចម្លើយ៖មកទល់ពេលនេះមិនទាន់មានការអះអាងណាមួយថាគេរកឃើញថ្នាំសម្រាប់ការពារការឆ្លង ឬព្យាបាលអ្នកដែលបានឆ្លងជំងឺ នេះឡើយ។ ប៉ុន្តែគេបានណែនាំនិងបង្ហាត់បង្ហាញអោយប្រជាជនអោយដឹងពីវិធីសាស្ត្រមួយចំនួនដែលអាចជួយកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។ ដើម្បីការពារខ្លួនកុំអោយងាយឆ្លងជំងឺនេះ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានអនាម័យខ្ពស់ និងចៀសវាងប៉ះពាល់សត្វមួយចំនួនដែលជាភ្នាក់ងារចម្លងមេរោគ។ មេរោគនេះមិនមែនឆ្លងតាមខ្យល់ទេ តែវាឆ្លងតាមការប្រាស្រ័យទាក់ទងផ្ទាល់គ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកឆ្លងមេរោគ និងឆ្លងដោយមិនផ្ទាល់តាមប៉ះពាល់សារធាតុរាវដែលចេញពីរាងកាយមានឈាម ឬញើសជាដើម។ ដើម្បីការពារខ្លួនពួកគេអាចចៀសវាងការប្រាស្រ័យទាក់ទងជាមួយអ្នកដែលសង្ស័យថាបានឆ្លងជំងឺ តែបើចៀសមិនរួចគេអាចប្រើប្រាស់ស្រោមដៃ សម្លៀកបំពាក់ការពារខ្លួន ពាក់ម៉ាសការពារ កុំអោយឆ្លងមេរោគនេះបាន។ ក្រៅពីនេះគេគួរឧស្សាហ៍លាងដៃអោយស្អាត និងរក្សាអនាម័យខ្លួនបានអោយខ្ជាប់ខ្ជួន។ មួយវិញទៀត គេអះអាងថាមេរោគនេះចម្លងមកមនុស្សតាមសត្វមួយចំនួនមានសត្វស្វា សត្វប្រចៀវ និងសត្វព្រៃមួយចំនួនទៀត។ ដូច្នេះប្រសិនបើបរិភោគសាច់សត្វចាំបាច់ត្រូវចម្អិនអោយបានត្រឹមត្រូវនិងឆ្អិនចៀសវាងបញ្ហាឆ្លង។ នៅតំបន់អាហ្វ្រិកមេរោគនេះក៏អាចឆ្លងបានតាមរយៈសត្វជ្រូកថែមទៀត។ និយាយជារួម បើសិនជាយើងអនុវត្តតាមវិធីសាស្ត្រខាងលើភាគរយនៃការឆ្លងមេរោគថ្មីនេះនឹងអាចកាត់បន្ថយមកត្រឹមកម្រិតអប្បបរមា។
២.សំនួរ៖ បើទោះជាមានការលើកឡើងថាមិនទាន់មានថ្នាំព្យាបាលក៏ពិតមែន តែបើតាមខ្ញុំដឹងជនជាតិអាមេរិកពីរនាក់ដែលឆ្លងមេរោគនេះនៅក្នុងប្រទេសលីបេរី កំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅសហរដ្ឋអាមេរិក។ ខ្ញុំចង់ដឹងថាតើការព្យាបាលនៅសហរដ្ឋអាមេរិកនឹង មានដំណើរការយ៉ាងណាដែរទៅបាទ?
២.ចម្លើយ៖ បញ្ហាជនជាតិអាមេរិកពីររូបដែលបានឆ្លងមេរោគនេះ ហើយកំពុងត្រូវបានគេសាកល្បងព្យាបាលនោះជាការពិត តែមិនមែនមានន័យថាពួកគេទទួលបានការព្យាបាលជាសះស្បើយឡើយ។ ពួកគេត្រូវបានបញ្ជូនទៅដល់សហរដ្ឋអាមេរិក ហើយកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យតាមដាន និងស្ថិតក្រោមការស្រាវជ្រាវដើម្បីឈានទៅព្យាបាលតែប៉ុណ្ណោះ។ បើយោងតាមសារព័ត៌មាន The Washington Post អ្នកជំងឺទាំងពីរស្ថិតនៅក្នុងលក្ខខណ្ឌមួយប្រសើរនៅឡើយទេពួកគាត់កំពុងទទួលការព្យាបាលនៅមន្ទីពេទ្យដែលដាច់ស្រយ៉ាលពីសហរដ្ឋអាមេរិក។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក បានអោយដឹងថាទោះបីជាគេមិនទាន់អាចស្វែងរកការព្យាបាលបាន គេនៅតែព្យាយាមដើម្បីអោយអស់ចិត្ត តិចឬច្រើនគេនៅតែព្យាយាមជួយពួកគាត់ដែរ។ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលនេះបានបញ្ជាក់ថាគ្រាន់តែគេសម្រេចដឹកជញ្ជូនអ្នកឆ្លងទាំងពីរមកអាមេរិកវិញ ប្រតិកម្មក្នុងចំណោមប្រជាជនអាមេរិកបានកើតឡើង ហើយគេចោទសួរស្ថាប័ននេះថាមូលហេតុអ្វីបានជានាំអ្នកជំងឺត្រលប់មកក្នុងប្រទេសវិញដូច្នេះ។ គេបកស្រាយថា ការធ្វើនេះក៏ដោយសារពួកគេជាជនជាតិអាមេរិក ហើយស្ថាប័នលោកមានភារកិច្ចក្នុងការជួយព្យាបាលជនជាតិអាមេរិកគ្រប់រូប ដើម្បីអោយពួកគាត់មានឳកាសបន្តរស់នៅទៀត។ខ្ញុំនៅតែយល់ថា ប្រទេសមហាអំណាចដូចអាមេរិក តិចឬច្រើន គេអាចស្រាវជ្រាវរកវិធីព្យាបាលអ្នកឆ្លងមេរោគនេះដោយល្អប្រសើរ និងអាចការពារមិនអោយអ្នកជំងឺស្លាប់បាត់បង់ជីវិតបានទៀតដោយសារភាពរីកចម្រើននៃប្រព័ន្ធសុខាភិបាលរបស់គេ។
៣.សំនួរ៖ បើតាមការលើកឡើងរបស់និស្ស័យ ហាក់ដូចជាបង្ហាញនូវភាពសុទិដ្ឋិនិយមច្រើន ចំពោះការស្រាវជ្រាវ និងព្យាបាលអ្នកឆ្លងមេរោគ Ebola នៅសហរដ្ឋអាមេរិក។ តើអ្វីខ្លះដែលជាក្តីសង្ឃឹមថ្មីដែលគេបានស្រាវជ្រាវឃើញនោះបាទ?
