កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ថា Costa ជាខ្សែប្រយុទ្ធពេញលេញ ខណៈ Chelsea ផ្តួល Everton
× លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានចាត់ទុក Diego Costa ថា ជាខ្សែប្រយុទ្ធពេញលេញម្នាក់ ក្រោយពីការទទួលជ័យជម្នះ ៦-៣ នៃក្រុមរបស់លោកលើក្រុម Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ប៉ុន្តែ លោកមានការខ្វល់ខ្វាយថា កីឡាករនៃក្រុមបដិបក្ខ នឹងព្យាយាមធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះទទួលកាតក្រហមបណ្តេញចេញ។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Costa បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Goodison Park ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេមាន៤គ្រាប់ក្នុងចំណោម៣ប្រកួត និងបានរក្សាការទទួលជ័យជម្នះរបស់ក្រុម Chelsea នៅដើមរដូវកាលនេះ។
លោក Mourinho បានទិញ Costa ក្នុងតម្លៃខ្លួន៣២លានផោន (ស្មើនឹង៥៣,១លានដុល្លារអាមេរិក) ពីក្លិប Atletico Madrid អំឡុងពេលបិទរដូវកាលដើម្បីបន្ថែមភាពមុតស្រួចបន្ថែមទៀតដល់ក្រុម Chelsea ដែលបានរកគ្រាប់បាល់បញ្ចូលទីចំនួន៧១គ្រាប់កាលពីរដូវកាលមុន។ តួលេខនេះបានតាមពីក្រោយក្រុមម្ចាស់ជើងឯក Manchester City (ដែលរកបាន១០២គ្រាប់) និងក្រុមជើងឯករង Liverpool (១០១គ្រាប់) កាលពីរដូវកាលមុន ប៉ុន្តែ លោក Mourinho រំពឹងថា នឹងមានគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះក្នុងក្រុមរបស់លោក។
លោក Mourinho បានឲ្យដឹងថា៖ «វាជាការបង្ហាញពីទម្រង់លេងពេញលេញមួយរបស់ខ្សែប្រយុទ្ធម្នាក់។ ទម្រង់លេងដ៏ល្អឥតខ្ចោះនេះមានគ្រប់ទិដ្ឋភាពទាំងអស់។ Diego មានឱកាសបីលើក ហើយរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់។ រូបគេជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ហើយគេផ្តល់ឲ្យយើងឱកាសជាច្រើន។ នៅចុងបញ្ចប់យើងជាអ្នកសម្លាប់នៅតំបន់ប្រយុទ្ធ»៕
លទ្ធផលនៃការប្រកួតគូផ្សេងទៀត
Burnley 0-0 Manchester United
Manchester City 0-1 Stoke City
Newcastle Utd 3-3 Crystal Palace
QPR 1-0 Sunderland
Swansea 3-0 West Brom
West Ham 1-3 Southampton
© រក្សាសិទ្ធិដោយ thmeythmey.com