កីឡាជាតិ
ជាតិ
សៀវម៉ី បានមេដាយមាសពី Asian Games ជូនជាតិ ប៉ុន្តែប្រឈមធ្លាក់បាក់ឌុបលើកទីពីរ កីឡាការិនី ស៊ន សៀវម៉ី សាងប្រវត្តិសាស្ត្រថ្មីក្នុងការដណ្តើមបានមេដាយមាសពី Asian Games។ រូបថត AFP
× ស្មាមួយអំរែកពីរពិតជាពិបាកណាស់ ពិតជាត្រូវបោះបង់មួយចោលហើយ។ នេះជាករណីដែលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវប្រឈម ដោយនាងត្រូវជ្រើសរើសរវាងការសិក្សា និងតំណាងជាតិក្នុងវិស័យកីឡា។ តើសៀវម៉ី អាចមានឱកាសកាន់សញ្ញាបត្របាក់ឌុប ដូចនាងកាន់មេដាយមាសទាំងស៊ីហ្គេម និង Asian Games ដែរឬទេ?
នៅមុនប្រឡងសញ្ជាបត្រមធ្យមសិក្សាទុតិយភូមិ កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ មិនសូវបានសិក្សារៀនសូត្រដើម្បីត្រៀមប្រឡងឡើយ ដោយសារតែនាងមានការមមាញឹកយ៉ាងខ្លាំងសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ នាងដណ្តើមមេដាយមាសជូនជាតិ។
លទ្ធផលនៃការរៀបចំការប្រឡងដ៏តឹងរ៉ឹងរបស់រដ្ឋមន្ត្រីក្រសួងអប់រំថ្មី លោក ហង់ ជួន ណារ៉ុន លទ្ធផលបានបង្ហាញថា សៀវម៉ី រួមទាំងមិត្តភក្តិក្នុងក្រុមតេក្វាន់ដូរបស់នាងផ្សេងទៀត ដែលក្នុងនោះមាន ឈឿង លីណា (មេដាយសំរិទ្ធស៊ីហ្គេម) និងបាន ខេមរា ជាដើមនោះ សុទ្ធតែបានប្រឡងធ្លាក់។ អត្តពលិកផ្សេងទៀតដែលជាប់បំពេញភារកិច្ចក្នុងស៊ីហ្គេមកន្លងមក ក៏មានអ្នកធ្លាក់ផងដែរ។
សម្រាប់ឱកាសប្រឡងបាក់ឌុបលើកទីពីរដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី១៣ ខែតុលា ខាងមុខ សៀវម៉ី ក៏ដូចជា បាន ខេមរា ហាក់ដូចជាមានសង្ឃឹមតិចបំផុត ពីព្រោះពួកគេមិនមានឱកាសរៀននោះឡើយ។ ចំពោះ ស៊ន សៀវម៉ី ថ្វីដ្បិតតែខកខានឱកាសត្រៀមប្រឡងក៏ពិតមែន ប៉ុន្តែនាងបានក្លាយជាវីរនារីរបស់កម្ពុជា តាមរយៈការដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រពីព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី Asian Games នៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ទង់ជាតិ និងភ្លេងជាតិកម្ពុជា ត្រូវបានបង្ហូត និងចាក់ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។
សៀវម៉ី បានបញ្ចប់កំណត់ត្រានៃការមិនទទួលមេដាយសោះរបស់កម្ពុជា បើគិតចាប់តាំងពីឆ្នាំ១៩៧០ និងជាមេដាយមាសលើកដំបូង បើគិតចាប់តាំងពីកម្ពុជាចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ កាលពីឆ្នាំ១៩៥៤មក។
ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានសម្តែងការអបអរសាទរ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននាំគ្នាប្តូរ Profile ដាក់រូបរបស់ សៀវម៉ី ដើម្បីសម្តែងការដឹងគុណនូវអ្វីដែលនាងសម្រេចបានជូនជាតិមាតុភូមិ។
គេមិនដឹងថា ក្រសួងអប់រំ យុវជន និងកីឡា អាចមានលក្ខខណ្ឌអនុគ្រោះ យ៉ាងណានោះឡើយចំពោះ ករណីរបស់សៀវម៉ី និងអត្តពលិកដទៃ ពីព្រោះនាពេលត្រៀមប្រកួតលក្ខណៈអន្តរជាតិ ពួកគេត្រូវបានប្រមូលផ្តុំការហ្វឹកហាត់ក្រោមការរៀបចំរបស់ក្រសួងផ្ទាល់តែម្តង ដូច្នេះថ្នាក់ដឹកនាំរបស់ក្រសួងពិតជាបានដឹងច្បាស់ពីផលលំបាករបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com