កីឡាជាតិ
ជាតិ
វីរបុរស​បាល់ទាត់​សិង្ហ​បុរី Duric ដឹកនាំ​កម្មវិធី Football Clinic ពេញ​មួយ​ព្រឹក​នៅ​ភ្នំពេញ
06, Sep 2014 , 4:34 pm        
រូបភាព
ដោយ: រួបរួម
លោក Aleksandar Duric អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​សិង្ហ​បុរី ដើមកំណើត​បូ​ស្ន៊ី បាន​ដឹកនាំ​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់​សម្រាប់​កុមារ (Football Clinic) កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៦ ខែសីហា នៅ​ទីលាន​ក្លិប KB ដោយមាន​ការចូលរួម​ពី​កុមារ​ជាង១០០នាក់។



កម្មវិធី​ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «RHB Little Kicks Big Different» ត្រូវបាន​រៀបចំឡើង​ដោយ​ធនាគារ​ម៉ាឡេស៊ី RHB Bangking Group ក្រោម​កិច្ចសហការ​ជាមួយ​ក្លិប​ណាហ្គា​ខ​ប និង​អង្គការ Indonchina Starfish Foundation (ផ្កាយ​សមុទ្រ)។


កីឡាករ Duric វ័យ៤៤ឆ្នាំ កំពុង​លេង​ឲ្យ​ក្លិប Tampines Rovers នៃ​ក្របខណ្ឌ​កំពូល​សិង្ហ​បុរី S-League ហើយ​លោក​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​នា​ខែតុលា​ខាងមុខ បន្ទាប់ពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យនេះ​ចាប់តាំងពី​ឆ្នាំ១៩៩២មក ជាមួយ​ក្លិប​ជាច្រើន និង​បម្រើ​ឲ្យ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ចន្លោះ​ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១២  ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២៧គ្រា​ប់នាការ​បង្ហាញខ្លួន​ចំនួន៥៤លើក។

កីឡាករ Duric បាន​អះអាងថា លោក​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែលមាន​ឱកាស​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ដល់​កុមារ​កម្ពុជា នា​វត្តមាន​របស់លោក​ជា​លើក​ទី​បី​នៅក្នុង​ប្រទេស​នេះ។

លោក Lim Loong Seng ប្រធាន និង​នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស​នៃ​ធនាគារ RHB បាន​លើកឡើងថា ក្រៅពី​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម ធនាគារ​របស់លោក​ក៏​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​សហគម​ន៍​ផងដែរ ជាពិសេស​ការលើកទឹកចិត្ត​កុមារ​ដែល​ស្រឡាញ់​វិស័យ​បាល់ទាត់។

RHB ដែលជា​ធនាគារ​ធំជាងគេ​លំដាប់​ទី៤របស់​ម៉ាឡេស៊ី បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​មួយ​ដ៏​សំខាន់​នៅក្នុង​ក្របខណ្ឌ​កីឡាបាល់ទាត់​របស់​សិង្ហ​បុរី  ហើយ​ការរៀបចំ​កម្មវិធី « «RHB Little Kicks Big Different» គឺ​ដើម្បី​រំលឹក​ខួប១០ឆ្នាំ​នៃ​ព្រឹត្តិការណ៍ RHB Singapore Cup ដែល​ក្លិប​ណាហ្គា​ខ​ប និង​ស្វាយរៀង បាន​ចូលរួម​កាលពី​រដូវ​កាល​មុន។

ក្រៅពី​កម្មវិធី Football Clinic ជាមួយ​ក្រុម​កុមារ កីឡាករ​ឆ្នើម Duric ក៏បាន​ចូល​លេង​នៅក្នុង​ការប្រកួត​មិត្តភាព​រវាង​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្រុម​បុគ្គលិក​ធនាគារ RHB ផងដែរ ។ សម្រាប់​ការប្រកួត​ដែលមាន​រយៈពេល៣០នាទី កីឡាករ Duric បាន​ចូល​លេង​ក្នុង​តង់​ទី១ ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី១គ្រាប់​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា។

នៅក្នុង​ការប្រកួត​មិត្តភាព​នេះ ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ព្រីង សំរាំង អ្នក​ថតរូប​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​យកឈ្នះ​ក្រុម​ធនាគារ RHB ក្នុង​លទ្ធផល ៧-១ ដែល​ក្នុងនោះ លោក លាង ផាន់​ណា​រ៉ា នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ធ្វើបាន​សម្រេច​តែម្នាក់ឯង​រហូតដល់​ទៅ៥គ្រាប់៕

ពីធី​ចែករង្វាន់​ដល់​ក្រុម​កុមារ​ដែល​ទទួល​បាន​ជ័យ​ជម្នះ


ការ​ប្រកួត​រវាងក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ និង​បុគ្គ​លិក​ធនាគារ RHB


ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ឈ្នះបុគ្គលិកធនាគារ RHB ៧-១


កីឡាករ លាង ផាន់ណារ៉ា អ្នក​គ្រប់គ្រង​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ស៊ុត​បាល់បញ្ចូលទី​ចំនួន​៥គ្រាប់





© រក្សាសិទ្ធិដោយ thmeythmey.com