កីឡាជាតិ
ជាតិ
ខ្សែបម្រើ ប៊ិន ចន្ថាធារី ស្ថិតក្នុងចំណោមកីឡាករ៥រូបដែលជ្រុះចេញពីបញ្ជី
× ក្រោយធ្វើការប្រមូលផ្តុំហ្វឹកហាត់អស់រយៈពេលជាង១សប្តាហ៍ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានធ្វើការជម្រុះកីឡាករចំនួន៥នាក់ក្នុងចំណោម៣០នាក់ដែលលោកបានជ្រើសរើស។
ខ្សែបម្រើឆ្នើមខ្មែរ-បារាំង នៃក្លិបភ្នំពេញក្រោន ប៊ិន ចន្ថាធារី ស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានកាត់ចេញ រីឯកីឡាករផ្សេងទៀតរួមមាន ខ្សែប្រយុទ្ធវ័យចំណាស់នៃក្លិបត្រាយអាស៊ី នុត ស៊ីនួន ខ្សែការពារក្រសួងការពារជាតិ ខែក ខេមរិន្ទ ខ្សែការពារ ឡាយ រស្មី និង ណុប តុលា នៃក្លិបខេត្តស្វាយរៀង។
ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា កំពុងតែប្រមូលផ្ដុំត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ធំប្រចាំ អាស៊ានគឺ AFF Suzuki Cup 2014 ដែលរៀបចំនៅទីក្រុងវៀងចន្ទន៍ ជាមួយប្រទេស ៤ ផ្សេងទៀតរួមមាន ម្ចាស់ផ្ទះឡាវ, មីយ៉ាន់ម៉ា, ទីម័រខាងកើត និង ប្រ៊ុយណេ ក្នុងខែ តុលា ខាងមុខ។
ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoonបានកោះហៅកីឡាករដែលប្រកបអាជីព ក្នុងស្រុកចំនួន ៣០ នាក់ទៅហ្វឹកហាត់ និង ប្រមូលផ្ដុំ នៅមជ្ឈមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី។
នេះជាការជម្រុះបេក្ខភាព៥នាក់ជាលើកដំបូង។ តាមព័ត៌មានពីថ្នាក់ដឹកនាំក្រុមកម្ពុជា កីឡាករទាំងអស់នឹងត្រូវហ្វឹកហាត់ទាំងក្នុងស្រុក និង ក្រៅស្រុក ហើយមានប្រកួតមិត្តភាពទាំងថ្នាក់ជាតិ និង អន្តរជាតិ ជាច្រើនប្រកួត មុនពេលចេញដំណើរទៅប្រទេសឡាវ។ កីឡាករទាំងអស់នឹងជម្រុះឱ្យសល់ត្រឹមតែ ២០ នាក់ចុងក្រោយ ពេលប្រកួតជម្រុះ AFF Suzuki Cup 2014 ។
បច្ចុប្បន្ន កីឡាករទាំង២៥នាក់មាន ៧ នាក់មកពីក្លិបជើងឯកលីកកម្ពុជា ៥ សម័យភ្នំពេញក្រោន, ៦ នាក់មកពីក្លិបបឹងកេត, ៥ មកពីក្លិបខេត្តស្វាយរៀង, ក្រសួងការពារជាតិចំនួន ៣ នាក់, ត្រាយអាស៊ី ២ នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ ១ នាក់ និង ណាហ្គាខប ១ នាក់។
លោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅ លោក Lee Tae Hoonជាគ្រូបង្វឹក ខណៈគ្រូជំនួយមាន៤រូប គឺលោក មាស ចាន់ណា (ណាហ្គាខប) លោក អ៊ុំ សាវង្ស (មន្ត្រីសហព័ន្ធ) លោក អ៊ុង កនយ៉ានិត (អគ្គស្នងការដ្ឋាននគរបាលជាតិ) និងលោក ប្រាក់ វ៉ាន់នី (ភ្នំពេញក្រោន-គ្រូចាំទី)។ មន្ត្រីពីររូបទៀតមានលោក ហៃ សក្ខរី (គ្រូពេទ្យ) និងលោក លឹម វ៉ាន់ឌី (អ្នកបកប្រែភាសាកូរ៉េ)។
បញ្ជីឈ្មោះកីឡាករទាំង២៥រូប៖
អ្នកចាំទី៖ ស៊ូ យ៉ាទី (ភ្នំពេញក្រោន) អ៊ុំ វិចិត្រ (ក្រសួងការពារជាតិ) សរ សុភា(ស្វាយរៀង)
ខ្សែការពារ៖ កុក បូរីស,ហុង ផេង, ងយ ស្រ៊ីន (ភ្នំពេញក្រោន) ទូច បញ្ចរ៉ុង, រស់ សំអឿន, សុខ សុវណ្ណ (ចម្ការកៅស៊ូបឹងកេត) សឿយ វិសាល,មូល តារាវ័ន្ត (ស្វាយរៀង) ស៊ុន សុវណ្ណរិទ្ធី (ណាហ្គាខប) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាននគរបាលជាតិ)
ខ្សែបម្រើ៖ អ៊ុក សុធី,សុះ ស៊ូហាណា (ភ្នំពេញក្រោន) ចាន់ វឌ្ឍនាកា,ឈុន សុធារ័ត្ន (ចម្ការកៅស៊ូបឹងកេត) សួង វិរៈ (ភ្នំពេញត្រាយអាស៊ី) ឈិន ឈឿន (ក្រសួងការពារជាតិ) ប្រាក់ មុន្នីឧត្តម, ហូយ ផល្លីន (ស្វាយរៀង)
ខ្សែប្រយុទ្ធ៖ គួច សុកុម្ភៈ (ភ្នំពេញក្រោន) ឃួន ឡាបូរ៉ាវី (ចម្ការកៅស៊ូបឹងកេត) សុខ ចាន់រស្មី (ភ្នំពេញត្រាយអាស៊ី) ភួង សុខសាណា (ក្រសួងការពារជាតិ)៕
© រក្សាសិទ្ធិដោយ thmeythmey.com