សុខភាព
អន្តរជាតិ
Ebola អាច​ត្រូវគេ​ប្រើ​ផលិត​អាវុធ​ជីវសាស្ត្រ​បង្ក​គ្រោះមហន្តរាយ​ដល់​ពិភពលោក
09, Aug 2014 , 5:35 pm        
រូបភាព
ស្រប​ពេលដែល​មេរោគ​អេ​បូ​ឡា​កំពុង​វាយប្រហារ​ខ្លាំង​លើ​ប្រជាជន​នៅ​អាហ្វ្រិក​ខាងលិច ហើយ​ពិភពលោក បានប្រកាស​អាសន្ន​ស្តីពី​ការរីក​រាលដាល​នៃ​មេរោគ​នេះ ស្រាប់តែ​អ្នកជំនាញការ​ជនជាតិ​រុស្ស៊ី និង​អង់គ្លេស បាន​ព្រមាន​ថា មេរោគ​នេះ​អាច​នឹង​ត្រូវគេ​ប្រើប្រាស់​ជា​អាវុធ​ជីវសាស្ត្រ​ដើម្បី​បំផ្លាញ​មនុស្សជាតិ។ តើ​ពិភពលោក​នឹង​ទៅជា​យ៉ាងណា​បើសិន​មាន​បញ្ហា​នេះ​កើតឡើង​មែន ត្បិត​ថ្នាំ​ការពារ និង​ព្យាបាល មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ។



ស្តាប់​សំឡេង​



ជា​រឿង​ដែល​គួរអោយ​ព្រួយបារម្ភ​បំផុត​នៅពេល​អ្នកជំនាញ​ជនជាតិ​រុស្ស៊ី និង​អង់គ្លេស​បាន​ព្រមាន​ថា មេរោគ​សាហាវ Ebola អាច​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ពិសោធន៍​បង្កើតជា​ប្រភេទ​អាវុធ​ជីវសាស្ត្រ​នៅពេល​ខាងមុខ។

Ebola ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ​មេរោគ​ឆ្លង​ដ៏​សាហាវ​មួយ​ដែល​កំពុង​វាយប្រហារ​លើ​ប្រជាជន​នៅ​តំបន់​អាហ្វ្រិក​ខាងលិច ហើយ​មនុស្ស​ដែល​ស្លាប់​ដោយសារ​មេរោគ​នេះ​បាន​កើនឡើង​ជិត ១០០០នាក់​ហើយ។  ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រហ័ស ចំនួន​អ្នកស្លាប់​កើនឡើង​លឿន អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អាសន្ន​ពី​គ្រោះថ្នាក់ ដែល​ត្រូវ​ប្រឈមមុខ​ជាមួយ​មេរោគ​នេះ។

ភ្នាក់ងារ​ពិសោធន៍​វេជ្ជសាស្ត្រ និង​ជីវសាស្ត្រ​របស់​សហព័ន្ធ​រុស្ស៊ី បានអោយដឹងថា មាន​ភាគរយ​នៃ​ការកើតឡើង​នូវ​ការប្រើប្រាស់​មេរោគ Ebola សម្រាប់​ពិសោធន៍​បញ្ចូល​ទៅក្នុង​អាវុធ​ដើម្បី​បង្កើតជា​អាវុធ​ជីវសាស្ត្រ។ ភ្នាក់ងារ​ដដែល​បាន​បន្ថែមថា តាមពិតទៅ​វា​មិនមាន​អ្វី​លំបាក​ឡើយ​សម្រាប់​ការយក​មេរោគ​នេះ​មក​ធ្វើជា​ប្រភេទ​ថ្នាំ​បាញ់​ម្យ៉ាង ដែល​អាច​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ដើម្បី​បង្ក​ជា​បញ្ហា។

ប្រសិនបើ​ករណីនេះ អាច​កើតឡើង​មែន​នោះ វា​នឹងមាន​ការលំបាក​ក្នុងការ​ទប់ស្កាត់​មិនអោយ​មានការ​ផលិត​ប្រភេទ​អាវុធ​ជីវសាស្ត្រ បើទោះជា​ពិភពលោក​មាន​អនុសញ្ញា​ដែល​ហាមឃាត់​មិនអោយ​ប្រើប្រាស់​អាវុធ​គីមី ឬ​អាវុធ​ជីវសាស្ត្រ​ឆ្នាំ ១៩៧២ក៏ដោយ។

