សុខភាព
អន្តរជាតិ
មេដឹកនាំអាហ្វ្រិកអំពាវនាវឲ្យពិភពលោកបន្តសង្គ្រាមប្រឆាំងអេបូឡា
× ប្រធានាធិបតី នីហ្សេរីយ៉ា បានអំពាវនាវទៅកាន់មេដឹកនាំពិភពលោក និងសហគមន៍អន្តរជាតិទាំងមូលអោយបន្តយុទ្ធនាការប្រឆាំងនឹងមេរោគឆ្លងដ៏សាហាវអេបូឡា ដើម្បីធានាថាករណីឆ្លងថ្មីលែងមាននៅលើពិភពលោល។ ការអំពាវនាវជាសាធារណៈរបស់ប្រធានាធិបតីរូបនេះកើតឡើងក្រោយពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសថាប្រទេសនីហ្សេរីយ៉ាគ្មានករណីឆ្លងមេរោគអេបូឡាទៀតឡើយ។លោក ជាវ សំណាង លម្អិតព័ត៌មាននេះ!
ស្តាប់សំឡេង
មេដឹកនាំនីហ្សេរីយ៉ាលោក Goodluck Jonathanបានអំពាវនាវជាសាធារណៈទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសស្ថាប័ទទួលបន្ទុកកិច្ចការសុខាភិបាលអោយបន្តយុទ្ធនាការប្រឆាំងមេរោគឆ្លងអេបូឡាអោយមាននិរន្តរភាព ដើម្បីធានាថាគ្មានករណីឆ្លងថ្មីនៃមេរោគនេះទៀតឡើយនៅលើពិភពលោក។ លោកបានអះអាងថា នីហ្សេរីយ៉ាបានទទួលជោគជ័យក្នុងការកម្ចាត់និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេបូឡានេះ ហើយលោកជឿជាក់ថាពិភពលោកទាំងមូលក៏អាចធ្វើបានដែរដោយមានការសហការគ្នាជិតស្និទ្ធ និងជ្រើសរើសវិធានការសមស្របតាមតំបន់នីមួយ។
ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីជាពេលនេះនីហ្សេរីយ៉ាអាចទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេបូឡានេះក៏ដោយ ក៏នីហ្សេរីយ៉ានៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគឆ្លងនេះដែរ។ មកទល់ពេលនេះ មេរោគអេបូឡាកំពុងវាយលុកខ្លាំងនៅអឺរ៉ុប ដោយការរីករាលដាលនៃមេរោគនេះវារហ័សខ្លាំង ហើយអ្វីដែលសំខាន់បណ្តាប្រទេសទាំងនោះបានចំណាយលុយរាប់រយលានដុល្លារដើម្បីទប់ស្កាត់មេរោគឆ្លងនេះ។
ដោយឡែកគេដឹងថា ការប្រកាសរបស់ស្ថាប័នសុខភាពពិភពលោកថានីហ្សេរីយ៉ាលែងមានមេរោគអេបូឡាហើយក្រោយពេលដែលស្ថាប័នជំនាញបានចំណាយពេលប្រាំមួយសប្តាហ៍ដើម្បីត្រួតពិនិត្យមើលករណីឆ្លងមេរោគនេះ ប៉ុន្តែមិនមានករណីឆ្លងថ្មីទៀតឡើយ។ អ្នកតំណាងពិសេសរបស់អង្គការសុខភាពពិភពលោកលោកRui Gama Vaz បានថ្លែងពីរដ្ឋធានី Abuja ថាវាពិតជាគ្មានករណីឆ្លងមេរោគអេបូឡាថ្មីទៀតឡើយ នេះមានន័យថា នីហ្សេរីយ៉ាគ្មានមេរោគអេបូឡាឡើយនៅពេលនេះ។
ប្រទេសនីហ្សេរីយ៉ាមានករណីឆ្លងមេរោគអេបូឡាដំបូងបំផុតតាំងពីខែកក្កដាមកម្លេះមេរោគដ៏សាហាវនេះនាំមកដោយអ្នកការទូតរបស់ លីបេរីយ៉ា ដែលបំពេញការងារនៅនីសហ្សេរីយ៉ា។ យ៉ាងណាក៏ដោយករណីឆ្លងថ្មីនៃមេរោគនេះមិនមានទៀតឡើយ ក្រោយពេលស្ថាប័នសុខភាពពិភពលោកចំណាយពេលប្រមាណ៦សប្តាហ៍ដើម្បីតាមដាននិងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណីឆ្លងថ្មីនេះ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គការសុខភាពពិភពលោកក៏បានប្រកាសផងដែរថាប្រទេសសេនេហ្កាល់ក៏ជាប្រទេសដែលលែងមានករណីឆ្លងនៃមេរោគអេបូឡាផងដែរ។
គួរបញ្ជាក់ថាអេបូឡាវាជាប្រភេទជម្ងឺឆ្លងចូលទៅក្នុងខ្លួនមនុស្ស មេរោគនេះបង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៧៦ ក្នុងតំបន់មួយក្បែរប្រទេសស៊ូដង់ ហើយបន្តរីករាលដាលទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យហ្កុងកូ ក្រោយមកក៏បន្តឆ្លងទៅដល់ភូមិមួយក្បែរទន្លេអេបូឡាទើបបានជាគេដាក់ឈ្មោះវាបែបនេះទៅ។ មកទល់ពេលនេះមានមនុស្សប្រមាណជាង៤៥០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគអេបូឡា តែយ៉ាងណាក៏ដោយ មេរោគនេះមិនឆ្លងតាមខ្យល់ឡើយ តែវាឆ្លងតាមការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកផ្ទុកមេរោគនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com