កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
Stoch ជួយ​ឲ្យ​​ស្លូ​វ៉ា​គី​ផ្តួល​ម្ចាស់​ជើង​ឯក​​អេ​ស្ប៉ាញ
10, Oct 2014 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
Miroslav Stoch អតីត​ខ្សែ​បម្រើ​របស់​ក្រុម Chelsea បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំ​ណាញ់​នៅក្នុង​រយៈ​ពេល​៣​នាទី​ចុង​ក្រោយ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស្លូ​វ៉ា​គី បានផ្តួលក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប អេ​ស្ប៉ាញ ក្នុង​លទ្ធ​ផល ២-១ ក្នុង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ ក្នុង​ទីក្រុង Zilina កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ បច្ចុប្បន្ន ក្រុម​នៅ​ភាគ​កណ្តាល​អឺ​រ៉ុប​មួយនេះ កំពុង​តែ​ឈរលេខ​១​ក្នុង​ពូល C ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ​ដ៏​​រំ​ភើប​មួយ​នេះ បើ​ទោះ​បី​​លោក Vicente Del Bosque គ្រូ​បង្វឹក​របស់​អេ​ស្ប៉ាញ នឹង​មិន​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំង​ជា​មួយ​នឹង​​ការ​ប្រកួត​ជម្រុះមួយ​នេះ​ក៏ដោយ​។ នេះ​គឺ​ជា​ការ​ទទួល​បរា​ជ័យ​ជា​លើក​ទី​១​ក្នុង​ការ​ប្រកួត​​ជម្រុះ​របស់​​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បើគិត​ចាប់​តាំង​ពី​ឆ្នា​២០០៦​។



លោក Del Bosque ដែល​បាន​បដិ​សេធ​មិន​ធ្វើការ​ស្តី​បន្ទោស​ឲ្យ​កីឡាករ​របស់​លោក បាននិយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​បាន​រំពឹង​ថា នឹងមាន​​លទ្ធ​ផលនេះ​ឡើយ វា​កើត​ឡើង​ដោយ​​មិន​បាន​រំ​ពឹង​ទុក​​។ យើង​គួរ​តែ​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន ប៉ុន្ត យើង​បាន​​រក​នូវ​ការ​ខកចិត្ត​តាម​រយៈ​ការ​វាយ​បក​វិញ​»​។

លោក​បាន​ប្រាប់​បន្ត​ថា៖ «នេះ​​ហើយ​ជា​ការ​ប្រកួត​កីឡា​បាល់​ទាត់ យើង​មិន​អាច​ស្តី​បន្ទោស​លើ​កីឡា​ករ​បាន​ឡើយ​។ យើង​មាន​ការ​អត់​ធ្មត់ ប៉ុន្តែ យើង​ធ្វើមិន​បាន​សម្រេច ហើយ​អ្នក​ចាំ​ទី​របស់​ពួក​គេ​ពិត​ជា​បំ​ពេញ​តួនាទី​បាន​យ៉ាង​ល្អ​»​។

លោក Del Bosque បាន​បន្ថែម​ទៀត​ថា៖ «វា​ជា​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជា​លើក​ទី​១​របស់​យើង​ក្នុង​ចំ​ណោម​ការ​ប្រកួត​២៨​លើក​។ យើង​​បាន​តាម​ស្មើ ប៉ុន្តែ បន្ទាប់​មក មិន​អាច​​ទប់​ទល់​នឹង​ការ​វាយ​​សម្រុក​នៅ​នាទី​ចុង​ក្រោយ​របស់​ពួក​គេ​»​។

ក្រោយ​ពី​​ដេញ​តាម​ពីក្រោយ​​អស់​រយៈ​ពេល​៦៥នាទីក្នុង​ការ​ប្រកួត​នេះ បន្ទាប់​ពី​មានគ្រាប់​បាល់​ពិន័យ Free-kick របស់​កីឡាករ Juraj Kucka ពួក​គេ​​ស្ទើរ​តែ​​ទទួល​បាន​១​ពិន្ទុ​ទៅ​ហើយ​តាម​រយៈ​ការ​រក​គ្រាប់​បាល់​តាម​ស្មើ​របស់​កីឡាករ Paco Alcacer នៅ​រយៈ​ពេល​៨នាទី​ចុង​ក្រោយ​។ ប៉ុន្តែ ជា​មួយ​នឹង​ការ​​នៅ​សល់​ត្រឹម​តែ​​រយៈ​ពេល​៣​នាទី​ចុង​ក្រោយ ក្រុម​ជម្រើស​ជាតិ​ស្លូ​វ៉ា​គី​បាន​ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង ខណៈ​ដែល​​ប្រធាន​ក្រុម Marek Hamsik លេង​បាន​​យ៉ាង​ល្អ​ជាមួយ​នឹង​កីឡាករ Michal Duris នៅ​តំបន់​ខាង​ស្តាំ​ដើម្បី​​បញ្ជូន​បាល់​ឆ្លង​ទៅ​ឲ្យ Stoch រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​តែ​ម្តង​។

ស្រប​ពេល​ជា​មួយ​គ្នានោះ នៅ​ឯ​កីឡ​ដ្ឋាន Wembley ឯ​នោះ​វិញ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​​បាន​កត់​ត្រា​​ជ័យ​ជម្នះ​​ពីរ​លើក​ពី​២​ប្រកួត​ជាមួយ​នឹង​​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ ៥-០ លើ​ក្រុម​​ប្រទេស​ដ៏​តូច សាំ​ម៉ា​រ៉ាំង​​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍
ជម្រុះ Euro ឆ្នាំ​២០១៦

ពូល C
Belarus 0-2 Ukraine
Macedonia 3-2 Luxembourg
Slovakia 2-1 Spain
ពូល E
England 5-0 San Marino
Lithuania 1-0 Estonia
Slovenia 1-0 Switzerland
ពូល G
Liechtenstein 0-0 Montenegro
Moldova 1-2 Austria
Sweden 1-1 Russia

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com