កីឡាជាតិ
វ៉ា​ត់ ចំរើន៖ កម្ពុជា សង្ឃឹមថា​បាន​មេដាយ​យ៉ាងហោចណាស់ ១គ្រឿង​នៅ​កីឡា​អាស៊ី
05, Sep 2014 , 8:00 am        
រូបភាព
ដោយ:


លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​ការបង្ហាញ​មុខ​កីឡាករ កីឡាការិនី របស់​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ទ្វីបអាស៊ី (Asian Game) ឆ្នាំ ២០១៤ ដែល​រៀបចំ​នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង នា​ព្រឹក​ថ្ងៃទី ៥ កញ្ញា នេះ​ថា កម្ពុជា រំពឹង​ឈ្នះ​មេដាយ​យ៉ាងហោច​មួយ​ពី​ព្រឹត្តិការណ៍​កីឡា​នេះ។



កម្ពុជា​បាន​ត្រៀម​បញ្ជូន​កីឡា​ចំនួន ៨ ប្រភេទ​ទៅ​ចូលរួម​ប្រកួត​រួមមាន កីឡា​តេ​ក្វាន់​ដូ (កីឡាករ ១ នាក់ -កីឡាការិនី២នាក់), ចំបាប់ (កីឡាករ ២នាក់-កីឡាការិនី ២នាក់), វាយ​កូន​បាល់ (កីឡាករ ២នាក់ -កីឡាការិនី​ម្នាក់), យូ​ដូ (កីឡាករ​ម្នាក់), អត្តពលកម្ម (កីឡាករ៣នាក់), ហែល​ទឹក (កីឡាករ​ម្នាក់-កីឡាការិនី ម្នាក់), Short Tennis (កីឡាករ២នាក់) និង កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ (កីឡាករ២នាក់)។

លោក​អគ្គលេខាធិការ​បា​ន​បន្ថែមថា កីឡា​ដែលមាន​សក្ដានុពល​រប​ស់​កម្ពុជា នៅពេលនេះ​មាន អត្តពលកម្ម ដែល​កំពុង​ហ្វឹកហាត់​នៅ​ជប៉ុន, តេ​ក្វាន់​ដូ ធ្លាប់​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ចំនួន ២ លើក​មកហើយ, ចំបាប់ ធ្លាប់​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម និង ធ្លាប់​ចេញទៅ​សម​សមត្ថភាព​នៅ​ប្រទេស​ថៃ និង យូ​ដូ ដែល​កីឡាករ​កំពុងតែ​រស់នៅ និង ហ្វឹកហាត់ នៅ​ប្រទេស​បារាំង។

លោក ញាណ សុ​វិសាល ជា​នាយ​បេសកម្ម​ដឹកនាំ​ក្រុម​កម្ពុជា ទៅ​ចូលរួម​ក្នុង​កីឡា​ថ្នាក់​ទ្វីប​នេះ ដែល​សមាជិក​សរុប​ចំនួន ៣៦ នាក់ ខណៈ​កម្មវិធី​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៩ ខែ កញ្ញា រហូតដល់​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១។

យោងតាម​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​វិញ ករណី​ដែល​កីឡាករ​ណា​ម្នាក់​ដណ្ដើមបាន​មេដាយ​ត្រឡប់មកវិញ ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ​នឹង​ទទួលបាន​ដូចជា មេដាយមាស១ គ្រឿង នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ៨០ លាន​រៀល ចំណែក​មេដាយប្រាក់​នឹង​ទទួលបាន ៤០ លាន​រៀន និង មេដាយ​សំរឹទ្ធ ទទួលបាន ២៤ លាន​រៀល៕




© រក្សាសិទ្ធិដោយ thmeythmey.com