៣.ចម្លើយ៖តាមពិតទៅ ការស្លាប់នៃប្រជាជន និងឆ្លងយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាហ្រិ្វកខាងលិច នេះ បណ្តលមកពីមូលហេតុមួយចំនួន ជាពិសេសស្ថានភាពប្រព័ន្ធសុខាភិបាលតែម្តង។ ប្រទេស ហ្គីណេ លីបេរី និងសេរ៉ានឡេអូននេះសុទ្ធសឹងតែជាប្រទេសដែលក្រីក្របំផុតលើពិភពលោក ហើយរដ្ឋាភិបាលប្រើប្រាស់ថវិកាតិចបំផុតដើម្បីអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេស។ នៅពេលមេរោគផ្ទុះឡើង រដ្ឋាភិបាល និងស្ថាប័នទទួលបន្ទុកសុខាភិបាល មិនមានវិធានការសំខាន់ៗដើម្បីទប់ស្កាត់មិនអោយមេរោគបន្តឆ្លង និងជួយត្រួតពិនិត្យព្យាបាលអ្នកឆ្លងទាំងនោះឡើយ។ ហេតុនេះហើយទើបបានអ្នកឆ្លងលឿន និងស្លាប់ច្រើនបែបនេះ តែបើដូចអាមេរិកវិស័យសុខាភិបាលមានភាពរីកចម្រើនខ្លាំង បច្ចេកវិទ្យាទំនើប គេប្រហែលជាអាចជួយសង្គ្រោះជីវិតអ្នកឆ្លងមេរោគបាន។ របាយការណ៍ខ្លះរបស់អង្គការសហប្រជាជាតិបានបង្ហាញថា មានអ្នកជំងឺដែលបានឆ្លងមេរោគនេះ អាចរស់រានមានជីវិតបាន បើពួកគេទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រដោយត្រឹមត្រូវ និងឆាប់រហ័សបំផុត។
៤.សំនួរ៖ជាសំនួរចុងក្រោយមេដឹកនាំនៅអាហ្វ្រិកកំពុងខ្វែងដៃខ្វែងគ្នារកវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។ តើមកដល់ពេលនេះពួកគេបានធ្វើអ្វីខ្លះហើយ?
៤.ចម្លើយ៖ វិធានការចាំបាច់បំផុតនៅពេលនេះគឺការត្រួតពនិត្យលើជើងហោះហើរដែលធ្វើដំណើរពីអាហ្វ្រិកខាងលិចទៅកាន់តំបន់នានាលើពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺនេះតែម្តង។ក្រោយមេរោគផ្ទុះឡើងខ្លាំង មេដឹកនាំប្រទេសអាហ្វ្រិកទាំងនោះសន្យាថានឹងពង្រាយកងទ័ពរបស់ខ្លួន បន្ថែមទៅកាន់តំបន់ដាច់ស្រយ៉ាលនានា ដែលវាយលុកដោយជំងឺនេះខ្លាំងជាងគេ។មួយវិញទៀតគេសម្រេចហាមឃាត់ ការដឹកជញ្ជូនក៏ដូចជារឹតបន្តឹងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អាកាសយន្តដ្ឋានអន្តរជាតិនៃប្រទេសមួយចំនួនបានចាប់ផ្តើមរឹតបន្តឹង និងត្រួតពិនិត្យទៅលើអ្នកដំណើរដែលមកពីតំបន់អាហ្វ្រិកខាងលិចយ៉ាងប្រុងប្រយ័ត្នបំផុត។ មកទល់ពេលនេះប្រទេសតំបន់អារ៉ាប់បានផ្អាកជើងហោះហើរទៅកាន់អាហ្វ្រិកខាងលិច រង់ចាំស្ថានការណ៍ធូរស្រាលសិន ដោយឡែកអេហ្ស៊ីបបានចាប់ផ្តើមរឹតបន្តឹងការឆ្លងកាត់របស់អ្នកដំណើរណាដែលគួរសង្ស័យនៅតាមព្រលានយន្តហោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com