កីឡាជាតិ
ជាតិ
សៀវម៉ី៖​ អត្តពលិក​ទីមួយ​ដែល​ឈ្នះ​មេដាយ​មាស​ទាំងស៊ីហ្គេម និង Asian Games
05, Oct 2014 , 8:15 pm        
រូបភាព
សៀវម៉ី​ថតកាលពី​ឆ្នាំ​២០១៣ ។ រូបថត ហ្វេសប៊ុក
សៀវម៉ី​ថតកាលពី​ឆ្នាំ​២០១៣ ។ រូបថត ហ្វេសប៊ុក
ដោយ:
មហាជន​ជា​ច្រើន​​សុទ្ធ​តែ​បាន​ដឹង​ថា​កីឡា​ការិនី ស៊ន សៀវម៉ី ផ្នែក​កីឡា​តេក្វាន់ដូ ទម្ងន់​ក្រោម ៧៣ គីឡូក្រាម បាន​នាំ​មេដាយ​​មាស​មក​ពី​កីឡា​ Asian Games 2014 ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ប៉ុន្ដែ​​មាន​អ្នក​ខ្លះ​មិន​ទាន់​ស្គាល់​រូប​នាង​ច្បាស់​នៅ​ឡើយ​នោះ​ទេ។



កីឡា​ការិនី ស៊ន សៀវ​ម៉ី កើត​នៅ​ថ្ងៃ​ទី​១៤ ​កញ្ញា ១៩៩៥ ​ក្នុង​រាជធានី​ភ្នំពេញ។ ​ឪពុក​ឈ្មោះ​ស៊ន ម៉េ​ហ៊ា​ង (ស្លាប់) ម្តាយ​ឈ្មោះ​សួន ចាន់​ធី អាយុ​៥៩​ឆ្នាំ។ នាង​មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់ ​ស្រី​៣​នាក់ ​ប្រុស​៣​នាក់ ហើយ​នាង​គឺជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ។ ស៊ន អេលីត និង ស៊ន ដាវីន ជើង​ខ្លាំង​ក្នុង​ជម្រើស​ជាតិ​កម្ពុជា គឺ​ជា​បង្កើត​របស់​នាង។

ដោយ​សារ​មាន​បងៗ ជា​អ្នក​កីឡា​ទើប​នាំ​ទឹកចិត្តជាពិសេស​បង​ប្រុសឈ្មោះ ស៊ន អេលីត និង​បង​ស្រីឈ្មោះ ស៊ន ដាវីន​ កញ្ញា សៀវម៉ី ឈាន​ជើង​ចូល​កីឡា​តេក្វាន់ដូ​ដែរ ក្រោម​​ការ​ជួយ​ជំរុញ​ពី​លោក​គ្រូ​បង្វឹក​ជនជាតិ​​កូរ៉េ​ខាងត្បូង ឆ​យ យ៉ុ​ង​សុក អស់​រយៈ​ពេល ៤ ឆ្នាំ​ហើយ​គិត​ត្រឹម​ពេល​នេះ។

ទោះ​​មាន​បងៗ ជា​​អ្នក​​កីឡា​តេក្វាន់ដូ ក៏​ពិត​មែន ប៉ុន្ដែ​សៀវម៉ី ទើប​តែ​ចូល​ហ្វឹកហាត់​តេក្វាន់ដូ នៅ​ឆ្នាំ ២០១០ ប៉ុណ្ណោះ។ នាង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​នៅ​​អន្តរជាតិ​ចំនួន ៦ គ្រឿង​សំខាន់ៗ រួម​មាន មេដាយ​ ប្រាក់ (Asean Championship ឆ្នាំ ២០១១), មេដាយ​សំរឹទ្ធ​ (ស៊ីហ្គេម​ឆ្នាំ ២០១១), មេដាយ​សំរឹទ្ធ (Asian Tekwando Championship 2012), មេដាយ​សំរឹទ្ធ (Asean University 2011), មេដាយ​មាស (ស៊ីហ្គេម​ឆ្នាំ​២០១៣), មេដាយ​មាស (Asian Games 2014) ៕

សម្រាប់ព័ត៌មាន​ទាក់ទង​នឹង​គ្រួសារ​របស់ សៀវម៉ី សូម​ចូល​អាន៖ ម្តាយ​សៀវម៉ី រំភើប​ស្ទើរ​សម្រាន្តមិនលក់​




© រក្សាសិទ្ធិដោយ thmeythmey.com