កីឡាអន្តរជាតិ
ជាតិ
ពាន​រង្វាន់ AFF Suzuki Cup ជុំ​ផ្ដាច់ព្រ័ត្រ ចាប់​ផ្ដើម​ថ្ងៃ​នេះ​ហើយ
22, Nov 2014 , 10:14 am        
រូបភាព
ដោយ:
ពាន​រង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ 2014 AFF Championship (ASEAN Football Championship) ដែល​គេ​ហៅ​ឈ្មោះ​ជា​ផ្លូវការ​ថា AFF Suzuki Cup 2014 នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ​​ហើយ ដោយ​មាន​ ៨ ក្រុម​ចូលរួម ដោយ​វៀតណាម​​​​ និង សិង្ហបុរី ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ។



ក្នុង​ចំណោម​ប្រទេស​ដែល​ចូលរួម​ទាំង ៨ មាន ៦ ដូចជា​ វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ហ្វីលីពីន មាន​កៅអី​ចាំ​វគ្គ​នេះ​​ជា​ស្រេច ព្រោះ​មាន​ចំណាត់​​ប្រចាំ FIFA ល្អ​ជាង ខណៈ​ក្រុម​ឡាវ និង មីយ៉ាន់ម៉ា ជា​ក្រុម​ខ្លាំង​មក​​វគ្គ​ជម្រុះ​ក្នុង​ចំណោម ៥ ក្រុម ក្រោយ​មាន​​រក​បាន​ពិន្ទុ​ច្រើន​ជាង កម្ពុជា, ប្រ៊ុយណេ និង ទីម័រខាងកើត។

ក្រុម​ទាំង ៨ បាន​បែងចែក​ជា ២ ពូល ដោយ​ពូល A មាន​ម្ចាស់​ផ្ទះ​វៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង ឡាវ ត្រូវ​ប្រកួត​លើ​ទីលាន​​កីឡដ្ឋាន Mỹ Đình National Stadium និង Hàng Đẫy Stadium ក្នុង​ក្រុង​ហាណូយ។ ចំណែក​ពូល B មាន​ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ និង មីយ៉ាន់ម៉ា ប្រកួត​​នៅ​កីឡដ្ឋាន Jalan Besar Stadium និង National Stadium នៅ​ប្រទេស​​សិង្ហបុរី។

សម្រាប់​ការ​ប្រកូក​​ដំបូង​នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ​​​ធ្វើ​ឡើង​នៅ​ពូល A៖

• ហ្វីលីពីន ប៉ះ​ ឡាវ នៅ​ម៉ោង ៤ រសៀល
• វៀតណាម ប៉ះ ឥណ្ឌូណេស៊ី នៅ​ម៉ោង ៧ យប់

ពាន​រង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៦ ដែល​កាល​នោះ​ដាក់​ឈ្មោះ​ថា Tiger Cup ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ក្រុម​ហ៊ុន​មួយ​នេះ។ តែ​ក្រោយ​មក​ដល់​ឆ្នាំ​ ២០០៧ រហូត​ដល់​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ AFF Suzuki Cup ព្រោះ​ប្ដូរ​ម្ចាស់​ឧបត្ថម្ភ​ដែរ។ ចំណែក​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ដល់ ២០ ខែ ធ្នូ ឆ្នាំ ២០១៤។

ក្រុម​សិង្ហបុរី បាន​ចារ​ឈ្មោះ​ជា​អ្នក​គ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​​ដែល​តែងតែ​រៀបចំ​ឡើង​រាល់ ២ ឆ្នាំ​ម្ដង​នេះ ពោល​គឺ​៤ លើក តាម​ពី​ក្រោយ​ដោយ​ថៃ បាន ៣ លើក៕




© រក្សាសិទ្ធិដោយ thmeythmey.com