សុខភាព
អន្តរជាតិ
WHO៖ អ្នកស្លាប់ដោយសាជំងឺអេបូឡាកើនច្រើនជាង១.៩០០នាក់ហើយ
× អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សច្រើនជាង១.៩០០នាក់ហើយបានស្លាប់ដោយសាតែជំងឺអេបូឡានៅតំបន់អាហ្វ្រិកខាងលិច និងបានព្រមានថា ការផ្ទុះនូវជំងឺដ៏កាចសាហាវបំផុតរបស់ពិភពលោកមួយនេះ នៅតែមានការកើនឡើងយ៉ាងខ្ពស់។
មន្ត្រីជំនាញសុខាភិបាលទូទាំងពិភពលោកបានចេញនូវការព្រមានរបស់ពួកគេកាលពីពេលថ្មីៗនេះថា មេដឹកនាំពិភពលោកចាំបាច់ត្រូវតែខិតខំព្យាយាមបន្ថែមទៀតដើម្បីគ្រប់គ្រងជំងឺរាតត្បាតមួយនេះ ដែលកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងបំផុតនៅប្រទេសហ្គីណេ សេរ៉ាឡេអូន និងលីបេរីយ៉ា។
ការផ្ទុះជំងឺអេបូឡា ដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយនឹងសារធាតុរាវរបស់អ្នកជំងឺផ្ទុកជំងឺនេះ បាននាំឲ្យមានការប្រកាសអាសន្នទូទាំងតំបន់នេះ ខណៈដែលក្រុមវិទ្យាសាស្ត្រកំពុងតែប្រវេសប្រវាស់ដើម្បីស្វែងរកថ្នាំព្យាបាល។
លោកស្រី Margaret Chan ប្រធាន WHO បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីងតោនថា៖ «នៅសប្តាហ៍នេះ យើងកំពុងតែធ្វើរបាយការណ៍នូវករណីចំនួន៣.៥០០នាក់់ដែលបានកើតនៅហ្គីណេ សេរ៉ាឡេអូន និងលីបេរីយ៉ា និងចំនួនមនុស្សស្លាប់ច្រើនជាង១.៩០០នាក់ ហើយការផ្ទុះនូវជំងឺនេះកំពុងតែកើនឡើង»។
តួលេខចុងក្រោយបំផុតនេះបង្ហាញពីការកើនឡើងក្នុងកម្រិតយ៉ាងលឿនពីចំនួនមនុស្សស្លាប់ចំនួន១.៥៥២នាក់ និង៣.០៦៩ករណីដែលត្រូវបានរាយការណ៍ដោយអង្គការមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះកាលពីថ្ងៃប៉ុន្មានថ្ងៃកន្លងទៅ៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com