កីឡាជាតិ
សុក ចាន់​រស្មី ស៊ុត​បាល់​​បញ្ចូល​ទី​៣គ្រាប់​នាំ​កម្ពុជា​ឈ្នះ​ទីម័រ​ខាងកើត ៣-២
16, Oct 2014 , 5:13 pm        
រូបភាព
ខ្សែប្រយុទ្ធ សុក ចាន់​រស្មី បាន​ផ្តល់​ការ​រីក​រាយ​ដល់​ក្រុមជម្រើស​ជាតិ​កម្ពុជា​ដោយ​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូលទីចំនួន​៣គ្រាប់​តាមពីក្រោយ​ទីម័រខាងកើតដែល​បាន​នាំមុខ​មុន ២-០ នា​ជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤ នៅ​ប្រទេសឡាវ។



រស្មី​បាន​ចូល​ជំនួស ងយ ស្រ៊ីន នៅ​តង់ទីពីរ​ដើម្បីនាំសំណាង​ដល់កម្ពុជា។ ខ្សែបម្រើ Anggisu Barbosa ដែល​លេងឲ្យក្លិប Sriracha Ban Bueng FC របស់​ថៃ បាន​រក​គ្រាប់​បាល់​បញ្ចូលទី​នាំមុខ​ឲ្យទីម័រ​ខាងកើតនៅ​ក្នុងនាទី ទី​២១ ។ Filipe Santos ដែល​កំពុង​លេងឲ្យក្លិប​ថ្នាក់​តំបន់ Luziania របស់​ប្រេស៊ីល បន្ថែម​បានគ្រាប់ទីពីរនៅ​ក្នុងនាទីទី​៥១ ។

នៅនាទី ទី​៦៣ សុក ចាន់រស្មី វាយ​បក​តាមពីក្រោយមួយ​គ្រាប់​សម្រាប់​កម្ពុជា ក្រោយការ​បញ្ជូន​របស់​ប្រាក់ មុន្នីឧត្តម។ នៅនាទី ទី​៧៣ រស្មី បាន​តែតបាល់​បញ្ចូលទី​តាម​ស្មើ​សម្រាប់​ក្រុម​កម្ពុជា​។ នៅនាទី ទី​៨២ រស្មី បន្ថែម​បាន​មួយគ្រាប់​ទៀត​ដែល​ជាគ្រាប់​បាល់​នាំកម្ពុជា​ទទួលបាន​បីពិន្ទុពីការ​ប្រកួត។

ជម្រើស​របស់កម្ពុជា៖ ស៊ូ យ៉ាទី (អ្នក​ចាំទី) មូល តារាវ័ន្ន, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ (ប្រធានក្រុម) សុះ ស៊ូហាណា (ប្រាក់ មុន្នីឧត្តម ៥៤’), ងយ ស្រ៊ីន (សុក ចាន់រស្មី), ស៊ុន​ សុវណ្ណ​រិទ្ធី, ភួង សុខសាណា (ចាន់ វឌ្ឍនាកា ៣៤’), សាយ ពិសិដ្ឋ និង ហុង ផេង៕



© រក្សាសិទ្ធិដោយ thmeythmey.com