សុខភាព
អន្តរជាតិ
អឺរ៉ុប​ព្រមាន​ថា បន្លែ​ពី​វៀតណាម មាន​បាក់តេរី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព
08, Oct 2014 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំងនោះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



បណ្ដាញ​ព័ត៌មាន​ក្នុងប្រទេស​វៀតណាម បាន​ផ្សាយ​ថា ចាប់តាំងពី​ខែ​ថ្ងៃទី១ ខែកុម្ភៈ​ដើមឆ្នាំ​នេះ​មក អគ្គនាយក​គណៈកម្មកា​រ​អឺរ៉ុប ទទួលបន្ទុក​ផ្នែក​សុខភាព​និង​អតិថិជន​ត្រូវបាន​ជូនដំណឹង​ចំនួន​បី​ដង​រួចមកហើយ ពាក់ព័ន្ធ​នឹង​បន្លែ​និង​ផ្លែឈើ ដ៏​កខ្វក់​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​ចូលទៅក្នុង​សហភាព​អឺរ៉ុប។

ការហាម​ប្រាម​លើ​ការ​នាំចូល​បន្លែ​ផ្លែឈើ ពី​វៀតណាម​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប​នេះ​នឹងត្រូវ​បានចេញ​ប្រសិនបើ​ករណី​ស្រដៀង​គ្នា​ចំនួន​ប្រាំ ត្រូវបាន​គេ​រកឃើញថា ជាការ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ។

សហគមន៍​អឺរ៉ុប​ក៏បាន​ព្រមាន​ហាមឃាត់​ការនាំ​ចូល​ប្រអប់​ឈើ​ពី​ប្រទេស​វៀតណាម​ផងដែរ​ប្រសិនបើ​អឺរ៉ុប​រកឃើញ​ករណី​ចំនួន ៥ ផ្សេងទៀត ទាក់ទង​នឹង​បាក់តេរី​បង្ក​គ្រោះថ្នាក់ ដែល​គេ​ងា​ចរក​ឃើញ​នៅក្នុង​ប្រអប់​ទាំងនោះ នៅក្នុង​អំឡុងពេល​ដូចគ្នា​ខាងលើ។

នាយកដ្ឋាន​ទីផ្សារ​អ៊ឺរ៉ុប​បាន​វាយតម្លៃថា​ក្នុងស្ថានភាព​នេះ​មិន​ត្រឹមតែ​បន្លែ​ផ្លែឈើ​វៀតណាម តែប៉ុណ្ណោះ​ទេ ដែល​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​វៀតណាម​នៅក្នុង​ទីផ្សារ​ពិភពលោក​នឹងត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ។

ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០១៤នេះ​ប្រទេស​វៀតណាម​រកចំណូលបាន​ជាង១,១៤ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការដឹកជញ្ជូន​បន្លែ​ផ្លែឈើ​ទៅកាន់​ទីផ្សារ​ពិភពលោក​ហើយ​មានការ​រំពឹងទុក​ថា វៀតណាម​នឹង​ទទួលបាន​ប្រាក់ចំណូល ១,២ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ផ្លែឈើ​និង​បន្លែ ន​សម្រាប់​ឆ្នាំ២០១៤ នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com