អ្នកជំនាញការ​របស់​រុស្ស៊ី​ម្នា​ក់លោក  Vladimir Nikiforov (វ្លា​ឌី​មៀ នី​គី​ហ្វូ​រ៉ូ​វ) បានអោយដឹង​ផងដែរ​ថា អាវុធ​ជីវសាស្ត្រ​មិនមាន​អ្វីដែល​ពិបាកធ្វើ​ដូចជា​អាវុធ​នុយក្លេអ៊ែរ​ឡើយ។ ដើម្បី​ផលិត​នុយក្លេអ៊ែរ គេ​ចាំបាច់​ត្រូវការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ជាច្រើន​ដំណាក់កាល  ទម្រាំ​សម្រេចបាន តែ​សម្រាប់​អាវុធ​គីមី​វិញ​នោះ គឺ​គេ​អាច​ប្រើតែ​បន្ទប់​ស្រាវជ្រាវ​តូច​មួយ ហើយ​ប្រើប្រាស់​សារធាតុ​ជីវសាស្ត្រ​ដែល​ស្រួល​រកបាន​ថែម​ទៀតផង។

លោក នី​គី​ហ្វូ​រ៉ូ​វ បាន​បន្ថែមថា ពិភពលោក​អាច​ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ព្រោះ​គេ​មិនអាច​ធានាបាន​ពី​ប្រទេស​ដែលមាន​ចេតនា​ប្រើ​ប្រា​ស់​មេរោគ​ប្រភេទ​នេះ​ផលិត​ទៅជា​អាវុធ​ជីវសាស្ត្រ​ឡើយ។

ក្រៅពី​អ្នកជំនាញ​រុស្ស៊ី លោក Peter Walsh (ភី​ធឺ វ៉​ល) ដែលជា​សាស្ត្រាចារ្យ និង​ជា​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ Cambridge បាន​ថ្លែង​ព្រមាន​ដូចគ្នា​ដែរ​ចំពោះ​បញ្ហា​នេះ។ លោក​អះអាងថា ក្រុម​ភេរវជន​អាច​នឹង​ប្រើប្រាស់​មេរោគ​ដើម្បី​ផលិត​ជា​អាវុធ និង​ធ្វើអោយប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល។

បើតាម​ការព្រួយបារម្ភ​របស់លោក ភី​ធឺ ប្រសិនបើ​មាន​បញ្ហា​ដូច្នេះ​មែន ចំនួន​មនុស្ស​ស្លាប់​នឹងមាន​ចំនួន​ច្រើន​ខ្លាំង ព្រោះ​វា​ជា​គ្រោះមហន្តរាយ​នៃ​សាកលលោក។ ក្រុម​ភេរវជន​អាច​នឹង​ប្រើប្រាស់​មេរោគ​ផលិត​អាវុធ​ជីវ​សាស្ត្រា ឬ​គ្រាប់បែក​ជីវសាស្ត្រ ដែលមាន​ឥទ្ធិពល​ហើយ​ចាប់ផ្តើម​ទម្លាក់​វា​ទៅកាន់​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន ក្រោយមក​មេរោគ​អាច​ឆ្លង​ចូលខ្លួន​មនុស្ស​បន្ត​គ្នា​តែម្តង។

គួរ​បញ្ជាក់ថា Ebola ដែលជា​ប្រភេទ​មេរោគ​ឆ្លង​ចូលទៅក្នុង​ខ្លួន​មនុស្ស ចាប់​កកើត​ដំបូង​ឆ្នាំ ១៩៧៦ នៅ​តំបន់​មួយ​ក្បែរ​ប្រទេស​ស៊ូដង់​ហើយ​បន្ត​រីក​រាលដាល​បន្តទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ហ្កុ​ង​កូ ហើយ​ក្រោយ​ក៏​បន្ត​ឆ្លង​ទៅដល់​ភូមិ​មួយ​ក្បែរ​ទន្លេ Ebola ទើបបាន​គេ​ដាក់ឈ្មោះ​វា​បែបនេះ​ទៅ។យ៉ាងណាក៏ដោយ​អេ​បូ​ឡា​មិន​ឆ្លងតាម​ខ្យល់​នោះឡើយ តែ​វា​ឆ្លងតាម​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ដែលមាន​មេរោគ​នេះ។

តុល្យការ​ចុងក្រោយ​ដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក ចំនួន​អ្នកស្លាប់​បានកើត​ដល់​ជិត១០០០នាក់​ហើយ ប្រទេស​ដែល​រងគ្រោះ​ច្រើនជាងគេ​គឺ​ហ្គី​ណេ លី​បេ​រី និង​សេ​រា​ឡេ​អូន ខណៈ​នី​ហ្សេ​រី​យ៉ា ដែល​ទើប​ប្រកាសអាសន្ន​កាលពី​យប់មិញ​នោះ មាន​មនុស្ស២នាក់​ដែល​បាន​ស្លាប់៕





© រក្សាសិទ្ធិដោយ thmeythmey.com